• 2018-01-20 05:15:00
  • ព័ត៌មាន

ក្រសួង​អប់រំ​ចង់បន្ថែម​មុខវិជ្ជា​ "ទេសចរណ៍​អាស៊ាន​" ឲ្យ​សិស្ស​វិទ្យាល័យ

  • 2018-01-20 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​គម្រោង​ក្នុង​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍​អាស៊ាន តាម​វិទ្យាល័យ ដើម្បី​ជំរុញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ២០១៧-២០២៥។

កម្មវិធី​សិក្សា​ទេសចរណ៍​អាស៊ាន ត្រូវ​បាន​បង្ហាញ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី "សេចក្ដី​ព្រាង​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស" នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨​មករា។

ក្រសួង​អប់រំ និង​ក្រសួង​ទេសចរណ៍ រំពឹង​ថា កម្មវិធី​ខាងលើ​នឹង​ជួយ​តម្រង់​ទិស​ការ​បណ្ដុះបណ្ដាល​ជំនាញ​អាស៊ាន​ឲ្យ​កាន់តែ​ផុសផុល​បន្ថែម​ទៀត ដល់​សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ ក៏ដូចជា​តម្រង់​ទិស​ការ​បណ្តុះ​បណ្តាល​ឲ្យ​ត្រូវ​ទៅ​នឹង​ឧបនិស្ស័យ​របស់​សិស្ស និង​ត្រូវ​តាម​កាលានុវត្តភាព​ទីផ្សារ​ការងារ​ក្នុង​ប្រទេស និង​តំបន់។

ក្រសួងនឹងរៀប​ចំ​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​កម្មវិធី​បណ្តុះ​បណ្តាល​អាស៊ាន​នេះ ដោយសម្រេច​ជ្រើសរើស​សាលា​ចំនួន​៣ រួមមាន ១- មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព​កម្ពុជា-ជប៉ុន ខេត្ត​សៀមរាប ២- វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​កំពង់​ឈើទាល ខេត្ត​កំពង់ធំ និង​៣- ​វិទ្យាល័យ ចំណេះ​ទូទៅ​និង​បច្ចេកទេស​សន្តហ្រ្វង់ស្វ័រ ខេត្ត​តាកែវ លើ​ជំនាញ​អាទិភាព​រួមមាន សេវាកម្ម​ម្ហូប​អាហារ និង​ភេសជ្ជៈ (Food and Beverage) ការិយាល័យ​ជួរ​មុខ (Front Office) ជំនាញ​ចុងភៅ និង​ធ្វើនំ (Cookery and Bakery) គេហកិច្ច (Housekeeping) និង​ជំនាញ​នាំភ្ញៀវ​ទេសចរ (Guiding )​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់