• 2018-05-22 09:58:20
  • សេដ្ឋកិច្ច

ស្ងាត់ៗ ដីនៅតំបន់ទំនប់កប់ស្រូវកំពុងត្រូវប៉ាន់បណ្ដើរៗ

  • 2018-05-22 09:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិនិយោគិន​កូរ៉េ និង​ជប៉ុន បាននឹង​កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​លើ​វិស័យ​ដីធ្លី​ក្នុង​តំបន់​ជិត​បឹង​ទំនប់​កប់ស្រូវ (ឬ​ហៅថា បឹង​តាមោក) ដោយការ​ទិញដី​នៅ​តំបន់នោះ​ទុក​សម្រាប់​ការ​វិនិយោគ​នាពេល​អនាគត។ នេះ​បើតាម​ការ​លើកឡើង​របស់ លោក ពីង សេរី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Angkor Real Estate។

លោក សេរី បាន​ថ្លែង​ឱ្យដឹង​ថា ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​តំបន់​នោះ នៅ​មិនទាន់​ល្អ​គ្រប់គ្រាន់​ទេ ពោលគឺ​នៅមាន​កង្វះខាត​នូវប្រព័ន្ធ​ទឹក។ ទោះ​យ៉ាងណា វិនិយោគិន​អចលនទ្រព្យ​រូបនេះ មើលឃើញថា​វិសាលភាព​នៃការ​វិនិយោគ​នៅក្បែរ​តំបន់​អភិរក្ស​បឹង​តាមោក មាន​ទំហំ​ធំធេង​ជាង​តំបន់ផ្លូវ ៦០​ម៉ែត្រ (មហា​វិថី​សម្តេច​ ហ៊ុន សែន)។

គួរ​ជម្រាប​ថា ខណ្ឌ​ព្រែកព្នៅ មាន​ចំនួន​ប្រាំ​សង្កាត់​ដូចជា សង្កាត់​ព្រែកព្នៅ សង្កាត់​គោករការ សង្កាត់​សំរោង សង្កាត់​ពន្សាំង និង​សង្កាត់​ពញាពន់ ដែលជា​សង្កាត់​របស់​បឹង​តាមោក។

បើតាម​លោក សេរី សកម្មភាព​ពុះ​ដីឡូតិ៍​លក់​ក្បែរ​តំបន់​បឹង​ដ៏ធំ​មួយនេះ​ មាន​សន្ទុះ​គួរឲ្យ​កត់​សម្គាល់ ហើយ​ទីផ្សារ​តម្លៃដី​ក្នុង​តំបន់​ទំនប់​កប់ស្រូវ មាន​ចាប់ពី ២០០ដុល្លារ​អាមេរិក​ឡើងទៅ​ក្នុងមួយ​ម៉ែត្រ​ការ៉េ។ ស្រដៀងគ្នា​នេះ​ដែរ បើតាម​របាយការណ៍​វាយតម្លៃ​ដីធ្លី​របស់​ក្រុមហ៊ុន Key Real Estate គិតត្រឹម​ដំណាច់​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា តម្លៃដី​ក្នុងខណ្ឌ​ព្រែកព្នៅ​សម្រាប់​ការ​ប្រើប្រាស់​លើ​លំនៅឋាន​មាន​តម្លៃ​ចាប់ពី ៩០ដុល្លារ​អាមេរិក​ឡើងទៅ ខណៈ​តម្លៃដី​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​ចាប់ពី ៣៣០ដុល្លារ​អាមេរិក​ឡើងទៅ។

សូម​រំលឹក​ថា កាលពី​ខែ​កុម្ភៈ ឆ្នំាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ផ្ទៃបឹង​តាមោក ដែល​មាន​ទំហំ ៣២៣៩,៧​ហិកតា ដើម្បី​ទុកជា​សម្បត្តិ​របស់​រដ្ឋ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ចាក់ដី​រំលោភ​បំពាន។

ផែនទី​បង្ហាញ​បឹងកប់ស្រូវ ឬបឹងតាមោក (រូបថត៖ Google Image)

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ​បាន​ថ្លែង​ឱ្យ​ដឹង​ថា មិនមាន​ការ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ទិញ លក់​ដីធ្លី​ក្នុង​ផ្ទៃ​បឹងតាមោក ដែល​រដ្ឋាភិបាល​បាន​បង្កក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​នោះ​ឡើយ វៀរលែង​តែ​តំបន់​ជុំវិញ ដែលផុត​ពី​គំនូស​ក្រហម​កំណត់​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។ តួយ៉ាង ដូចជា បឹងកក់ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ស៊ូកាកូអ៊ីន (Shukaku Inc) បឹងពោងពាយ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប (L.Y.P Group) ជាដើម៕

ប្រភព៖ Kley Kley អត្ថបទ៖ ឈុត សិរីឧត្តម

មតិយោបល់