• 2018-03-10 05:19:42
  • ចរាចរណ៍

បកស្រាយកាន់តែច្បាស់ វត្តមានផ្លូវរថភ្លើងកណ្ដាលក្រុង នឹងគ្មានការកកស្ទះបន្តិចឡើយ

  • 2018-03-10 05:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពីមានការ​រិះគន់ថា ​ការសាងសង់​ផ្លូវរថភ្លើង​កណ្ដាល​ក្រុង​ ចូល​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ នឹង​មាន​ការ​កកស្ទះ​ចរាចរណ៍​ និង​បង្កក្ដី​បារម្ភ​ដល់​​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់នោះ​ ឯកឧត្តម ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​នៃក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បាន​គូស​បញ្ជាក់​ថា ​ផ្លូវ​រថភ្លើង​នេះ​មិន​ត្រឹម​តែធានាមិន​ឲ្យមាន​ការ​កកស្ទះ​តាម​ដង​ផ្លូវ​នោះទេ ​ថែម​ទាំង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នកដំណើរ​ទៀត​ផង​។

​ ឯកឧត្តម ស៊ុន ចាន់ថុល ​បានមាន​ប្រសាសន៍​ ផ្លូវ​រថភ្លើង​នេះ ​បានពង្រីក​ទទឹង​រហូតដល់​ ១៤ម៉ែត្រ ចាក់​បេតុង​ពីលើផ្លូវដែក​ ដែល​ដែកនេះ​ធានា​ជាប់តាន់​ដល់ទៅ ​២០ឆ្នាំឯណោះ​។ ឯកឧត្តមបន្តថា ​រថភ្លើង​នេះអាចផ្ទុក​មនុស្ស​ប្រមាណ​ ១០០នាក់ ​ដោយ​ដំណើរ​ការក្នុង​ល្បឿន​ដូច​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវថ្នល់​។ ​​រថ​ភ្លើង​នេះ ​មាន​ប្រវែង​ផ្លូវ​សរុប ១៦០០ ម៉ែត្រ ​រាប់ពីចំណុច​ វត្ត​តាំង​កសាង ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​

​បន្ថែម​ពី​នេះ​ទៀត​ ​ចន្លោះ​កង់​រថភ្លើងនៅកណ្ដាលផ្លូវនោះ​គឺគ្មានបង្កគ្រោះថ្នាក់ ឬអាចឲ្យកង់ម៉ូតូជិះចូលបានឡើយ ព្រោះ​ចន្លោះ​រន្ធតូច​ជាង។​ ​នៅ​ពេល​​រថភ្លើង​ឆ្លង​កាត់​ផ្លូវ​ធ្វើដំណើរ​វិញ ​ប្រជាពលរដ្ឋ​រង់ចាំ​ ​ស្តុប​ប្រហែល​តែ ​២២វិនាទីតែប៉ុណ្ណោះ អាចទៅបានហើយ។ ​រីឯ​ពេល​យប់វិញ ផ្លូវរថភ្លើង​បេតុង​ក្រសួង​បាន​លាបពណ៌ខៀវ ​ និង​ផ្លូវដែក​លាប​ពណ៌លឿង ដើម្បីឲ្យពលរដ្ឋ​សម្គាល់ ​និង​ប្រុងប្រយ័ត្ន​ពេលធ្វើ​ដំណើរ​។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់។

គួរ​ជម្រាប​ថា ​ក្រសួងក៏​បានរៀប​ចំ ​កន្លែង​ចំណត​សម្រាប់​ភ្ញៀវ​រង់ចាំជិះ​ភ្លើង​ដែលបំពាក់​ម៉ាស៊ីន​ត្រជាក់​ និង​ដាក់​ដំណើរ​ការ​រថភ្លើង​ ​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​ សាធារណជន​ទាំងអស់​អាចជិះរថភ្លើង​នេះ​ដោយ​ឥតអស់​ប្រាក់​រហូតដល់​ខែសីហា ឆ្នាំ​ ២០១៨​។ ​​​អ្វីពិសេស​ទៀត​នោះ​ ក្រសួង ក៏នឹងសិក្សាលទ្ធភាព ស្នើការសហការពីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតឲ្យ មានការកត់ត្រាចូល (Check in) អីវ៉ានរបស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បីដឹកជញ្ជូនអីវ៉ានតាមរថភ្លើងដាក់ចូលក្នុងយន្តហោះតែម្តង៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់