• 2018-05-23 04:14:30
  • ចរាចរណ៍

តោះចាប់ផ្តើមធ្វើរឿងទាំងនេះ កុំចាំតែប្រៀបធៀប បើចង់បានចរាចរណ៍ស្រុកខ្មែរល្អដូចគេ

  • 2018-05-23 04:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ តែងតែ​មាន​សំណួរ និង​មតិ​រិះ​គន់​ ប្រៀបធៀប​ថា ចង់ដឹងពីស្ថានភាពប្រទេសណា១ មិន​បាច់​មើល​អី​ច្រើន​ទេ មើល​តែ​ការ​ធ្វើ​ចរាចរណ៍​ទៅមក​ នឹង​​ដឹង​ច្បាស់​តែ​ម្ដង។ ហេតុអ្វី​ចរាចរណ៍​ស្រុក​គេ​ល្អ មាន​សណ្ដាប់​ធ្នាប់ ហើយ​ពលរដ្ឋ​គេ​គោរព​ច្បាប់​បាន​ល្អ?
ងាក​មក បញ្ហា​ចរាចរណ៍​ស្រុកខ្មែរ កកស្ទះចង់​ខ្យល់​ចាប់ ​ឈឺ​ក្បាល​ វិល​មុខ​រៀង​រាល់ថ្ងៃ។

រូបភាពស្ថានភាពកកស្ទះចរាចរណ៍ នៅប្រទេសកម្ពុជា

មតិ និង​សំណួរ​ទាំង​នេះ បើ​តាម​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍ បាន​ទទួល​ស្គាល់​ថា ធម្មតា​ទេ រឿង​ទាំង​នេះ មុន​កើត​មាន​គឺ​វា​មាន​បញ្ហា និង​ឫស​គល់ ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ។ បញ្ហា​ចរាចរណ៍​ ដែល​តែង​កើត​មាន​នៅ​ស្រុកខ្មែរ​ គឺ​ការលក់ដូរ រំលោភ​ចិញ្ចើម​ផ្លូវ​ ការ​ជិះ​បញ្ច្រាស ការ​ជិះ​ម៉ូតូ​មិន​ពាក់​មួក រួម​នឹង​ករណី​ល្មើស​ច្បាប់​ផ្សេងទៀត។

រូបភាព ការជិះបញ្រ្ចាសផ្លូវ នៅស្រុកខ្មែរ

លោក គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ បាន​មាន​ប្រសាសន៍​ថា បើ​យើង​ចង់​ឲ្យ​ស្ថានភាព​ចរាចរណ៍​ស្រុកខ្មែរ​បាន​ល្អ​ដូច​ប្រទេស​គេ ទាល់តែ​មាន​ការ​សហការ​គ្នា​ទាំង​ខាង​អាជ្ញាធរ និង​ខាង​ប្រជាជន។

ជាក់​ស្ដែង​ប្រសិន​បើ​មាន​ការ​កកស្ទះ​ជាប្រចាំ នៅចំណុចណា១ លោក គង់ សុវណ្ណ បន្ត​ថា ភាគី​អាជ្ញាធរ ត្រូវ​ចាប់​ផ្ដើម​ចុះ​អង្កេត​ផ្ទាល់​ និង​សិក្សា ពី​ដើមហេតុ​ នៃ​បញ្ហា​ ថា​ម៉ោងណាស្ទះខ្លាំង? តើ​មាន​អ្នក​លក់​ដូរ​បំពាន​ចិញ្ចើម​ផ្លូវ​ទេ? ត្រូវ​ឲ្យ​អ្នក​លក់​ធ្វើ​ចំណត​ មុន​បើក​អាជីវកម្ម ឬ​ត្រូវ​ដាក់ សមត្ថកិច្ច​ចុះ​សម្រួល​ពេល​កក​ស្ទះ​ ឬ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ បង្កើត​ប្រព័ន្ធ​ពិន័យ​ឲ្យ​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ជាដើម។

ក្រៅ​ពី​នេះ សមត្ថកិច្ច​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​កំហុស​ឆ្គង និង​ទទួល​យកការរិះគន់​ ពី​សាធារណជន​លើ​ចំណុច​ខ្វះខាត។​

រូបថត លោក លោក គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ (រូបភាពផ្តល់ឲ្យ)

ចំណែក​ភាគី ប្រជាពលរដ្ឋ​វិញ កុំ​ចាំ​តែ​ប្រៀប​ធៀប ឬ​សរសើរ​តែ​ស្រុក​គេ​ល្អអីចេះ១ អីចុះ២ យើង​គួរ​ចាប់​ផ្ដើម​ទាំង​អស់​គ្នា ដូច​ជា ពេល​ជិះ​ម៉ូតូ​ដាច់​ខាត​ត្រូវ​ពាក់មួកឲ្យត្រឹមត្រូវ ជិះ​ឡាន​ត្រូវ​ដាក់​ខ្មែរ​ក្រ​វាត់​សុវត្ថិភាព​កុំ​ជិះ​បញ្ច្រាស​ទិស​ មាន​សីលធម៌​ខ្ពស់​ក្នុង​ការ​បើកបរ និង​គោរព​ច្បាប់​ឲ្យ​បាន​ល្អ។

ពេល​មាន​បញ្ហា​ត្រូវ​ចូលរួម​ដោះស្រាយ ដើម្បី​កែ​លម្អ មិនមែន​ជាន់​ពន្លិច​គ្នា​ ឬ​យក​មក​បរិហារ​លេង​សើច​តាម​ ហ្វេសប៊ុកទេ។

បើ​តាម​របាយ​ការណ៍​ ពី​មន្ត្រី​សុវត្ថិភាព​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​ដែល​មាន​ស្ថានភាព​ចរាចរណ៍ និង​ការ​គោរពច្បាប់​ល្អ​ជាង​គេ​ក្នុង​ពិភពលោក មាន​នៅ​៣ប្រទេសគឺ ហូឡង់ សិង្ហបុរី និងប្រទេស​ជប៉ុន

រូបថតស្ថានភាពចរាចរណ៍ល្អប្រសើរ នៅប្រទេសជប៉ុន ឆ្នាំ២០១៨ (ប្រភពរូប Schroders)

អត្ថបទ៖ ពៅ រក្សា

មតិយោបល់