• 2018-03-16 12:01:00
  • ជំនឿ

រឿង​នេះ នឹក​ឃើញ​កាល​ណា​ ព្រលឹង​ចុង​សក់​កាល​ណោះ​!

  • 2018-03-16 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នឹក​ឡើង​ហួស​ចិត្ត ប៉ុន្តែ​រឿង​ដែល​ចែក​រំលែក​ដោយ​អ្នក​ខេត្ត​កំពង់ធំ​នា​ពេល​នេះ គឺ​ជា​រឿង​តក់​ស្លុត​ច្រើន​ជាង ដែល​លោក​បាន​ជួប​កាល​នៅ​វ័យ​ប្រមាណ ៩​ឆ្នាំ។ តាម​ដាន​ទាំង​អស់​គ្នា...!

រយៈ​ពេល​ប្រហែល​ជា​៣០​ឆ្នាំ​កន្លង​ទៅ​ហើយ​ ប៉ុន្តែ​​រឿង​រ៉ាង​ដ៏​រន្ធត់​តក់​ស្លុត​ក្នុង​ជីវិត​​​​កុមារភាព​​របស់​ខ្ញុំ​​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​រហូត​ដល់​សព្វ​ថ្ងៃ។ ទោះ​ជា​​ខ្ញុំ​ខំ​ព្យាយាម​បំភ្លេច​យ៉ាង​ណា​ ក៏​នៅ​តែ​មិន​អាច​ភ្លេច​បាន។ រឿង​នោះ​គឺ​​ក្រុម​ទាហាន​វៀតណាម​បាន​ភ្ជង់​កាណុង​កាំភ្លើង​​​លើ​ទ្រូង​ចំ​តាម​ប្រលោះ​ទ្វារ។ នេះ​ជា​រឿង​ពិត​១០០​%​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ជីវិត​ខ្ញុំ។

រូប​តំណាង(Credit: theconversation.com)

មិត្ត​អ្នក​អាន​ដឹង​ស្រាប់​ថា​ដាច់​ឆ្នាំ​១៩៧៩​ និង​ឈាន​ចូល​ទសវត្ស​ឆ្នាំ​១៩៨០​ ទាហាន​វៀតណាម​ស្ថិត​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ បន្ទាប់​ពី​កម្ពុជា​រួច​​ពី​របប​អាវ​ខ្មៅ។ ខ្ញុំ​មិន​ចាំ​ច្បាស់​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​ប្រហែល​ជា​អាយុ​៨​ទៅ​៩​ឆ្នាំ​​ដែល​​មាន​រឿង​តក់​ស្លត​កើត​មាន​ឡើង​​លើ​ជីវិត​ខ្ញុំ​ក្នុង​ផ្ទះ​របស់​ជីតា​ខ្ញុំ​ ស្ថិត​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ព្រះ​ដំរី​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ។

នា​រសៀល​ថ្ងៃ​មួយ​​នោះ​ ខ្ញុំ​បាន​អង្គុយ​​លើ​កាំ​ជណ្ដើរ​​ដើម្បី​ចាំ​ផ្ទះ​តា​របស់​ខ្ញុំ​។ ចំណែក​ម្ដាយ​មីង​របស់​ខ្ញុំ​​ដែល​ជា​អ្នក​​មើល​ថែ​តា​របស់​ខ្ញុំ​​បាន​ទៅ​អង្គុយ​​នៅ​ផ្ទះ​របស់​ខ្ញុំ​ដែល​មាន​ម្ដាយ​ខ្ញុំ​ និង​បង​ប្អូន​ជុំ​គ្នា​។ ពេល​នោះ​កង​ទ័ព​វៀតណាម​រាប់​រយ​នាក់​បាន​ដើរ​តម្រៀប​ជួរ​គ្នា​នៅ​លើ​ផ្លូវ​ថ្នល់​ដី​ខ្សាច់។ សន្ធាប់​ជើង​ដើរ​ជា​ជួរ​រាប់​រយ​នាក់​បាន​លាន់​ឮ​ឡើង​ព្រឹប​ៗ​​ចេញ​ពី​តាម​ដង​ផ្លូវ​ ហើយ​ខ្ញុំ​ក៏​បាន​រត់​ឡើង​លើ​ផ្ទះ។

ពេល​​នោះ​ខ្ញុំ​បាន​ឡើង​ពី​កាំ​ជណ្ដើរ​ទៅ​លើ​ផ្ទះ​ និង​ចូល​ពួន​សម្ងំ​នៅ​​ក្នុង​​ទ្វារ​ដែល​​បើក​។ ដឹង​អី​ស្រាប់​តែ​ ទាហាន​វៀតណាម​ពីរ​បី​នាក់​បាន​រត់​ចូល​ក្នុង​ផ្ទះ​ និង​ឡើង​ទៅ​ឈរ​លើ​កាំ​ជណ្ដើរ​ខាង​លើ។ ទាហាន​ម្នាក់​បាន​យក​កាំភ្លើង​អាការ​ស៊ក​ចូល​តាម​ប្រលោះ​ទ្វារ ហើយ​ដល់​ដើម​ទ្រូង​ខ្ញុំ​តែ​ម្ដង។

រូប​តំណាង(Credit: Gary Knight)

ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង។ ពេល​នោះ​ម្ដាយ​មីង​របស់​ខ្ញុំ​បាន​ឮ​សំឡេង​ខ្ញុំ​យំ​ គាត់​បាន​ចុះ​មក​ជួយ​សម្រួល​។ មួយ​សន្ទុះ​ក្រោយ​មក​ ទាហាន​ពីរ​បី​នាក់​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់ ទើប​ដឹង​ថា​អាចម៍​ពេញ​ខោ។ គេ​ថា ភ័យ​រហូត​ដល់​លេច​អាចម៍ លេច​នោម មែន​បង​ប្អូន ខ្ញុំ​ជួប​ផ្ទាល់​...។

រឿង​ដ៏​តក់​ស្លុត​នោះ​ ដក់​ជាប់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ជា​និច្ច។ រាល់​ពេល​ដែល​ខ្ញុំ​នឹក​ស្រមៃ​​កាល​ពី​កុមារ​ភាព​ ខ្ញុំ​តែង​តែ​នឹក​ឃើញ​រឿង​នោះ​ជា​និច្ច។ អាច​និយាយ​បាន​ថា ជា​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ចង​ចាំ​ក្នុង​វ័យ​ក្រោម​អាយុ​១០​ឆ្នាំ​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​គិត​ថា ពេល​នោះ បើ​ទាហាន​នោះ​​កេះ​កៃ​កាំភ្លើង​ តើ​ជីវិត​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា?​ តើ​នរណា​ទទួល​ខុស​ត្រូវ​ក្នុង​សម័យ​កាល​សង្គ្រាម​ និង​ឆ្ងាយ​ពី​ខេត្ត​ក្រុង​ថែម​ទៀត?

តើ​ខ្ញុំ​គួរ​បំភ្លេច​រឿង​រ៉ាវ​ដ៏​រន្ធត់​បែប​នេះ​ទេ? បើ​គួរ​បំភ្លេច​ តើ​ខ្ញុំ​គួរ​បំភ្លេច​ដោយ​របៀប​ណា?

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន

អត្ថបទ៖ ទារិកា

មតិយោបល់