• 2018-05-09 09:34:43
  • ជំនឿ

ព្រះអង្គ​ពូកែស័ក្ដិសិទ្ធិ​​បំផុត៤កន្លែង ល្បីថាបន់ហើយពិតជាបានដូចចិត្តមែន

  • 2018-05-09 09:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​អារាម​ ៤​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា មាន​បារមី​ព្រះអង្គ​ពូកែ​ស័ក្ដិសិទ្ធិ​បន់​ស្រន់​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង។ ក្នុង​នោះ​មាន​វត្ត​មួយ​ក្នុង​ខេត្ត​ ក្រចេះ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ ក៏​ធ្លាប់​​យាង​ទៅ​​បន់​ស្រន់​ទី​នោះ​​ ​សុំ​ឲ្យ​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ពី​បារាំង បាន​សម្រេច​នៅ​ឆ្នាំ​​១៩៥៣​ទៀត​ផង។ ​

១. ព្រះអង្គ​ខ្មៅ​វត្ត​ព្រៃ​អង្គរ​

ព្រះអង្គ​ខ្មៅ​ ជា​ព្រះ​ពុទ្ធរូប​​តែ​មួយ​អង្គ​គត់​ ​​ដែល​​នៅ​សល់​តាំង​ពី​សម័យ​​ហ្លួង​ព្រះ​ស្ដេច​កន​ ​​នៅ​ចន្លោះ​សតវត្ស​ទី​១៥-១៦។ ព្រះ​អង្គ​ខ្មៅ​​ ​​បច្ចុប្បន្ន​ស្ថិត​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​ ភូមិ​បន្ទាយ​ព្រៃ​នគរ​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ ​​គឺ​ធ្វើ​ឡើង​ពី​មាស​ខ្មៅ​​ លាយ​ជាមួយ​សំរឹទ្ធិ និង​ព្រះនេត្រ​ដាំ​ពេជ្រ ​​ហើយ​ល្បី​ថា​មាន​បារមី​សក្ដិសិទ្ធិ​ណាស់ ​​ខណៈ​​អ្នក​ធំៗ​មន្ត្រី​រាជការ ​និង​អ្នក​នៅ​​ក្រៅ​ប្រទេស​ ក៏​តែង​​ទៅ​បន់​ស្រន់​បាន​សម្រេច​ដូច​បំណង។

​ព្រះ​តេជគុណ កុសល​ ​មាន​សង្ឃ​ដីកាថា«សម័យ​ស្ដេច​កន ​ព្រះ​អង្គ​ខ្មៅ​មាន​បារមី​ឫទ្ធិ​ខ្លាំង​ក្លា​ណាស់ នៅ​ពេល​ដែល​មេទ័ព​ចេញ​​​ច្បាំង​ជាមួយ​សៀម​តែង​បន់​ស្រន់​ និង​ទទួល​បាន​ជ័យ​ជម្នះ។ ​បច្ចុប្បន្ន​​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​ផ្សេងៗ ឬ​អ្នក​​ក្រៅ​ប្រទេស​ក៏​តែង​មក​បន់​ស្រន់​សុំ​សេចក្ដី​សុខ ​និង​បួង​សួង​សុំ​ឲ្យ​ក្ដី​ប្រាថ្នា​​ជា​ដើម ហើយ​ពេល​ខ្លះ​មាន​អ្នក​មក​បន់​ដល់​ម៉ោង​១២​យប់ក៏​មាន​ ព្រោះ​តែ​ពួកគេ​នៅឆ្ងាយ។ ភាគ​ច្រើន​ពួកគេ​តែង​ទទួល​បាន​​សម្រេច​ ហើយ​ក៏​មក​ថ្វាយ​​ព្រះ​ពុទ្ធ​រូប​នៅ​វត្ត​នេះ»។

២. ចេតិយ​ព្រះនាង​ក្រពុំ​ឈូក​នៅ​វត្តសសរ​១០០

ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក​ ​ដែល​​ស្ថិត​នៅ​ក្នុង​វត្ត​សសរ​១០០​ ​នា​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ​ល្បី​ល្បាញ​ថា ​​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់​ សូម្បី​​អតីត​ព្រះ​មហា​វីរក្សត្រ ⁣ព្រះ​បរម​រតន​កោដ្ឋ⁣⁣⁣⁣ ព្រះ​ករុណា​ព្រះ​បាទ⁣ សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​ធ្លាប់​​យាង​ទៅ​​បន់​ស្រន់​ទី​នោះ​​ ​សុំ​ឲ្យ​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ពី​បារាំង បាន​សម្រេច​នៅ​ឆ្នាំ​​១៩៥៣​ផង​ដែរ។

លោក​តា​អាចារ្យ ​អ៊ុយ គីមហូន​​ នៅ​វត្ត​សសរ​១០០​ ​​បាន​ប្រាប់​ក្រុម​ការងារ​​ «ផ្លូវ​ទៅ​ស្រុក» របស់ Sabay ​ថា ក្នុង​សម័យ​កាល​អាណានិគមបារាំង ចន្លោះ​ឆ្នាំ​១៨៦៣​ ដល់​ឆ្នាំ​១៩៥៣ សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​​យាង​​ទៅ​បន់​ស្រន់​នៅ​ព្រះ​រាជ​​ចេតិយ​​នេះ​ ដើម្បី​សុំ​ឲ្យ​​ប្រទេស​កម្ពុជា​ រួច​ផុត​ពី​អាណានិគម​បារាំង​ ​ហើយ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ​ក្រោម​ព្រះ​រាជ​បូជនីយកិច្ច​ ទាមទារ​ឯករាជ្យ​​របស់​ព្រះ​អង្គ​ ពិត​ជា​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ធេង ជា​ប្រវត្តិសាស្ត្រ​​មែន។ ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ហើយ​ សម្ដេច​សីហនុ ​ក៏​​មិន​​ភ្លេច​​មក​លា​បំណន់​​ចេតិយ​នេះ​ដែរ។ ព្រះ​អង្គ​បាន​មក​ជួយ​ស្ថាបនា​ចេតិយ​នេះ​ជា​ថ្មី ​និង​សម្ពោធ​នៅ​ឆ្នាំ​១៩៥៦។

ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​ ​​ត្រូវ​បាន​ព្រះ​បាទ​អង្គ​ចន្ទ​​រាជា (បិតា​របស់​ព្រះ​នាង) ​កសាង​ឡើង​នៅ​ឆ្នាំ​១៥២៩ ​ហើយ​ព្រះ​រាជ​ចេតិយ​នេះ​​ក្រោយ​មក ក៏​មាន​បញ្ចុះ​​ព្រះ​រាជ​អដ្ឋិធាតុ​ព្រះ​សត្ថា​ទី​១ ព្រះ​ជ័យ​ជេដ្ឋា​ទី​១ ​ព្រះ​រាជ​សំភារ​ចៅ​ព​ញាតូ ព្រះ​នាង​ព្រះ​ម៉ែ​យួ​បុប្ផាវតី និង​ព្រះ​ធាតុ​ ព្រះ​រាជ​​វង្សានុវង្ស​ជា​ច្រើន​អង្គ​ទៀត។

៣. ព្រះអង្គធំ​នៅ​វត្ត​ប្រាសាទ​

ស្ទើរ​រៀងរាល់​ថ្ងៃសីល និង​ថ្ងៃ​បុណ្យ​ទាន​ធំៗ គឺ​ពុទ្ធបរិស័ទ​ជាច្រើន​បាន​ទៅ​បន់ស្រន់ និង​ធ្វើ​ពិធី​ស្រោច​ទឹក ចារ​យ័ន្ត​លើ​លុយ និង​បន់​ស្រន់​ព្រះ​អង្គ​ធំ​ដើម្បី​សុំ​សេចក្ដី​សុខ រក​ស៊ី​មាន​បាន ហើយ​ខ្លះ​បន់​សុំ​កូន​ ក៏​សម្រេច​បាន​ដូច​បំណង​ជាច្រើន ម៉្លោះ​ហើយ​ទើប​មាន​អ្នក​មក​លាបំណន់ ដោយ​ជាវ​រូប​សំណាក​ពុទ្ធបដិមា​​ជាហូរហែ​មក​តម្កល់​ទុក​នៅ​វត្ត​ប្រាសាទ។

វត្ត​ប្រាសាទ​ស្ថិត​នៅ​ក្នុង​សង្កាត់​ពញា​ពន់ គឺជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ដែល​ទើប​កាត់ចេញ​ពី​ស្រុក​ពញាឮ​ ចូលក្នុង​ខណ្ឌ​សែនសុខ កាល​ពី​ពេល​ថ្មីៗ​នេះ។

៤. វត្ត​ភ្នំ​ក្លែង

វត្តភ្នំ​ខ្លែង​ជា​វត្ត​បុរាណ​តាំង​ពី​សតវត្ស​ទី​១៨ ដែល​សង់​នៅ​ទី​កំពូល​ភ្នំ​ដែល​ពលរដ្ឋ​ជា​ច្រើន​ជំនាន់​ ល្បី​ថាមាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ។

បារមី​ជាច្រើន​នៅ​គ្រង​រក្សា​ទី​សក្ការ​ដ៏​ចំណាស់​នេះ​​ដូចជា​បារមី​ព្រះអង្គ​បញ្ច​គី​ចំនួន ២១ អង្គ សម្រាប់​អ្នក​ដែល​ចង់​បន់ស្រន់​មុខ​របរ​រកស៊ី​ចម្រុងចម្រើន បារមី​យាយ​រំដួល​សម្រាប់​អ្នក​ផ្សង​រក​គូ​ស្នេហ៍ បារមី​លោកតា​ដំបង​ដែក បារមី​​ព្រះ​គោ​ព្រះ​កែវ បារមី​អណ្ដូងទឹក​ដែល​មាន​កុមារ​ពេជ្រ កុមារ​ទេព​ថែ​រក្សា សម្រាប់​អ្នក​បន់ស្រន់​សុំ​បុត្រ​ ប្រុស-ស្រី សម​តាម​បំណង​ប្រាថ្នា។

វត្ត​ភ្នំ​ខ្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ មាន​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ និង​មាន​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​ពី​ក្រុង​ដូនកែវ​ខេត្ត​តាកែវ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់