• 2018-02-05 04:38:32
  • ការអប់រំ

យុវជន​ឆ្នើម​ម្នាក់ លះបង់​ប្រាក់​សន្សំ​ ៥ឆ្នាំ បើក​បណ្ណាល័យ​ ព្រោះ​ហេតុផល​មួយ (មានវីដេអូ)

  • 2018-02-05 04:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ សុខ ឡាក់ បាន​លះបង់​ប្រាក់​ដែល​ខិតខំ​សន្សំ​អស់​រយៈពេល​ ៥ឆ្នាំ ពី​ការងារ​ជា​អ្នក​កាសែត​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​ មក​បើក​បណ្ណាល័យ​បញ្ញវន្ត ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​នៅ​តូច។ការ​បើក​បណ្ណាល័យ​បញ្ញវន្ត​ឡើង​ យុវជន វ័យ​៣០​ឆ្នាំ​ ដឹង​រួច​ហើយ​ថា​ ពុំ​អាច​រក​ប្រាក់​ចំណូល​ត្រឡប់​មក​វិញ​នោះ​ទេ។ តើ សុខ ឡាក់ គឺជា​នរណា?

ចុចអាន៖ ធ្លាប់​ជា​ក្មេង​រៀប​បន្ទប់​ និង​ប្រមូល​លុយ​​រៀន​ភាសា​អង់គ្លេស ក្លាយ​ជា​ CEO នៅ​ក្រុម​ហ៊ុន​អចលនទ្រព្យ

លោក សុខ ឡាក់ សហស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត

ប្រវត្តិ​សង្ខេប៖

សុខ ឡាក់ កើត​នៅ​ឆ្នាំ ១៩៨៧ មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ មាន​បងប្អូន​ចំនួន​ ៤នាក់ ប្រុស​២ ស្រី២ ហើយ​សុខ ឡាក់​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ។ យុវជន​ដែល​ស្រឡាញ់​ការ​អាន​តាំង​ពី​នៅ​តូច​មក​នេះ មាន​ឪពុក​ឈ្មោះ សុខ ហុង ជា​អ្នក​លក់​ចាប់​ហួយ និង​ម្ដាយ​ឈ្មោះ យូ គាង ជា​ស្រ្តី​មេផ្ទះ។

ប្រវត្តិ​ការ​សិក្សា

-ចាប់​ពី​ឆ្នាំ ១៩៩៤-២០០០ រៀន​នៅ​សាលា​បឋម​សិក្សា​ទួល​ស្លែង

-ចាប់​ពី​ឆ្នាំ ២០០០-២០០៣ រៀន​នៅ​អនុ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ

-ចាប់​ពី​ឆ្នាំ ២០០៣-២០០៦ រៀន​នៅ​វិទ្យាល័យ​យុគន្ធរ

-ចាប់​ពី​ឆ្នាំ ២០០៦-២០១០ រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍

-ចាប់​ពី​ឆ្នាំ ២០០៧-២០១២ រៀន​នៅ​មហាវិទ្យាល័យ​កម្ពុជា មុខ​វិជ្ជា​វិទ្យាសាស្ត្រ​អង់គ្លេស។

ចុចអាន៖ នៅ​​​ពី​​​ក្រោយ​ភាព​​​ជោគ​ជ័យ ​​​​អ្នក​​​​គ្រប់​​​គ្រង់​​​វ័យ​​​ក្មេង​​​រូប​​​នេះ មាន​​​ប្រវត្តិ​​​ធ្លាប់​​​ជា​​​អ្នក​​​ស៊ីឈ្នួល​​​លាង​​​ចាន​

ប្រវត្តិ​ការងារ

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា យុវជន សុខ ឡាក់ បាន​ប្រលូក​ការងារ​ដំបូង​ជា​អ្នក​យក​ព័ត៌មាន​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅ​អំឡុង​ឆ្នាំ ២១០។ មក​ដល់​ឆ្នាំ ២០១២-២០១៣ យុវជន​រូប​នេះ បាន​មក​ធ្វើ​ការ​នៅ​ទស្សនាវដ្ដី​ថ្ងៃ​នេះ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច។ លុះ​ដល់​ឆ្នាំ ២០១៥ យុវជន​រូប​នេះ បាន​បង្កើត​មាតិកា​ព័ត៌មាន​សេដ្ឋកិច្ច​មួយ​ឲ្យ​កាសែត​កោះ​សន្តិភាព។ នៅ​អំឡុង​ពេល​ធ្វើ​ការ​យុវជន​រូប​នេះ ក៏​មិន​ភ្លេច​ចង​ក្រង​ក្រុម ដើម្បី​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ផ្សេង និង​មាន​គំនិត​ចង់​បង្កើត​បណ្ណាល័យ។

ចុចទស្សនាវីដេអូ

ចំណង់​ចំណូល​ចិត្ត​តាំង​ពី​នៅ​កុមារភាព

រស់​នៅ​ក្នុង​គ្រួសារ​ដែល​ចូលចិត្ត​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ កុមារា សុខ ឡាក់ តែងតែ​ទៅ​បណ្ណាល័យ​ជាមួយ​ឪពុក​ ដើម្បី​មើល​សៀវភៅ និង​ទិញ​សៀវភៅ​ ដើម្បី​យក​មក​អាន ព្រម​ទាំង​ការ​បណ្ដុះ​គំនិត​ឲ្យ​ស្រឡាញ់​ធម្មជាតិ។ ការ​បណ្ដុះ​គំនិត​ពី​អាណាព្យាបាល​តាំង​ពី​តូច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កុមារា​ សុខ ឡាក់ មាន​ទម្លាប់​អាន​សៀវភៅ និង​មាន​និស្ស័យ​ខ្លាំង​នឹង​ការងារ​បណ្ណាល័យ​មក​ដល់​សព្វថ្ងៃ​នេះ។

ចុចអាន៖ ទោះ​មាន​បញ្ហា​ភ្នែក​ លោកតា​វ័យ​ ៨៦​ឆ្នាំ​ ជម្នះប្រណាំាង​កង់​រកថវិកា​ជួយ​កុមារ​ក្រីក្រ​

ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ណាល័យ​បញ្ញវន្ត

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​បណ្ដើរ​ សុខ ឡាក់ បាន​ឆ្លៀត​សន្សំ​លុយ​បណ្ដើរ ព្រោះ​មាន​គោល​គំនិត​ចង់​បង្កើត​បណ្ណាល័យ​ ដើម្បី​ចង់​បណ្ដុះ​ពុទ្ធិ​យុវជន ដូច​ដែល​ខ្លួន​ស្រឡាញ់​ការ​អាន និង​ចង់​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​នៅ​តូច។ ក្រោយ​ពី​សន្សំ​លុយ​បាន​រយៈពេល ៥ឆ្នាំ ពី​ការងារ​ជា​អ្នក​កាសែត​ផ្នែក​សេដ្ឋកិច្ច (២០១០-២០១៥)មក យុវជន សុខ​ឡាក់ បាន​សហការ​ជាមួយ​មិត្តភ័ក្ដិ​៣នាក់​ផ្សេង​ទៀត សម្រេច​ចិត្ត​បើក​បណ្ណាល័យ​បញ្ញវន្ត​ជា​សាធារណៈ​នៅ​អំឡុង​​ ខែ​មិថុនា ឆ្នាំ ២០១៦ ដែល​មាន​ទីតាំង​នៅ​ទល់​មុខ សាលា​ចិន ទួនហ្វា សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ។

ចុចអាន៖ មានអ្វីកើតឡើង បើរៀបការប្ដីថ្មីរួច​ឲ្យប្ដីដើមមករស់​នៅជាមួយ?

តើ​រហូត​មក​ទល់​នឹង​ពេល​នេះ បណ្ណាល័យ​បញ្ញវន្ត មាន​សៀវភៅ​ប៉ុន្មាន​ក្បាល​ដែរ?

ដោយសារ​ក្រុម​គ្រួសារ​សន្សំ​សៀវភៅ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ដូច្នេះ​ផ្ដើម​បើក​បណ្ណាល័យ​ដំបូង ឪពុក​ សុខ ឡាក់ បាន​ផ្ដល់​សៀវភៅ​ប្រហែល ២ ០០០ ក្បាល ហើយ​ក្រុម​ការងារ​ទិញ​ខ្លះ បូករួម​នឹង​សប្បុរស​ជន​មួយ​ចំនួន ដែល​បាន​ផ្ដល់​សៀវភៅ​ជា​បន្តបន្ទាប់​មក​ផង​នោះ រហូត​មក​ទល់​ពេល​នេះ មាន​ជាង ៣ ០០០ ក្បាល។ តួលេខ​នេះ មាន​សៀវភៅ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។ ចំពោះ​ប្រភេទ​សៀវភៅ​វិញ មាន​ដូចជា សៀវភៅ​ច្បាប់, សេដ្ឋកិច្ច, បរិស្ថាន, ប្រវត្តិសាស្ត្រ​ខ្មែរ និង អក្សរសាស្ត្រ​អង់គ្លេស​ផង​ដែរ។

ចុចអាន៖ លោក​យាយ​វ័យ​ ៦៨​ឆ្នាំពឹង​លើ​បន្លែ​ផ្លែ​ឈើ​មួយ​កញ្ច្រែង​​រកស៊ីចិញ្ចឹម​ម្ដាយ​វ័យ​ ៩៨ឆ្នាំ

តើ​លោក​ សុខ ឡាក់ បាន​ធ្លាប់​សិក្សា​ខ្លះ​ដែរ​ទេថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​ខ្មែរ​ មិន​សូវ​ចូលចិត្ត​អាន​សៀវភៅ ដូច​បណ្ដា​ប្រទេស​អភិវឌ្ឈន៍​មួយ​ចំនួន?

បើ​ផ្អែក​តាម​អ្វី​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​ខ្លះៗ និង​ស្រាវជ្រាវ​ ឃើញ​ថា តាម​ពិត​ទៅ​ជនជាតិ​ខ្មែរ​ចូលចិត្ត​អាន​ខ្លាំង​ណាស់ ជាក់ស្ដែង​សម័យ​អង្គរ។ ប៉ុន្ដែ ក្រោយ​សម័យ​លង្វែក ការ​បាត់​បង់​ឯកសារ និង​សង្គ្រាម​ច្រើន​លើក​ច្រើន​សារ ជាពិសេស​សម័យ​ខ្មែរ​ក្រហម ដែល​បាន​កម្ទេច​ឯកសារ​ស្ទើរទាំង​ស្រុង ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​ខ្មែរ​ខ្វះ​ឯកសារ ។ យ៉ាង​ណា​ក៏ដោយ​ យើង​ឃើញ​ថា ឥឡូវ​យើង​ចាប់​ផ្ដើម​ទម្លាប់​ការ​អាន​ច្រើន​ជាង​មុនបន្ដិច។

តើ​លោក​សុខ ឡាក់ យល់​យ៉ាង​ណា​ចំពោះ​យុវជន​បច្ចុប្បន្ន​ទាក់ទង​នឹង​ការ​អាន?

ឆ្លើយ​តប​នឹង​សំណួរ​នេះ​ សុខ ឡាក់​ បាន​លើក​ឡើង​ថា កំណើន​នៃ​ការ​ចូល​អាន​មាន​ការ​កើន​ឡើង។ ប៉ុន្តែ កំណើន​នេះ​នៅ​យឺតៗ​នៅ​ឡើយ។ បច្ចុប្បន្ន​នេះ មាន​អ្នក​មក​អាន​សៀវភៅ​នៅ​បណ្ណាល័យ​បញ្ញវន្ត មាន​ចំនួន ២០០-៣០០ នាក់​ក្នុង​១ខែ អាច​និយាយ​បាន​ថា ១ឆ្នាំ​ មិន​ក្រោម ២-៣ ម៉ឺន​នាក់។ ប៉ុន្តែ​ប្រសិន​បើ​យើង​និយាយ​ជា​រួម ទំនោរ​របស់​ប្រជាជន​ចាប់​ផ្ដើម​ស្រឡាញ់​សៀវភៅ ចូល​ចិត្ត​អាន​ជាង​មុន បើ​ផ្អែក​តាម​រយៈ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា, ទិវា​ជាតិ​អំណាន, ទិវា​សៀវភៅ​កុមារ​អន្តរជាតិ មហោស្រព​បណ្ណាល័យ​កម្ពុជា, មហោស្រព​អក្សរសិល្ប៍ និង​កម្មវិធី​ផ្សេង​ៗ​ទៀត។

និយាយ​ដោយ​ឡែក តើ​លោក​យល់​ថា ការ​អាន​មាន​សារៈសំខាន់​ដូចម្ដេច​ដែរ?

«ការ​អាន​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះ​ដឹង និង​​ការអភិវឌ្ឍន៍​ផ្សេងៗ អាន​ច្រើន​ធ្វើ​ឲ្យ​យើង​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ហើយ​អាច​ដក​ស្រង់​បទ​ពិសោធន៍​អតីតកាល​ ​ រៀប​ចំ​ផែន​ការ​សម្រាប់​បច្ចុប្បន្ន​ និង​អនាគត។ ទន្ទឹម​នឹង​នេះ មាន​ទស្សន​វិស័យ​មើល​ឃើញ​អនាគត ហើយ​អាច​បង្កើត​កិច្ចសហការ​មិន​ប៉ុនប៉ង​ជិះជាន់​អ្នក​ដទៃ ផ្ទុយទៅវិញ ពួកគេ​មាន​ចំណេះ​​ដឹង​ជ្រៅជ្រះ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​មាន​ការ​អភិវឌ្ឍ។»

ចុចអាន៖ ជ្រូក​ខ្វៃ​ កាក់​កប​ខ្លាំង​នៅ​រដូវ​កាល​ ឆេង​ ម៉េង

រហូត​មក​ទល់​នឹង​ពេល​នេះ តើ​បណ្ណាល័យ​បញ្ញវន្ត បាន​ចូលរួម​ចំណែក​អ្វីខ្លះ?

អស់​រយៈពេល​ជាង ១ឆ្នាំ​មក​នេះ បណ្ណាល័យ​បញ្ញវន្ត បាន​អញ្ជើញ​វាគ្មិន ក៏ដូចជា​ការ​បង្កើត​កម្មវិធី​ជួបជុំ​យុវវ័យ​មិន​តិច​ជាង​ ១០០ ព្រឹត្តិការណ៍​កន្លង​មក​នេះ។ ទន្ទឹម​នឹង​នេះ បណ្ណាល័យ​បញ្ញវន្ត ក៏​បាន​បង្កើត ក្លិប​អ្នក​អាន​បាន​ចំនួន ២ និង​គម្រោង​ពង្រីក​បន្ថែម​ទៀត​នៅ​ពេល​អនាគត។ ​

ចុចអាន៖ ថៅកែ​​​​លាលែង​តំណែង​ ក្រោយ​បុគ្គលិក​​​ធ្វើ​អត្តឃាត​ខឹង​ធ្វើការ​លើស​ម៉ោង

បណ្ណាល័យ​បញ្ញវន្ត បើក​ចំហ​ឲ្យ​​មហាជន​មក​អាន​ដោយ​ពុំ​មាន​គិត​ប្រាក់ តើ​ក្រុម​ការងារ​បណ្ណាល័យ​បញ្ញវន្ត អាច​នឹង​បន្ត​រហូត​ដល់​ពេល​ណា?

តាម​ពិត​យើង​កំពុង​គិត​បញ្ហា​នេះ​ដែរ ក្រុម​ការងារ​កន្លង​មក​បាន​យក​ប្រាក់​ផ្ទាល់​ខ្លួន​ ដើម្បី​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ជួល ចំណាយ​លើ​ទឹក ភ្លើង ដូចជា​ខ្ញុំ​ចឹង! សព្វថ្ងៃ​នេះ​យក​ប្រាក់​សន្សំ​របស់​ខ្លួន​មក​ទប់​ចំណាយ ហើយ​ឥឡូវ​ធ្វើ​ការងារ​ ហ្វ្រីលេនសឺ (Freelancer) បកប្រែ សរសេរ​អត្ថបទ​លក់ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ខ្លួន​ឯង​ផង និង​ស្ថាប័ន​ផង។ ដូច្នេះ​ហើយ​យើង​ក៏​មិន​អាច​មិន​គិត​អំពី​ការ​រក​ប្រាក់​ចំណូល​ដែរ ដោយ​សព្វថ្ងៃ​នេះ បណ្ណាល័យ​បញ្ញវន្ត មិន​បាន​យក​ប្រាក់​ពី​មហាជន​នោះ​ទេ គ្រាន់តែ​លក់​ភេសជ្ជៈ​តិចតួច ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​បាន​ត្រឹម​ថ្លៃ​ចំណាយ​មូលដ្ឋាន​ ដូចជា​ទឹក​-ភ្លើង។ ប៉ុន្តែ ទៅ​ថ្ងៃ​អនាគត យើង​កំពុង​សិក្សា​ជាមួយ​អ្នក​ជំនាញ ឬ​កៀរគរ អ្នក​ផ្សេងៗ​ឲ្យ​មក​ជួយ​គាំទ្រ​ ឬ​បង្កើត​យុទ្ធសាស្ត្រ​បែប​ណា ដើម្បី​ឲ្យ​បណ្ណាល័យ​នេះ​កាន់តែ​ធំ នឹង​មាន​និរន្តរភាព។

ជា​ចុង​ក្រោយ​​ តើ​លោក​ សុខ ឡាក់ មាន​ផែន​ការ​ដូច​ម្ដេច​ទៀត ទាក់ទង​នឹង​ការ​ពង្រឹង​បណ្ណាល័យ​បញ្ញវន្ត​នេះ?

នៅ​មិន​ឆ្ងាយ​ពី​គោល​បំណង និង គោល​ដៅ​របស់​បណ្ណាល័យ​បញ្ញវន្ត គឺ​ចង់​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ពុទ្ធិ ឬ សេដ្ឋកិច្ច​ចំណេះ​ដឹង។ ប៉ុន្តែ អ្វី​ដែល​សំខាន់​មួយ​ទៀត​ ខ្ញុំ​ចង់​ផ្ញើ​សារ​ឲ្យ​យុវជន​ទាំង​អស់​ចូលរួម​ការ​អាន​​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ចាប់​យក​ទីផ្សារ​អាស៊ាន និង​ ស្រប​តាម​បច្ចេកវិទ្យា​ជឿន​ ដើម្បី​ឲ្យ​ដើរ​ទាន់​បច្ចេកវិទ្យា​ជឿន​លឿន​ ល្គឹក​ណា យុវជន​មាន​សមត្ថភាព គ្រប់​គ្រង​បច្ចេកវិទ្យា​ទាំង​នោះ។ មួយ​ទៀត ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច ៧% ដូច្នេះ ដើម្បី​រក្សា​កំណើន​នេះ​បាន​យូរ​អង្វែង ល្គឹក​ណា​យុវជន​មាន​សមត្ថភាព​ និយាយ​ដោយ​ខ្លី ដើម្បី​មាន​សមត្ថភាព​ យុវជន​គួរគប្បី​វិនិយោគ​លើ​ការ​អាន ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់