• 2018-05-16 03:00:51
  • សុខភាព

ថ្មីបំផុត! កម្ពុជាមានឡានគ្លីនិក ២០គ្រឿងដំបូងគេ បំពាក់ឧបករណ៏ទំនើបៗ ជាង២០ ប្រភេទ

  • 2018-05-16 03:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ រថយន្ត​គ្លីនិក​ចល័ត​ ២០គ្រឿង​ដំបូង​គេ​​ ​បាន​ដឹក​ដល់​ដី​កម្ពុជា ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ ប្រជាមានិត​ចិន ផ្ដល់​ឲ្យ​ក្រសួង​សុខាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រថយន្ត​គ្លីនិក​ចល័ត​

ឡាន​គ្លីនិក​ចល័ត​នេះ​ នឹង​ត្រូវ​បែងចែក​ទៅ​ឱ្យ​ មន្ទីរ​សុខាភិបាល​ រាជធានី-ខេត្ត​ទាំង​២៥ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​សេវា​ពិនិត្យ ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​បង្ខិត​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធ​ភាព។

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល  បាន​មាន​ប្រសាសន៍​ថា រថយន្ត​គ្លីនិក​ចល័ត​នេះ ត្រូវ​បាន​បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ មាន​ដូចជា ម៉ាស៊ីន​កាំរស្មី​អ៊ិច​ឌីជីថល អេកូ​ឌីជីថល ឧបករណ៍​វិភាគ​ទឹកនោម ឧបករណ៍​វិភាគ​ឈាម ម៉ូនីទ័រ​តាម​ដាន​គភ៌​ទារក និង​ម្ដាយ ជញ្ជីង​ថ្លឹង​ទម្ងន់ និង​វាស់​កម្ពស់ ឧបករណ៍​ឆែក​មុខងារ​សួត ឧបករណ៍​វិភាគ​ជីវគីមី​ដោយ​ស្វ័យប្រវត្តិ (Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope)​ ឧបករណ៍​ពិនិត្យ​សុដន់​អ៊ីនហ្រ្វារ៉េដ កញ្ចប់​ឧបករណ៍​ផ្នែក​រោគ​ស្ត្រី កញ្ចប់​ឧបករណ៍​ផ្នែក​វះ​កាត់​ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអី​ព្យាបាល​ធ្មេញ ម៉ាស៊ីន​ខ្យល់​កម្ចាត់​មេរោគ មីក្រូទស្សន៍​ជីវសាស្ត្រ ឧបករណ៍​កម្ចាត់​មេរោគ ទូ​ទឹកកក​វេជ្ជសាស្ត្រ និង​គ្រឿង​បន្លាស់​សរុប ៥% នៃ​សម្ភារៈ​បរិក្ខារ ពេទ្យ​ ទាំងអស់។

សម្ភារៈ​បរិក្ខារ ពេទ្យ​ដែលមាននៅក្នុងរថយន្ត​គ្លីនិក​ចល័ត​

សូម​បញ្ជាក់​ថា ការ​ផ្ដល់​រថយន្ត​គ្លីនិក​ចល័ត​នេះ ត្រូវ​បាន​ធ្វើ​ជា ២ដំណាក់កាល​ គឺដំណាក់កាលទី១ បាន​ប្រគល់​ឲ្យ​កម្ពុជា​ចំនួន​២០គ្រឿង។ រីឯ ២០គ្រឿង​ទៀត ភាគីចិននឹងផ្តល់ជូនក្នុងតំណាក់កាលទី២ ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា យ៉ាង​យូរ​បំផុត ​ត្រឹមថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៨

(រូបភាព ក្រសួងសុខាភិបាល)

អត្ថបទ៖ ពៅ រក្សា

រូបភាព៖ ក្រសួងសុខាភិបាល

មតិយោបល់