• 2018-05-21 07:01:19
  • ការអប់រំ

ជំនាញទាំង៦នៅកម្ពុជា ភាគច្រើនឃើញតែប្រុសៗរៀន ចប់មួយៗប្រាក់ខែខ្ទង់ពាន់ដុល្លារ

  • 2018-05-21 07:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ជំនាញ​ជា​ច្រើន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា នៅ​កម្ពុជា​ទាំង​រដ្ឋ​ និង​ឯកជន។ មិន​ថា​ជំនាញ​ណា​សុទ្ធ​តែ​មាន​ចំណុច​ល្អ​ និង​មាន​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​ការងារ​ដូច​គ្នា។ អ្វី​ដែល​សំខាន់​នោះ​ថា​តើ​រៀន​ជំនាញ​អ្វី​ដែល​ត្រូវ​នឹង​ទេព​កោសល្យ​ សមត្ថភាព​របស់​របស់​ខ្លួន។ ជា​ការ​កត់​សម្គាល់​មុខ​ជំនាញ​មួយ​ចំនួន​មិន​សូវ​មាន​និស្សិត​ស្រី​សិក្សា​នោះ​ទេ ភាគ​ច្រើន​ឃើញ​វត្ត​មាន​និស្សិត​ប្រុស​ច្រើន​បំផុត។

១. វិស្វករ​សំណង់​ស៊ីវិល​

តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រា​ចារ្យ ហេង ដារ៉ារិទ្ធិ ជំនាញ​នេះ​ភាគ​ច្រើន​មិន​សូវ​មាន​សិស្ស​ស្រី​រៀន​នោះ​ទេ ដោយ​ហេតុ​ថា ពេល​រៀន​ចប់​មិន​មែន​អង្គុយ​តែ​ក្នុង​ការិយាល័យ​នោះ​ទេ ត្រូវ​បញ្ចេញ​កម្លាំង និង​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​ខ្ពស់​បំផុត។

លោក​បន្ត​ថា ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​ និង រៀបចំ​សំណង់​​ស្ថាប័ន​ឯកជន និង សាធារណៈ ដូច​ជា​ហេដ្ឋារនា​សម្ព័ន្ធ (ផ្លូវ​ថ្នល់, ផ្លូវ​ដែក, ធារាសាស្ត្រ និង​ប្រព័ន្ធ​សំអាត​ទឹក) ស្ពាន និង សំណង់។ ក្រោយ​បញ្ចប់​ការ​សិក្សា​ អាច​មាន​ឱកាស​ក្នុង​ការ​ចូលរួម​គម្រោង​វិនិយោគ​ធំៗ របស់​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់។ ចំណែក​ឯ​កម្រៃ គឺ​ទទួល​បាន​ជា​កញ្ចប់​តែ​ម្ដង ក្នុង​១​គម្រោងៗ។

២. ស្ថាបត្យករ

សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ រូប​នេះ​ប្រាប់​ទៀត​ថា និស្សិត​ប្រុសៗ​ភាគ​ច្រើន​ចូលចិត្ត​រៀន​ជំនាញ​នេះ។ ​ជំនាញ​នេះ​មិន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ឡើយ។ ដើម្បី​អាច​ក្លាយ​ជាស្ថាបត្យករ​ម្នាក់បាន លុះ​ត្រា​តែ​យល់​ដឹង​អំពី ការរចនា និង យល់​ដឹង​ពី​សំណង់​អគារ​ ឱ្យ​បាន​ច្បាស់​លាស់។ មិន​តែប៉ុណ្ណោះ គឺ​ត្រូវ​យល់​ដឹង​ជា​ពហុជំនាញ មាន​ជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថាន​ជាដើម។ និយាយជារួម ស្ថាបត្យករ មិន​មែន​ជា​អ្នក​គូរ​ប្លង់ទេ តែ​ជា​អ្នក​សិក្សា​គម្រោង​ប្លង់ ស្ថាបត្យកម្ម។

ស្ថាបត្យករ ត្រូវ​តែ​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ព្រោះ​រាល់​ការ​សម្រេច​ចិត្ត​របស់​ស្ថាបត្យករ គឺ​ទាក់ទង​ដល់​សុវត្ថិភាព​សាធារណៈ។

៣. វិស្វករ​អគ្គិសនី​

ដោយ​ឡែក​បើ​តាម ការ​លើក​ឡើង​របស់​អតីត​និស្សិត​ម្នាក់​រៀន​ជំនាញ​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ ប្រាប់​ថា ការ​សិក្សា​ជំនាញ​នេះ​និស្សិត ត្រូវ​សិក្សា​មុខ​វិជ្ជា​សំខាន់​ៗ​មួយ​ចំនួន​ដូចជា៖ អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី, អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿង​យន្ត​ប្រើថាមពល និង អគ្គិសនី។ 

វិស្វកម្ម​អគ្គិសនី បណ្ដុះបណ្ដាល​ឱ្យ​និស្សិត​មាន​អាជីព ជា​អ្នក​បច្ចេកវិទ្យា​វិស្វកម្ម​អគ្គិសនី​។ អ្នក​បញ្ចប់​ការ សិក្សានឹងមានជំនាញ និង​ចំណេះ​ដឹង​សំខាន់​សម្រាប់​ធ្វើការ ក្នុង​វិស័យ​អគ្គិសនី អេឡិច​ត្រូនិច និង​កុំព្យូទ័រ ។ ចំណែក​តម្រូវ​ការ​ធនធាន​មនុស្ស គឺ​មាន​ច្រើន រី​ឯ​អ្នក​សិក្សា​មិន​សូវ​មាន​។ ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​។

៤. វិស្វកម្ម​មេកានិច

មុខ​វិជ្ជា​នេះ និស្សិត​​ត្រូវ​មាន​ចំណេះ​ដឹង​ឲ្យ​ល្អ​ផ្នែក​រូប​វិទ្យា និង​គណិត​វិទ្យា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ និស្សិត​អាច ធ្វើ​ការ​ស្រាវជ្រាវ បង្កើត អភិវឌ្ឍន៍ ផលិត និង​ធ្វើ​​តេស្តឧបករណ៍ជាច្រើន​ដូចជា ម៉ាស៊ីន គ្រឿង​យន្ត ព្រមទាំង​ឧបករណ៍​មេកានិច​ដ៏ទៃ​ទៀត។ វិស្វករ​មេកានិច​មាន​សមត្ថភាព​បង្កើត​ម៉ាស៊ីន​ទាំង​តូច​ ទាំង​ធំ​​ជាច្រើន ដូចជារ​ថយន្ត មនុស្ស​យន្ត ម៉ាស៊ីន​ផលិត​អគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់​ និង​ម៉ាស៊ីន​ដ៏ទៃ​ជាច្រើន​ទៀត។

ជា​ពិសេស​មាន​​ឱកាស​ការងារ​ដូចជា​ធ្វើ​ការ​នៅ រោង​ចក្រ​ផលិត​គ្រឿង​យន្ត​ឬ​ម៉ាស៊ីន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេកានិច ធ្វើ​ការ​ជាអ្នក​លក់បច្ចេកទេស ធ្វើ​ការ​ជាអ្នកត្រួត​ពិនិត្យនៅ​ក្នុង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ម៉ាស៊ីន អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬ​ជា​សាស្ត្រាចារ្យ។

៥. ជំនាញ​ព័ត៌មាន​វិទ្យា (IT)

ជំនាញ​នេះ ក៏​កម្រ​មាន​និស្សិត​ស្រី​សិក្សា​ដែរ។ ភាគ​ច្រើន​បំផុត និស្សិត​ប្រុស​ៗ ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​តែង​ជ្រើសរើស​ជំនាញ​នេះ។ ការ​សិក្សា​គឺ​ផ្ដោត​ទៅ​លើ ការ​ចង​រូប​មន្ត​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ជា​ពិសេស គឺ​ដោះ​ស្រាយ​បញ្ហា​បច្ចេក​ទេស​នានា ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ជា​វិស័យ​សាធារណ។ និស្សិត​ព័ត៌មាន​វិទ្យា​មាន​ឱកាស​ការងារ​ច្រើន​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ធំៗ និង​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់ ទៅ​តាម​ជំនាញ និង​សមត្ថភាព​របស់​ពួក​គេ។

៦. ជំនាញបច្ចេកទេស​កសិកម្ម

ដោយឡែក​​ជំនាញ​បច្ចេកទេស​កសិកម្ម​ មិន​ត្រឹម​តែ​អាច​ធ្វើការ​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ​ទេ តែ​ប្រសិន​បើ​មាន​លទ្ធភាព​បង្រៀន​បន្ត​ ឫ​បើក​កសិដ្ឋាន​ដោយ​ខ្លួន​ឯង គឺ​កាន់​តែ​ល្អ​ថែម​ទៀត ចំពោះ​និស្សិត​ដែល​សិក្សា​ជំនាញ​នេះ។ ចំណែក​ឯ​តម្រូវ​ធនធាន​មនុស្ស​ទៅ​លើ​ជំនាញ​នេះ ក៏​មាន​ច្រើន​ដែរ​ នៅ​ក្នុង​​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់