• 2018-05-20 08:26:29
  • ជំនឿ

មកស្គាល់ព្រះពុទ្ធរូប២កន្លែង ធំជាងគេបំផុតនៅកម្ពុជា

  • 2018-05-20 08:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុទ្ធសាសនិក​ជន​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​វត្តអារាម​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា មាន​តម្កល់​ព្រះពុទ្ធរូប​ធំៗ ដើម្បី​គោរព​បូជា។ នៅ​ថ្ងៃ​ Sabay សូម​បង្ហាញ​វត្ត​អារាម​២​កន្លែង​មាន​តម្កល់​ព្រះពុទ្ធ​រូប​ធំ​ជាង​គេ​បំផុត។

១. ព្រះពុទ្ធរូប​នៅ​វត្ត​ព្រៃអង្គរ

ព្រះ​ពុទ្ធ​រូប​ធំ​មួយ ត្រូវ​បាន​គេ​តម្កល់​​នៅ​វត្ត​​​ព្រៃ​អង្គរ​​ ភូមិ​នគរ​ក្នុង​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ ព្រះ​ពុទ្ធ​​រូប​ព្រះ​អង្គ​​ទ្រង់​ផ្ទំ​នេះ​ កសាង​ឡើង​ ដើម្បី​​​ជា​វត្ថុ​តាង​មួយ​ ​សម្រាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ​​និង​​សម្រាប់​ឲ្យ​កុលបុត្រ​​កុលធីតា​ខ្មែរ​ ស្គាល់​ពី​កិរិយា របស់​ព្រះសម្មាសម្ពុទ្ធ។

​ព្រះ​ពុទ្ធ​រូប​ព្រះ​អង្គ​ផ្ទំ​នេះ​ កសាង​ឡើង​កាល​ឆ្នាំ​២០០៧។ ​​​បង​ប្អូន​ខ្លះ​ច្រឡំ​​​ថា ​ព្រះ​ពុទ្ធ​រូប​​នេះ​ជា​​ព្រះ​ពុទ្ធ​រូប​ព្រះនិព្វាន ប៉ុន្តែ​មិន​មែន​ទេ។ បើ​ព្រះ​ពុទ្ធ​រូប​ព្រះនិព្វាន​​គឺ មាន​ខ្នើយ​កើយ​នៅ​នឹង​ព្រះកេស ​រីឯ​​​ព្រះ​ពុទ្ធ​រូប​នេះ​វិញ គ្មាន​កើយ​អ្វី​ទេ គ្រាន់​តែ​ច្រត់​ព្រះហស្ត​ធម្មតា​ផ្ទំ​សម្រាក​ព្រះ​កាយ​ប៉ុណ្ណោះ។

ព្រះ​ពុទ្ធ​រូប​នេះ​ទៀត​សោត​ អាច​និយាយ​បាន​ថា ជា​ព្រះ​ពុទ្ធ​រូប​មួយ​ធំ​ជាង​គេ​បំផុត ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ប្រវែង​ពី​ចុង​​ព្រះ​បាត ​ទៅ​ព្រះកេស ​៤៥​ម៉ែត្រ​ ២​តឹក ​កម្ពស់​ពី​ព្រះ​ហស្ត​ទៅ​ព្រះ​កេស ១៣​ម៉ែត្រ ​៥​តឹក។ ​ព្រះ​ពុទ្ធ​រូប​នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​២០០៧ ​​និង​សាង​​សង់​​រួច​រាល់​​នៅ​ឆ្នាំ​២០០៩។ ការ​សង់​ព្រះ​ពុទ្ធ​រូប​នេះ​ គឺ​ដើម្បី​ជា​វត្ថុ​តាង​មួយ​ ​សម្រាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​នៅ​តំបន់​នេះ​ ​​និង​​សម្រាប់​ឲ្យ​កុលបុត្រ​​កុលធីតា​ខ្មែរ​​សម័យ​បច្ចុប្បន្ន​ ស្គាល់​ពី​កិរិយា របស់​ព្រះពុទ្ធ​បរមគ្រូ​​​ ​ថា​តើ ​​ព្រះ​អង្គ​ផ្ទំ​របៀប​​ណា

២. ព្រះពុទ្ធ​រូប​នៅ​វត្ត​ទួលរាជា

ពុទ្ធ​សាសនិកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង នៃ​សំណង់​ពុទ្ធបដិមា​ធំៗ​ផុស​អណ្តែត​យ៉ាង​ស្កឹមស្កៃ​ស្មើ​កំពូល​ព្រះវិហារ​នៃ​វត្ត​ទួលរាជា។ វត្ត​អារាម​ដ៏​ពិសិដ្ឋ​នេះ បាន​ទាក់ទាញ​ក្រសែ​ភ្នែក​មនុស្ស​ពី​ចម្ងាយ​មិន​រំលង​ឡើយ ​អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ស្ញប់ស្ញែង​ជាង​នេះ​ទៀត​ គឺ​គ្រប់​សមិទ្ធផល​តូច​ធំ​នៅក្នុង​ទី​អារាម​សាសនា​ព្រះពុទ្ធ​ដ៏ល្បីល្បាញ​មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង​តំណាង​ឲ្យ​ព្រះ​ទាំងអស់ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការ​លម្អ​ក្បាច់​ចម្លាក់​បុរាណ​ដែល​ត្រូវ​បាន​អ្នកភូមិ​និយម​ហៅ មជ្ឈមណ្ឌល​ព្រះ។

រូបភាព៖ មន្ទីទេសចរណ៍ខេត្តកណ្ដាល

ក្នុង​ចំណោម​ចម្លាក់​ដ៏​សម្បើម​ទាំងនោះ ព្រះពុទ្ធរូប​ទ្រង់​គង់​ព្រះ​ភ្នែន​ដ៏ខ្ពស់​ត្រដែត ​អាច​ធ្វើឲ្យ​យើង​គយគន់​ឃើញ​ពី​ចម្ងាយ​នោះ ហាក់បី​ដូចជា​ផ្ទាំង​គំនូរ​ផុស​ចេញ​នៅ​កណ្ដាល​វេហា។ ឯ​ព្រះពុទ្ធ​បដិមា​ប្រក់​នាគ​ទ្រង់​គង់​ពែន​ព្រះភ្នែន លើក​ព្រះហស្ត​ម្ខាង​នោះ ក៏​ជា​សំណង់​ដែល​ផ្ដល់​នូវ​អារម្មណ៍​ផ្លូវចិត្ត​ជ្រះថ្លា​ចំពោះ​បណ្ដា​ពុទ្ធសាសនិកជន​ផង​ដែរ។ ជុំវិញ​ព្រះវិហារ​មាន​តម្កល់​ព្រះពុទ្ធបដិមា​ពែន​ព្រះភ្នែន​៤​ព្រះអង្គ​នៅ​ផ្នែក​ខាង​ក្រៅ​ជញ្ជាំង​ព្រះវិហារ​ធ្វើ​ពី​ថ្មភក់។

រូបភាព៖ មន្ទីទេសចរណ៍ខេត្តកណ្ដាល

វត្ត​នេះ​ស្ថិតនៅក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំខេត្តកណ្ដាល មាន​ចម្ងាយ​ពី​ភ្នំពេញ​ប្រមាណ​ជាង៣០គីឡូម៉ែត្រ។ យើង​អាចធ្វើដំណើរចេញពីភ្នំពេញកាត់ក្រុងតាខ្មៅនិងស្រុកស្អាង ហើយ​ឆ្លង​ដ​កំពង់​ផែ​សំប៉ាន។ បន្ទាប់ពីឆ្លងដរួច លោក​អ្នក​អាច​ធ្វើ​ដំណើរ​ពី​ខ្ពប​ទៅ​ប្រមាណ​២​គីឡូ​ម៉ែត្រទៀត លោកអ្នកនឹងបានទៅ​ដល់ទូលរាជា។ បើ​ពុំនោះ​លោក​អ្នក​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​ព្រះមុនីវង្ស ហើយបត់ស្ដាំតម្រង់ទៅតាមព្រែកប្រាឆ្ពោះទៅមុខកាត់​ស្រុកកៀនស្វាយ និងស្រុកស្អាង នោះ​លោកអ្នកនឹងបានទៅដល់ជាមិនខានឡើយ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់