• 2018-05-07 05:32:58
  • ព័ត៌មាន

ជំនឿមួយដែលពល​រដ្ឋខ្មែរ​ទំនងជាពិបាក​បោះបង់​ មុន​នឹង​រៀបអាពាហ៍​ពិពាហ៍​កូន​ចៅ​

  • 2018-05-07 05:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

មិន​និយាយ​ដល់​ចំណុច​ផ្សេង​ៗ​ក្នុង​ពិធីរៀបអាពាហ៍​ពិពាហ៍​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ យ៉ាង​ហោច​ណាស់​ចំណុចមួយ​​ដែល​ទំនងជា​ឪពុក​ម្តាយ​កូន​កំលោះ ក្រមុំ​មួយ​ចំនួន​បាន​ប្រ​កាន់​ខ្ជាប់មុននឹង​សម្រេច​រៀបចំពិធី​មង្គល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន។​

(រូបតំណាង)

មុនពេល​​សម្រេច​ឲ្យ​កូន​កំលោះ ឬកូន​ក្រ​មុំ​របស់​ខ្លួន​រៀប​ការ​ជាមួយ​បុរស ឬនារីណាម្នាក់​ឪពុក​ម្តាយ​មួយ​ចំនួនក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​តែង​​តែ​រកគ្រូ​ហោរគន់គូរ​មើល​ខែ​ឆ្នាំ​កំណើត​គូ​ស្រករ​ទាំង​ពី​រជាមុន​សិន​​បើ​ថា​ល្អ​ត្រូវ​គ្នា​ទើប​​អនុញ្ញាត​ឲ្យ​រៀបការនឹង​គ្នា​បាន។ ទោះយ៉ាងណា​គំនិត​នេះ​ត្រូវ​បាន​យុវជន​សម័យ​ថ្មី​មួយ​ចំនួន​គិត​ថាមិន​​សមហេតុ​ផល​ប៉ុន្មានទេ ដោ​យលើកឡើងថា​គូស្វាមីភរិយា​ដែល​អាច​រស់​នៅជា​មួយ​គ្នា​បាន​គឺជា​អ្នក​ដែល​ចេះយោគយល់ និង​អធ្យាស្រ័យ​គ្នា​ល្អ​ទៅវិញ​ទេ។

ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រ​កាន់​ខ្ជាប់​នូវជំនឿ​មួយ​ចំនួន​​ដែល​បន្សល់ទុក​ពី​ដូន​តា​មក។ ទាក់​ទងនឹង​ជំនឿ​មើល​ខែ​ឆ្នាំ នេះ​មានគ្រួសារ​ខ្លះ​បាន​ប្រកាន់​តឹង និង​មានគ្រួសារ​ខ្លះ​ក៏បាន​បន្ធូរ​បន្ធយ​ទៅ​តាម​យុគសម័យ​កាល​ផងដែរ។

ទោះយ៉ាងនេះក្តី ក៏មាន​ដែរ​ការរើបម្រាសពី​ជំនឿ​គន់គូរខែ​ឆ្នាំ​កូនប្រុស​ស្រី​នេះតាំងពី​រាប់ទសវត្សរ៍​មុន​។ ក្នុង​ចំណោម​បទ​ចម្រៀង​ខ្មែរ​មុន​ឆ្នាំ​១៩៧៥​ ​មិន​តិច​បទទេ​ដែល​បានរិះគន់​ទៅ​លើ​ការ​យក​ខែឆ្នាំ ធំ​ជាង​មនោសញ្ចេតនា តែអ្វីទាំងនេះ​មិន​អាច​លុប​ជំនឿដែល​ពល​រដ្ឋ​ខ្មែរ​មាន​នោះទេ។​​

​សម្រាប់​លោក ឈូក ញ៉ រស់​នៅ​ក្រុង​ដូន​កែវ ខេត្ត​តាកែវ​ លើកឡើក​ឡើងថា​ការ​មើល​ថ្ងៃខែឆ្នាំ​កំណើត​កូន​ប្រុស​ស្រី មុន​នឹង​សម្រេច​ឲ្យ​រៀប​ការ​នឹង​គ្នា​ជា​រឿង​សំខាន់។ សំខាន់​ត្រង់​ថា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​គូស្រករ​ថ្មី​ជា​កត្តា​កំណត់​​ជោគជាតា​របស់​អ្នក​ទាំងពីរ។ បុរស់​វ័យ​៧៤​ឆ្នាំ​ដដែល​បន្ថែម។

លោក​បន្តថា៖ «ចំពោះ​ខ្ញុំៗ​ជឿ​រឿង​ហ្នឹង​មិន​អាច​រំលង​បាន​ទេ​ព្រោះ​បង​ប្អូន​ខ្ញុំ​នៅ​(ខេត្ត)​បាត់​ដំបង​​ព្រោះតែ​មិ​ន​ជឿថ្ងៃ​ខែ​ឆ្នាំ​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ព្រាត់​គ្នា»។ លោក​ចាត់ទុក​ថា​ការអនុវត្ត​បែប​នេះ​ក៏​បង្ហាញ​ពី​អត្តសញ្ញាណ​មួយ​របស់​ជនជាតិ​ខ្មែរ។លោក​បន្ថែមថា៖​«មិន​គាំ​ទ្រកា​បោះ​បង់​ប្រពៃណី​ដ៏ល្អ​នេះ​ទេ​ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​ជាតិ​មួយ​ដែរ»។

(រូបតំណាង)

ងាក​មក​លោក​ ហេង​ រស់ វ័យ​៦៥​ឆ្នាំ ជា​អនុប្រធាន​សមាគម​អាចារ្យស្រុក​ទ្រាំង ខេត្ត​តាកែវ វិញ​លើក​ឡើង​ថា​ការ​គន់​គូរ​ថ្ងៃ​កំណើត​កូន​ប្រុស​ស្រី​នេះ​មិន​មាន​ក្បួនណា​ថា​បើ​មិន​ធ្វើ​នឹង​មាន​គ្រោះ​នោះទេ តែ​ថា​នេះ​ជា​ទម្លាប់ និង​ជំនឿ​តៗគ្នា​របស់​ចាស់​បុរាណ​មក។ ទោះ​យ៉ាងណា​លោក​ក៏មិន​បាន​ជំទាស់​នៅ​នឹង​ការ​អនុវត្តបែបនេះ​ដែរ ដោយ​ចាត់ទុក​ថា​នេះជា​ជំនឿ​ដែល​មាន​តាំងពី​ដូន​តា​​មក។​

លោកបន្តថា​៖ «មិន​មាន​ក្បួន​ច្បាប់​ណា​កំណត់​ថាបើមិន​ធ្វើតាម​វា​(នឹង)​កើត​មាន​គ្រោះ​ថ្នាក់​ឬការព្រាត់​ប្រាស់​គ្នា​អីនោះ​ទេគឺវា​គ្រាន់​តែជាជំ​នឿ​តៗ​គ្នា​ប៉ុណ្ណោះ...​ប៉ុន្តែ​បើ​យើង​បោះបង់​ជំនឿ​ទាំង​នេះវា​(អាច)​បាត់​បង់​វប្បធម៌ជំនឿមួយ​ផ្នែក(បន្សល់)​​ត​ពី​ដូន​តាមក»។

​ទាក់ទង​នឹង​ជំនឿ​លើ​ការ​គន់​គូរ​ខែ​ឆ្នាំ​កូន​កំលោះ ក្រមុំ​ មុន​នឹង​អនុញ្ញាត​ឲ្យ​រៀបការ​បាន​នេះ​កវី​ល្បី​ឈ្មោះ​ខ្មែរ​មួយ​រូប​នៅ​ចុង​​សតវត្សរ៍ទី១៩ និង​ដើម​សតវត្សរ៍ទី​២០ និង​បន្ត​ល្បី​ដល់​បច្ចុប្បន្ន​បាន​ប្រៀន​ប្រ​ដៅ​ជនានុជន​ខ្មែរ​ប្រុស​ស្រី​មិន​ឲ្យ​ជឿលើ​ខែ​ឆ្នាំនេះទេ។ ភិរម្យភាសាអ៊ូ ហៅង៉ុយ ឬ​ក្រម​ង៉ុយ​ កើត​នៅ​ឆ្នាំ១៨៦៥ និង​ទទួលអនិច្ចកម្ម​នៅ​ឆ្នាំ១៩៣៦។

ភិរម្យភាសា​អ៊ូ លើក​ឡើង​ក្នុង«ច្បាប់​ល្បើក​ថ្មី» ត្រង់​​វគ្គ​មួយ​ថា​ក្បួន​តម្រា​គឺគ្រាន់តែជា​ការ​ចារ​ដោយ​ការ​កត់​សម្គាល់​របស់មនុស្ស​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែប៉ុណ្ណោះ។ អ្វី​ដែល​កវី​ល្បី​ឈ្មោះ​រូបនេះ​អប់រំកូន​ចៅ​ក្នុង​ការ​រក​គូស្រក​រគឺការ​ពិនិត្យ​ទៅ​លើ​ពូជពង្សផៅទៅ​វិញ​ទេ។

ក្នុង​ច្បាប់​ល្បើក​ថ្មី​ត្រង់​វគ្គ​មួយ​​សរសេរថា៖

(សម្រង់ពីច្បាប់ល្បឿកថ្មី)

សម្រាប់​យុវវ័យ​សម័យ​ថ្មី​វិញ តាម​ការ​សាកសួរ​របស់អ្នក​សារព័ត៌​មាន​ Sabay មាន​អ្នក​ខ្លះ​ថាជឿ​ខ្លះៗដែរ និងមាន​អ្នកខ្លះទៀត​ថាខ្លួន​មិន​ជឿនោះទេ។ អ្នក​ខ្លះ​​លើក​ឡើង​ថា​ទោះថ្ងៃ​ខែ​ឆ្នាំ​កំណើត​ល្អ​យ៉ាងណា​ក៏​ដោយ តែ​បើ​រស់​នៅ​មិន​ចុះសម្រុង​គ្នា​ក៏គ្មាន​សុភមង្គល​ដែរ។ សម្រាប់​យុវវ័យ​សម័យ​ថ្មី​មួយ​ចំនួន​ ការ​ស្គាល់​គ្នា និង​សិក្សា​យល់ចិត្ត​គ្នា​​ក្នុង​រយៈពេល​សមល្មម​ណាមួយ​មុន​ពេល​សម្រេចចិត្ត​រៀបការ​ជា​រឿង​សំខាន់​សម្រាប់​គូជីវិត៕

អត្ថបទ៖ ទូច សុខា និង ជិន វេន

មតិយោបល់