• 2018-05-02 07:29:19
  • ព័ត៌មាន

ចរាចរណ៍​បាត់​សណ្តាប់​ធ្នាប់ ដោយ​សារ​ការអនុវត្តច្បាប់​មានកម្រិត ឬ​ឥរិយាបថអ្នកបើក​បរ?

  • 2018-05-02 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ពល​រដ្ឋ​​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ទម្លាប់​ល្អ​គ្រប់គ្រាន់​​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយជាហេតុ​នាំ​ឲ្យ​ចរាចរណ៍​បាត់​បង់​សណ្តាប់​ធ្នាប់​ ដែល​ចំណុចនេះ​ទាំងមន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​អនុវត្ត​ច្បាប់​មើល​ឃើញ​ថា​ឥរិយាបទ​របស់​បុគ្គល​គឺ​ជា​រឿង​សំខាន់​មួយ​បន្ទាប់ពី​ការ​រិត​បន្តឹង​ច្បាប់។

(ពល​រដ្ឋ​មួួយចំនួន​ជិះ​បញ្ច្រាស​​ពេល​មានការកក​ស្ទះ)

ប្រជា​ពល​រដ្ឋ​ខ្លះ​ក្នុង​សម្លៀក​បំ​ពាក់​ជាអ្នក​ធ្វើការ និង​ថែមទាំង​ជិះ​រថយន្ត​ទំនើប​ផង​បាន​បើក​បរ​ដោយ​បំពាន​ភ្លើង​ចរាចរណ៍ និងអ្នក​ជិះម៉ូតូ​ខ្លះទៀត​ក្នុង​ឯណ្ឋាន​ជាសិស្ស ឬ​អ្នក​ធ្វើការ​បើក​បរ​បញ្ច្រាស​ទិស ឬ​ឆ្លង​កាត់​ភ្លើង​ក្រ​ហម​ក៏មាន​។​

សម្រាប់​អ្នក​ធ្វើការ​លើ​កិច្ចការ​ចរាចរណ៍​វិញ​លើក​ឡើង​ថា​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មាន​ឥរិយា​បទ​មិនទាន់​ល្អគ្រប់គ្រាន់​នៅ​ឡើយ​​ក្នុងការ​បើក​បរ។ អនុ​ប្រ​ធាន​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក គង់ រតនៈ ​មាន​ប្រ​សាសន៍​ថា​ពល​រដ្ឋ​​ដែល​បំពាន​ស្លាក​សញ្ញា ឬភ្លើង​ចរាចរណ៍​មាន​អ្នក​ធ្វើ​ការ​​រដ្ឋ និង​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​ជាដើម។ ជាងនេះ​ទៅ​ទៀត​លោកថា​សិស្ស​សាលា​មួយ​ចំនួន​​ដែល​បាន​រៀន​សូត្រ​ខ្ពង់​​ខ្ពស់​ក៏​មាន​បំពាន​ច្បាប់​រាចរណ៍​នេះ​ដូចគ្នា។

លោក​បន្ថែមថា៖ «អ្វី​ដែល​យើង​ឃើញ​ល្មើស​ច្រើន​គឺ​យុវជន​ ថ្វី​ដ្បិត​តែ​យុវជន​យើង​ចូល​សាលា​មែន​តែ​សីលធម៌​សម្រាប់​សិស្ស​មួយ​ចំនួន​តូច​ហ្នឹង​ពិបាក​ទទួល​យក​មែនទែន...​ចរិក​របស់​បុគ្គល​ពី​ធម្មជាតិ​ហ្នឹង មាន​អ្នក​ខ្លះជាមន្ត្រី​រាជការ អាច​ជាបុគ្គិល​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​នៅមាន​ឥរិយា​បទ មិន​សម​រម​រឿង​ចរាចរណ៍​ហ្នឹង​ដូច​គ្នា»។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក គង់ ​រតនៈ លើក​ឡើង​ថា​ការ​រិត​បន្តឹង​ច្បាប់​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បង្កើន​ការ​ផ្សព្វ​ផ្សាយ និងអប់​រំ​ដល់​ប្រ​ជាពល​រដ្ឋ​បន្ថែម​ទៀតគឺ​កិច្ចការ​ត្រូវធ្វើ​បន្ត​។ បើមិន​ដូច​នោះទេ លោក​ថា​ឥរិយា​បទបែបនេះ​នឹង​ធ្វើ​ឲ្យជន​​បរទេស​វាយ​តម្លៃ​មក​លើ​ប្រ​ជា​ពល​រដ្ឋ និង​ប្រទេស​ជាតិ​ថាមិន​សូវ​មាន​ឥរិយាបទល្អ និង​មិន​ចេះ​គោរពច្បាប់​។

​បើ​និយាយពី​ឥរិយាបទ ក្នុងការ​បើក​បរ​នេះ​ដែរ​ កាលពី​​ម្សិល​មិញ​មាន​ការ​ផ្សព្វ​ផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​ទាក់ទង​នឹងម្ចាស់​​រថយន្ត​Camry មួយ​គ្រឿង​បាន​បើក​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​បើទោះបីជា​បុគ្គលិក​ផ្លូវ​ដែកបាន​ដាក់​បារ៉ាស​បាំង​ផ្លូវ​ហើយ​ក៏​ដោយ។ ជន​បរទេស​ម្នាក់​បាន​ថត​ទិដ្ឋភាពនោះ​ និង​បានបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ព្រមទាំង​បាន​សរសេរ​ថា​«កម្ពុជា...​ពេល​ខ្លះ​ អ្នក​បើក​បរ​ឆ្កួតខ្លាំង​...​ខ្ញុំ​ដឹងថា​​មិនមែន​ទាំងអស់គ្នា​ទេ...​ក៏មាន​ដែរករណី​បែប​នេះ​​​នៅ​ប្រទេស​ផ្សេងទៀត»។ វីដេអូឃ្លីប​ដែលជន​បរទេស​​រូបនេះ​បង្ហោះមាន​អ្នក​ចែករំលែក​បន្ត​ជាង​១ម៉ឺន​នាក់ និង​មាន​អ្នក​ចូល​ទស្សនា​ជាង​២សែន​ដង​ក្នុង​រយៈពេល​២០​ម៉ោង។

(រូបភាព៖Screenshot ពី​ហ្វេ​ប៊ុក​លោក Torsten Schubert)

ឥរិយា​បទ​បើក​បរ​មិន​ល្អ របស់​បុគ្គល​មួយ​ចំនួន​អាចថា​កំពុង​ធ្វើ​ឲ្យ​អ្នកបើក​បរ​ដូច​គ្នា​ឈឺក្បាល ដោយ​សារ​ការ​បើកបរ​មិន​ប្រកាន់​ស្តាំ និង​គន្លង​របស់​ខ្លួន​ជាដើម។ ពេលមានការ​កក​ស្ទះ​ម្តងៗ​អ្នកបើក​បរខ្លះ​បាន​បើក​ចូល​គន្លង​អ្នក​មកពី​ទិស​ដៅ​ផ្ទុយ​ ដែល​នាំឲ្យអ្នក​មក​ពី​ទិស​ដៅ​ម្ខាង​ទៀត​មិនអាច​ធ្វើ​ចរាចរ​បាន។ ​ បើ​តាម​របាយការណ៍​ប្រ​ចាំថ្ងៃ​របស់​សមត្ថកិច្ច​មូល​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ​ដោយ​សារ​បើក​បរ​លើស​ល្បឿន​កំណត់ បើក​បរក្នុង​ស្ថានភាព​ស្រវឹង ជែង និង​មិន​គោរពសិទ្ធិជាដើម។​

ក្នុង​​អនុក្រឹត្យ ពិន័យ​អន្តរការណ៍ចំពោះអំពើល្មើស​នឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ចែងថា​​​ អ្នក​បើក​បរ​ទោចក្រ​យានយន្ត​ត្រូវផាកពិន័​២៥ ០០០ រៀល​ ​ចំពោះ​ការ​ជិះខុសទិសដៅចរាចរណ៍ឬ​សញ្ញា​ហាមឃាត់។ ចំណែក អ្នកបើក​បរ​ទោចក្រ​យានយន្ត​បំពាន​ភ្លើងសញ្ញាចរាចរណ៍​ព័ណ៌​ក្រម ឬក្រហម​ភ្លិប​ភ្លែតៗ​រងការផាកពិន័យដូចគ្នានេះដែរ។

​របាយការ​ណ៍​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ ក្រ​សួង​មហាផ្ទៃ​ ​ឲ្យដឹង​ថា​ក្នុង​ត្រីមាសទី​មួយ​ឆ្នាំ២០១៨​នេះ​មាន​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើងទូទាំងប្រ​ទេស​៨១៩​លើក តិចជាង​ឆ្នាំ២០១៧​ ចំនួន​១៧០​លើក។​ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​មាន​៤៨០​នាក់​ តិច​ជាង​ឆ្នាំ​២០១៧ ចំនួន​១២​នាក់។

​សម្រាប់​ប្រ​ធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និង​សណ្តាប់ធ្នាប់​សាធារណៈ នៃក្រ​សួង​មហាផ្ទៃ ឯកឧត្តម រ៉ុន រ័ត្នវាសនា​ លើក​ឡើងថា​ទន្ទឹម​នឹង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ក៏​ត្រូវមាន​ដែរ​ការ​ចូល​រួម​ពី​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដោយ​ខ្លួន​ឯង។

ឯកឧត្តម​ឲ្យ​ដឹងថា​ប្រជា​ពល​រដ្ឋ​មួយ​ភាគ​ធំ​បាន​ចូល​រួម​គោរព​ និងអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ខណៈ​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​បានអនុវត្ត​ឲ្យ​បា​នពេញ​លេញ។ ឯកឧត្តម​ថា​នេះ​មក​ពី​ឥរិយាបទ​មិន​ល្អ​របស់​អ្នក​ទាំង​នោះ ដែល​ត្រង់ចំណុច​នេះ​ ការ​អនុវត្តច្បាប់​ឃាត់​យាន​ជំនិះទុក​រយៈពេល​បី​ថ្ងៃ​​នឹង​ត្រូវ​អនុវត្ត។

( ឯកឧត្តម រ៉ុន រ័ត្នវាសនា​ ប្រ​ធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និង​សណ្តាប់ធ្នាប់​សាធារណៈ នៃក្រ​សួង​មហាផ្ទៃ)

ឯកឧត្តម​បញ្ជាក់ថា៖ «យើង​ឃើញ​បង​ប្អូនប្រ​ជា​ជពល​រដ្ឋ​ហ្នឹង​គោរពច្រើន​ហើយ ទម្លាប់អាក្រក់មនុស្សមួយចំនួន​មិន​អាច​កែបាន យើង​ឃើញ​ក្នុងឱកាស​បុណ្យទានម្តងៗ ឬកន្លែង​កក​ស្ទះមួួចំនួន​គាត់ជែងទៅ​ឲ្យជាប់តែម្តង​ អាពេល​វេលា​ដោះស្រាយ​បាន​ក្នុង​រយៈពេល​ខ្លី ដ៏គាត់ជែង​ទៅ​ជា​បួន ប្រាំជួរ​ទៅ​វាជាប់​បួន​ ប្រាំម៉ោង​ អាហ្នឹងជាបញ្ហា»។​

ឯកឧត្តម​បន្តថា៖ «យើង​យក​វិធាន​ការ​ច្បាប់​មក​និយាយ​បានទៅ​រួច បើ​យក​វិធាន​ការណ៍អប់រំ​ ផ្សព្វផ្សាយ មនុស្ស​នៅ​តែមាន​ខ្លះគាត់​នៅ​តែផ្គើន...​រយៈកាលកន្លង​មក​យើង​ឃាត់​ម៉ូតូរាប់រយគ្រឿង​ទុក​ មាន​ឡាន​មួយចំនួន​ក៏​ឃាត់ទុក​ដែរ...យើងធ្វើអីកំណត់​តាម​(ច្បាប់)ហ្នឹទេ...ដើម្បី​ឲ្យគាត់​រអាខ្លះ»។

ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​លើកឡើងថា​ទន្ទឹម​នឹង​មានការ​អនុវត្ត​ច្បាប់​ អ្នកប្រើ​ប្រាស់​ផ្លូវ​ក៏​ត្រូវ​តែ​ចូល​រួម​គោរព​ច្បាប់​ទាំង​អស់​គ្នា ហើយ​មិន​ត្រូវ​ទម្លាក់​កំហុស​តែលើ​ភាគី​ណាមួយ​នោះទេ។​

ឯកឧត្តម​បន្តថា៖ «បើ​ចាំ​តែ​ប៉ូលីស​នៅ​លើ​ផ្លូវ​បាន​គោរពអ៊ីចឹង​ម៉េចបាន...ប្រ​ទេស​ខ្លះសឹង​គ្មាន​ម៉ូលិសឈរ​ផង​នៅគេ​គោរពច្បាប់​ ហើយ​យើង​ប៉ូលិស​ឈរ​ប៉ុណ្ណឹង​ហើយ​នៅ​តែមិន​គោរព បើ​យើង​នៅតែ​អ៊ីចឹង​ទៀត​មិនអាចទេ មានតែប្រើ​វិធានការណ៍​ច្បាប់​ហើយ​បើ​ច្បាប់​ឲ្យ​ចាប់ឃាត់ទុកៗតែម្តង...​ចូល​រួមតែ​ប៉ូលិសម៉េច​បាន ទាល់តែ​អ្នកប្រើប្រាស់​ផ្លូវ​ចូល​រួមទាំងអស់គ្នា មិន​អាច​ដាក់​កំហុសតែ​ពល​រដ្ឋ ឬសមត្ថកិច្ច​អនុវត្ត​ច្បាប់ទេ ទាល់តែចូល​រួមទាំងអស់​គ្នា»។

បើតាម​របាយការណ៍​របស់​សាលារាធានី​ភ្នំពេញ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៦ ចំនួន​ម៉ូតូ​ចុះបញ្ជី​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​១លាន​៦​សែនគ្រឿង និង​រថយន្ត​មានជាង​៤៤​ម៉ឺនគ្រឿង៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

មតិយោបល់