• 2018-02-25 07:41:15
  • ព័ត៌មាន

បង្ហាញមុខ រដ្ឋមន្ត្រី និងឧកញ៉ាល្បីឈ្មោះ៧រូបនៅកម្ពុជា ប្រជាជនគោរពស្រលាញ់បំផុត

  • 2018-02-25 07:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី និង​ឧកញ៉ា​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​ឈ្មោះ​ល្បី​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ តាម​រយៈ​ការ​បង្កើត​សមិទ្ធ​ធំៗ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អំពើ​សប្បុរសធម៌​ជា​ច្រើន​។ ដូច្នេះ​សូម​មក​ស្គាល់​រដ្ឋមន្ត្រី និង​ឧកញ៉ា​ចំនួន ៧​រូប​កំពុង​ល្បី​ល្បាញ ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តែ​ម្ដង។

១. ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ

ឯកឧត្ដម​ ហង់ជួន ណារ៉ុន បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ២០១៣ បន្ត​ពី​ឯកឧត្ដម អឹម សិទ្ធី។ ការ​ឡើង​កាន់​តំណែង​របស់​ឯកឧត្ដម គឺ​ស្រប​ពេល​ដែល​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ត្រូវ​ដោះ​ស្រាយ។

រដ្ឋមន្ត្រី ដែល​ទើប​ទើប​ទទួល​គោរមងារ​ជា​បណ្ឌិត​សភាចារ្យ កាលពី​ថ្មីៗ​នេះ ត្រូវ​មជ្ឈដ្ឋាន​អ្នក​សិក្សា​យល់​ថា ជា​បុគ្គល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ និង​អាច​កែប្រែ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​បាន។

ឯកឧត្ដម​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ក្រោយ​បាន​ដាក់​ចេញ​ផែនការ​អប់រំ​ចំនួន​៨​ចំណុច​ដូចជា៖ បង្កើន​គុណភាព និង​ប្រសិទ្ធភាព​សេវា​អប់រំ, ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក, ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ, កែ​ទម្រង់​ឧត្ដម​សិក្សា, អភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់, អនុវត្ត​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ, បង្កើត​ធនាគារ​ខួរក្បាល​ក្នុង​វិស័យ​អប់រំ, កែទម្រង់​ការ​អប់រំ​កាយ និង​កីឡា។

កំណែទម្រង់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ចាប់​ពី​ឆ្នាំ​២០១៤ ដោយ​ធ្វើ​ការ​រឹត​បន្តឹង​ខ្លាំង​ជា​ប្រវត្តិ​សាស្ត្រ​ កាន់​តែ​ធ្វើ​ឲ្យ​រដ្ឋ​មន្ត្រី​រូប​នេះ​ល្បី​ឈ្មោះ​កាន់​តែ​ខ្លាំង។

២. ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល

​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​មហា​ជន​ទទួល​ស្គាល់​ថា ជា​បុគ្គល​តស៊ូ​ក្នុង​ការ​សិក្សា​មិន​ធម្មតា​ឡើយ។ ឯកឧត្ដម ស៊ុន ចាន់​ថុល បាន​ទទួល​ការ​អប់រំ​នៅ​សហ​រដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​​លោក​បាន​ទទួល​សញ្ញា​បត្រ​ជាន់​ខ្ពស់​សា​កល​វិទ្យាល័យ​ Wharton និង​សាកលវិទ្យាល័យ Harvard។

ឯក​​ឧត្តម ស៊ុន ចាន់​ថុល ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ត្រូវ​បាន​ពលរដ្ឋ​លើក​សរសើរ​ថា​លោក​ជា​រដ្ឋ​មន្ត្រី​មួយ​រូប ដែល​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ទៅ​ទី​ណា​រីក​ចម្រើន​ទី​នោះ​។ ជាក់​ស្ដែង​ក្នុង​រយៈពេល​នេះ​លោក​បាន​សម្រេច​សមិទ្ធផល​ធំៗ​ជា​ច្រើន​ជូន​ពលរដ្ឋ​ខ្មែរ​ដូចជា​កំណែ​ទម្រង់​ទៅ​លើ​ ការ​ចុះ​បញ្ជី​យានយន្ត ការ​ធ្វើ​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ ទៅ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដោយ​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ឡើយ ចំណេញ​ទាំង​ពេល​វេលា និង​ថវិកា ព្រម​ទាំង​លប់​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ​ទៀត​ផង។

ជា​ពិសេស​ក្នុង​ពេល​បច្ចុប្បន្ន​លោក កំពុង​សម្រុក​សម្រេច​សមិទ្ធផល​ជា​ច្រើន​ដូចជា ការ​តភ្ជាប់​ផ្លូវ​ដែក​នានា ជួស​ជុល និង​សាងសង់​ផ្លូវ​ថ្មីៗ ស្ពាន​ជា​ច្រើន​កន្លែង។ ក្នុង​នោះ​មាន​សមិទ្ធផល​មួយ​ចំនួន​ត្រៀម​ដាក់​ឲ្យ​ដំណើរ​ការ​មុន​ចូល​ឆ្នាំ​ខ្មែរ​ដូចជា៖ ផ្លូវ​ដែក​ពី​ប្រទេស​ថៃ​មក​ប៉ោយប៉ែត ផ្លូវ​ដែក​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ពាន​បាឡេ​ឫស្សី​កែវ ស្ពាន​កោះ​ប៉ែន ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​ពី​ព្រែកព្នៅ-ភ្នំពេញ​-តាខ្មៅ​។ល។

៣. ឯកឧត្ដម ជា សុផារ៉ា

ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរោបនីយកម្ម និង​សំណង់ ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​រាប់​ឆ្នាំ​ដោះស្រាយ​មិន​ចេញ ជូន​ប្រជាពលរដ្ឋ​នៅ​អគា​ប៊ូឌីញ «ស»។ ឯកឧត្ដម បាន​សម្រោះ​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ព្រម​ចាកចេញ​ពី​ទី​នោះ ​តាម​សន្តិវិធី ដោយ​ផ្ដល់​សំណង ១ ៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ជា​ពិសេស​លោក​បាន​ជប់លៀង​នំ​បញ្ចុក ២​តោន ព្រម​ទាំង​ទៅ​ចូល​រួម​ដោយ​ផ្ទាល់ និង​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​នោះ​ទៀត​ផង។

ក្រៅ​ពី​នោះ រដ្ឋមន្ត្រី​ដែល​ត្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់​ឈ្មោះ​ថា «មន្ត្រី​មុខ​ដែក​» រូប​នេះ​បាន​​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​លោក​មាន​បទ​ពិសោធន៍​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ​ស្រាប់​ផង​នោះ។

ត​ទៅ​នេះ​សូម​បង្ហាញ​ឧកញ៉ា​ល្បី​ឈ្មោះ​៤​រូប​ផ្នែក​អំពើ​សប្បុរស​ធម៌៖

១. ឧកញ៉ា គួច ម៉េងលី

ឧកញ៉ា គួច ម៉េង​លី ជា​​​ស្ថាបនិក និង​​​​ជា​​​នាយក​​​ក្រុមហ៊ុន Mengly J. Quach Holding  ត្រូវ​​​បាន​​​គេ​​​មើល​​​​ឃើញ​​​ថា​​​ លោក​​​បាន​​​ចែក​​​រំលែក​​​ទាំង​​​ចំណេះដឹង​​​ ទាំង​​​ជំនាញ​​​ ដល់​​​ស​ង្គ​ម​​​វិញ​​​ដោយ​​​ចំណាយ​​​ថវិកា​​​ផ្ទាល់​​​ខ្លួន​​​​រាប់​សែន​​​ដុល្លារ​។ លោក​​​ឧកញ៉ា​បាន​ចាត់​ទុក​​ រឿង​​​​ធ្វើ​​​បុណ្យ ធ្វើ​​​ទាន ការ​​​ចែក​​​រំលែក​​​ដល់​​​សង្គម​​​ជា​​​សន្ដាន​​​ចិត្ត​​​សប្បុរស​ធម៌​​​មាន​​​នៅ​ក្នុង​​​អារម្មណ៍​​​បេះដូង​​​របស់​​​លោក​ឧកញ៉ា​​​។ លោក​ឧកញ៉ា​លោក​​​លើក​​​ឡើង​​​ថា ធ្វើ​​​ល្អ​​​បាន​​​ល្អ ​​ធ្វើ​​​អាក្រក់​​​បាន​​​​អាក្រក់​។​ ​

២. ឧកញ៉ា ហុង ពីវ

អ្នក​​​ឧកញ៉ា ​​ហុង​​ ពី​វ ​​អគ្គនាយក​​​ក្រុមហ៊ុន​​​ពិភព​​​ថ្មី​​​គ្រុប​​ ម្ចាស់​​​បុរី​​​ពិ​ភ​​​ព​​​ថ្មី​​ និង​​​ជា​​​ម្ចាស់​​​គ្រឹះ​​​ស្ថាន​​​ហិរញ្ញវត្ថុ​​​ពិភព​​​ថ្មី ​​បាន​​​ឧបត្ថម្ភ​​​ថវិកា​​​រាប់​​​លាន​​​​ដុល្លារ​​​​ សម្រាប់​​​​កិច្ច​​​​ការងារ​​​ស​ង្គ​ម និង​​​មនុស្ស​ធ​ម៌​។ គេ​នៅ​​​ចាំ​​​បាន​​​លោក​ឧកញ៉ា ​​​បាន​ជួយ​ទារក​​​ម្នាក់​អាយុ​២​ខែ​​​ ដែល​​​ប្រឈម​​​ទៅ​​​នឹង​ការ​​​បាត់​​​បង់​​​កែវ​​​​​ភ្នែក​​ តាម​​​រយៈ​​​ការ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​ប្រទេស​​​សិង្ហបុរី ខណៈ​​​លោក​​ និង​​​ក្រុម​​​គ្រួសារ​ទារក​​​នោះ​​​មិន​​​ដែល​​​ស្គាល់​​​គ្នា​ពី​​​មុន​​​មក​​​សោះ​។ 

សម្រាប់​​​កិច្ច​​​ការងារ​ក្នុង​​​​ក្រុ​​​ម​ហ៊ុន​លោក​​​តែ​​​ង​​​លើក​​​ទឹកចិត្ត​​​បុគ្គលិក​​​​ដែល​ប្រឹង​​​ប្រែង​ធ្វើ​​​ការ​​ ដោយ​​​ផ្ដល់​​​នូ​វ​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ជា ឡាន ផ្ទះ​​ និង​​​ថវិកា​​​យ៉ាង​​​ច្រើន​​​សន្ធឹកសន្ធាប់​​​។ លោក​​​​កាន់តែ​​​ធ្វើ​​​ឲ្យ​​​​មាន​​​ការចាប់អារម្មណ៍ បន្ទាប់​​​ពី​​​ចំណាយ​​​ទឹក​​​ប្រាក់​​​ប្រមាណ​​ ៦០ ម៉ឺន​ដុល្លារ​​ ចែក​​​ជា​អាំង​​​ប៉ាវ​​​ដល់​​​បុគ្គលិក​​ ក្នុង​​​ឱកាស​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​ កាល​​​ពី​ដើម​​​ឆ្នាំ​​​២០១៧។

៣. ​ឧកញ៉ា ម៉ុង ឫទ្ធី​

លោក​​​ឧកញ៉ា ​​ម៉ុង ​​ឫទ្ធី ​​​ជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​ជា​​​ច្រើន​​ ដែល​​​វិនិយោគ​​​លើ​​​វិស័យ​​​កសិកម្ម ត្រូវ​គេ​ចាត់ទុកថា​​​ជា​មនុស្ស​​​ជោគ​​​ជ័យ​​​លើ​អាជីវកម្ម​​​ និង​​​មាន​ទឹក​ចិត្តសប្បុរស​ធម៌ ជួ​​​យ​​​ដល់​​​ជន​ទី​ទាល់ក្រ។ លោក​​​បាន​​​ចំណាយ​​​ថវិកា​​​រាប់​​​ម៉ឺន​​​ដុល្លារ​​​​ធ្វើ​​​កិច្ច​​​ការងារ​​​នេះ ហើយ​​​ជា​ការ​តប​​​ស្នង​​​មក​វិញ​​​លោក​ទទួល​​​បានការ​​​គោរព​ស្រលាញ់​ពី​មជ្ឈដ្ឋាន​ទូទៅ​​​​។ លោក​ឧកញ៉ា​​​បាន​​​លើក​​​​ឡើង​​​ថា ទ្រ​ព្យ​​​លែង​​​ជា​វត្ថុ​ចាំបាច់​​​ទី​១ ហើយ​​​សម្រាប់​​​ជីវិត​​​អ្នក​​​ឧកញ៉ា​។ ដូច្នេះ​​​ពេល​​​រក​​​ស៊ី​មាន​​​បា​​​ន គួរ​​​គិត​​​គូរ​​​ដល់​​​អ្នក​​​កំពុង​​​ខ្វះ​​​ខាត​ផង​។ "​យើង​គ្រប់​គ្នា​កើតមក​ខ្លួន​ទទេ ដល់​ពេល ស្លាប់​ទៅ​វិញ​​​ក៏​​​មិន​​​អាច​​​យក​​​លុយ​​​ទៅ​​​ជា​​​មួយ​​​បាន​​​ដែរ​"​។

៤. ស្រី ចាន់ថន

លោក​​​ឧកញ៉ា​​​ស្រី ​​ចាន់​​​ថន ​​អគ្គនាយក​​​ក្រុ​​​ម​ហ៊ុ​​​ន​​ JET ​GROUP ​​និង​​ SKY​LAND ខុន​​​ដូ​​​ក៏​មាន​​​នូ​វ​​​សកម្មភាព​​​មនុស្ស​​​ធ​ម៌​ស្ទើរ​រាប់​​​មិន​​​អស់​​​ដែរ​។ លោក​​​ឧកញ៉ា​​​តែង​​​ជួយ​​​ដល់​​​ទុរគត​​​ជន ជន​​​គ្មាន​​​ផ្ទះ​​​សម្បែង​​ កសាង​មន្ទីរ​ពេទ្យ និង​​​​សាលា​រៀន​ជាដើម​​​​។ លោក​ឧកញ៉ា​​​គឺជា​សប្បុរស​ជន​ឈាន​មុន​​​មួយ​​​រូប​​​ ដែល​​​ជួយ​​​ឧបត្ថម្ភ​​​ដល់​​​កីឡាករ​​​កម្ពុជា​​​​ជាច្រើន​​​នាក់​​ ពិសេស​​​កីឡាករ​​​​ប្រដាល់​។ ដោយ​​​មើល​​​ឃើញ​​​ពី​សកម្មភាព​​​មិន​អាច​​​កាត់​​​ថ្លៃ​បាន​​​អស់​​​ទាំង​នេះ កាល​​​ពី​ថ្ងៃទី​​​ ១៩ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​​ ​​លោក​​​ឧកញ៉ា​​​ត្រូវ​​​បាន​តែង​​​តាំង​​​ជា​អនុប្រធាន​​​កិត្តិយស​សហព័ន្ធ​​​កីឡា​ប្រដាល់​​​គុន​​​ខ្មែរ​ផង​​​ដែរ​៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់