• 2018-02-08 03:00:55
  • ព័ត៌មាន

ត្រៀមអបអរ! ប្រាសាទ២ទៀតរបស់កម្ពុជា អាចក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

  • 2018-02-08 03:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​កំពុង​រៀបចំ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ប្រាសាទ​កោះ​កេរ និង​ប្រាសាទ​បន្ទាយឆ្មារ ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅឆ្នាំ​២០១៨​នេះ។ 

តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោក​ជំទាវ ភឿង សកុណា ដែលបាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ការ​ស្នើ​ដាក់​ប្រាសាទ​កោះកេរ និង​ប្រាសាទ​បន្ទាយឆ្មារ​ហើយ ក្រសួង​ក៏បាន​រៀបចំ​ឯកសារ​ល្ខោនខោល និង​ក្បាច់ល្បុក្កតោ​ទៅកាន់​អង្គការ​យូណេស្កូ​រួចជាស្រេច​។ បន្ថែម​លើ​ពី​នេះ​ក្រសួង​ក៏​កំពុងតែ​រៀបចំ​ខាង​តម្បាញ​សូត្រ និង​ទាក់ទង​ទៅ​បណ្ដា​ប្រទេស​នានា ដើម្បី​ស្វែងរក​វត្ថុ​បុរាណ​ដែល​បាន​បាត់បង់​យក​មក​មាតុប្រទេស​វិញ​។

ប្រាសាទកោះកេរ

គិត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន ៧​ហើយ ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​៤ រួមមាន​៖ តំបន់​អង្គរវត្ត របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែក​ធំ ប្រាសាទ​ព្រះវិហារ ល្បែង​ទាញព្រ័ត្រ ចាប៉ី​ដងវែង និង​ប្រាសាទ​សំបូរព្រៃគុក ដែល​ទើប​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៧៕

ប្រាសាទបន្ទាយឆ្មារ

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ វឌ្ឍនៈ

មតិយោបល់