- 2018-05-17 03:17:20
- ចរាចរណ៍
លោក អ៊ា ចរិយា៖ «សំពាធការងារ និងកត្តារួមផ្សំមួយចំនួន នាំឱ្យឥរិយាបថអ្នកបើកបរកាន់តែធ្លាក់ចុះ»
- 2018-05-17 03:17:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អ៊ា ចរិយា៖ «សំពាធការងារ និងកត្តារួមផ្សំមួយចំនួន នាំឱ្យឥរិយាបថអ្នកបើកបរកាន់តែធ្លាក់ចុះ»
ចន្លោះមិនឃើញ
ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ឥរិយាបថរបស់អ្នកបើកបរមួយចំនួនត្រូវបានអ្នកឃ្លាំមើលពីបញ្ហាចរាចរណ៍ថា កាន់តែមានការធ្លាក់ចុះ បើគេធ្វើការប្រៀបធៀបពី ៥ឆ្នាំទៅ១០ឆ្នាំមុន។ ធ្លាក់ចុះដោយសារអ្នកបើកបរមួយចំនួនរងសំពាធពីការងារ និងកត្តារួមផ្សំមួយចំនួនទៀត។
ដើម្បីជ្រាបច្បាស់សូមតាមដានកិច្ចសម្ភាសរវាង sabay និងលោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ដូចតទៅ៖
sabay៖ តើឥរិយាបថអ្នកបើកបរនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរ ធៀបនឹង ៥ឆ្នាំទៅ១០ ឆ្នាំមុន?
លោក អ៊ា ចរិយា៖ ពាក់ព័ន្ធនឹងករណីហ្នឹង បើយើងមើលកាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាយើងនៅជាប្រទេសក្រីក្រ ហើយហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់របស់យើងហ្នឹងវានៅមានលក្ខណៈអន់ថយនៅឡើយ ហើយប្រជាជននៅក្នុងប្រទេសកម្ពុជាក៏មានតិចជាង ៤០០%នៃចំនួនប្រជាជនបច្ចុប្បន្ន។ អីចឹង! ស្ថានភាពចរាចរណ៍នៅពេលនោះក៏មិនមានលក្ខណៈស្មុគស្មាញដែរ។ អត្រាអ្នកគ្រោះថ្នាក់ដោយបញ្ហាចរាចរណ៍ក៏នៅមានតិច តិចជាងពេលបច្ចុប្បន្ននេះ តិចជាងរហូតដល់ទៅពីរដងនៃស្ថានភាពបច្ចុប្បន្ននេះ។ បច្ចុប្បន្នដោយសារមានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏មានការរីកចម្រើន ចំនួនយានយន្តក៏មានការកើនឡើង អញ្ចឹងក៏ធ្វើឱ្យអត្រាគ្រោះថ្នាក់មានការកើនឡើងខ្ពស់ដែរ។ បើយើងសង្កេតមើលការគោរពច្បាប់វិញ កាលពីមុនដោយសារចរាចរណ៍មានចំនួនតិច ហើយការបើកបរមានភាពអធ្យាស្រ័យគ្នាច្រើនជាងពេលបច្ចុប្បន្ននេះ សីលធម៌ ការគោរពគ្នាទៅវិញទៅមកការមានភាពល្អប្រសើរជាងពេលបច្ចុប្បន្នដែរ។ បច្ចុប្បន្នមានកត្តាជាច្រើន ដែលធ្វើឱ្យគាត់ហ្នឹងបើកបរមិនចេះអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមកហ្នឹង ដោយសារកត្តាទី១ គឺការបំពុលពីសម្ភារៈនិយមដូចជាការប្រើប្រាស់ទូរសព្ទដៃក្នុងពេលបើកបរ ការប្រើប្រាស់គ្រឿងស្រវឹង ការបើកបរហួសល្បឿនកំណត់ ហើយមួយទៀត គឺសំពាធនៅក្នុងសង្គម ដែលគេហៅថាភាពតានតឹង ដែលយើងហៅថា ស្រេ្តសហ្នឹង។ មនុស្សបច្ចុប្បន្នមានបញ្ហាផ្លូវចិត្តហ្នឹងច្រើន បើយើងផ្អែកតាមការស្រាវជ្រាវ ពោលគឺមានលើសពី ៥០% ដែលគេហៅថា គាត់មានភាពតានតឹងក្នុងចិត្ត។ អញ្ចឹងធ្វើឱ្យអត្រានៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមានច្រើនជាងមុន ហើយការមិនគោរពគ្នា និងការអត់ឱនឱ្យគ្នាក៏មានច្រើនជាងមុនដែរ។
sabay៖ តើឥរិយាបថមិនល្អរបស់អ្នកបើកបរជះឥទ្ធិពលអវិជ្ជមានយ៉ាងណាដែរ?
លោក អ៊ា ចរិយា៖ ផលប៉ះពាល់មិនល្អទី១ ធ្វើឱ្យសណ្ដាប់ធ្នាប់ចរាចរណ៍ក្នុងប្រទេសកម្ពុជាមានភាពស្មុគស្មាញ វាមានការកកស្ទះជាងមុន ដោយសារភាពមិនចេះអត់ឱនឱ្យគ្នា ភាពមួរម៉ៅហ្នឹងក៏កើតមានឡើងច្រើនដែរ ហើយផលប៉ះពាល់សំខាន់ទី២នោះធ្វើឱ្យខាតបង់ទាំងសេដ្ឋកិច្ច ធនធានមនុស្ស និងផ្លូវចិត្ត ព្រោះអីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យគាត់បាត់បង់។ ក្រៅពីនោះវិស័យសុខាភិបាលតម្រូវឱ្យមានសេវាថែទាំព្យាបាល និងដល់ប្រព័ន្ធតុលាការ ។ បណ្ដាលឱ្យពិការដោយសារបាត់បង់កាយសម្បទាជាដើម។
sabay៖ លោកកត់សំគាល់ឃើញ ការអនុវត្តច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្នធៀបនឹងពេលមុន?
លោក អ៊ា ចរិយា៖ បើយើងប្រៀបធៀបកាលពី ១០ឆ្នាំមុនយើងឃើញថា ការអនុវត្តរឹតបណ្ដឹងច្បាប់កាលពីមុនក៏មានភាពធូរលុងជាងពេលបច្ចុប្បន្នដែរ ប៉ុន្តែដោយសារតែចរាចរណ៍នៅពេលនោះ វាធ្វើឱ្យស្ថានភាពកាលពី១០ឆ្នាំមុនមានភាពល្អប្រសើរជាងពេលបច្ចុប្បន្នទៅវិញ។ បច្ចុប្បន្ននេះការអនុវត្តពេលខ្លះរឹតបណ្ដឹងខ្លាំងជាងមុនមែន ប៉ុន្តែបើធៀបនឹងចំនួនប្រជាពលរដ្ឋ កំណើនយានយន្ត និងកត្តាផ្លូវអីហ្នឹង វាធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍មានផលប៉ះពាល់ច្រើនជាងពេលមុន។ ដូច្នេះអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ៖
sabay៖ បើធៀបនឹងប្រទេសជិតខាង តើការគោរពច្បាប់យ៉ាងណាដែរ?
លោក អ៊ា ចរិយា៖ បើប្រៀបធៀបនឹងប្រទេសជិតខាងយើងឃើញថា ប្រទេសកម្ពុជាយើងបច្ចុប្បន្នការគោរពច្បាប់ហ្នឹងនៅមានលក្ខណៈ អន់ខ្សោយជាងគេឆ្ងាយ ទី១ដោយសារចំណេះដឹងប្រជាពលរដ្ឋប្រៀបធៀបនឹងប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាម គឺប្រជាពលរដ្ឋយើងនៅទាបជាងគេ ហើយការគោរពច្បាប់ក៏នៅតិចជាងគេដែរ ដោយសារយើងយល់ដឹងតិចជាងគេ ហើយការរឹតបន្តឹងច្បាប់របស់យើងក៏មិនមានលក្ខណៈតឹងរឹងច្បាស់លាស់ និងជាប់លាប់ដូចប្រទេសជិតខាងដែរ។ យើងឃើញសូម្បីប្រទេសវៀតណាម អត្រាពាក់មួកសុវត្ថិភាពរបស់គេគឺមានរហូតលើសពី ៩៥% ចំណែកប្រទេសកម្ពុជាយើងវិញ យើងនៅក្រោយអត្រា៤០%នៅឡើយអ្នកពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។
sabay៖ តើកម្ពុជាចាំបាច់មានផែនការយុទ្ធសាស្ត្រយ៉ាងណា ដើម្បីឈានទៅកែប្រែឥរិយាបថអ្នកបើកបរ?
លោក អ៊ា ចរិយា៖ ទី១ ការអប់រំគឺជាប្រការដ៏ចាំបាច់បំផុត ជាពិសេសកុមារដែលយើងចាំបាច់ ត្រូវតែធ្វើការអប់រំតាំងពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យដើម្បីបង្កើនឱ្យមានទម្លាប់ ឬវប្បធម៌ក្នុងការគោរពច្បាប់។ ទី២ ដើម្បីឱ្យប្រជាពលរដ្ឋជ្រាបដូចគ្នាយើងចាំបាច់ត្រូវតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមបណ្ដាញសារព័ត៌មាន។ ទី៣ យើងត្រូវតែពង្រឹងក្នុងការរៀនបើកបរនៅតាមសាលាបើកបបរ ហើយនឹងការប្រលងយកប័ណ្ណបើកបរត្រូវធ្វើឱ្យបានតឹងរឹង និងច្បាស់លាស់ទើបមានគុណភាពខ្ពស់ទើបប្រជាពលរដ្ឋអាចយល់ដឹងពីច្បាប់នឹងបានល្អប្រសើរ៕