• 2018-05-23 05:05:03
  • សេដ្ឋកិច្ច

សាំងកាន់តែឡើងថ្លៃ នឹងជះឥទ្ធិពលដូចម្ដេចទៅលើថ្លៃទំនិញ លើទីផ្សារ?

  • 2018-05-23 05:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និន្នាការ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ពិភពលោក​កំពុង​ឡើង​ថ្លៃ ជា​បន្ត​បន្ទាប់។ ចំណែក​ឯ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ទីផ្សារ​អន្តរជាតិ ក៏​ត្រូវ​លក់​បន្ត​ក្នុង​តម្លៃ​មួយ ទៅ​តាម​ការ​កើន​ឡើង​នោះ​ដែរ។ ជាក់​ស្ដែង​នៅ​កម្ពុជា បច្ចុប្បន្ន​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុង​បន្ត​កើន​ឡើង​ជា​លំដាប់។ តម្លៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង​ នោះ​នាំ​ឲ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​ដូច​គ្នា។

សាស្ត្រាចារ្យ​មុខ​វិជ្ជា​សេដ្ឋកិច្ច ហាក់ សុខ​ហៀង បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង​បាន​ពន្យល់​លម្អិត​ពី​បញ្ហា្​នេះ​ថា កាល​ណា​សាំង​ឡើង​ថ្លៃ​នោះ​នាំ​ឲ្យ​តម្លៃ​ទំនិញ​មាន​ការ​កើន​ឡើង​ដូច​គ្នា តែ​មិន​មែន​ហៅ​ថា ជា​អតិផរណា​នៅ​ឡើយ​ទេ។ មូលហេតុ​នេះ គឺ​រាល់​ទំនិញ​ទាំង​អស់​ពេល​ផលិត​ហើយ​ត្រូវ​ការ​ដឹក​ជញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដោយ​ប្រើ​យានយន្ត។ ដូច្នេះ​ត្រូវ​ការ​ចំណាយ​ថ្លៃ​សាំង​ទៅ​លើ​ការ​ដឹក​ជញ្ជូន បើ​សាំង​ថ្លៃ​ អ្នក​ផលិត ឬ​អ្នក​លក់​បន្ត​មិន​អាច​រក្សា​តម្លៃ​ទំនិញ​នៅ​ដដែល​បាន​ទេ។

លោក​បន្ថែម​ទៀត​ថា ចំណែក​ឯ​ការ​ផលិត​ទំនិញ​គឺ​ត្រូវ​ប្រើ​ឧបករណ៍ គ្រឿង​ចក្រ ម៉ាស៊ីន ក្នុង​សង្វាក់​ផលិត​កម្ម​របស់​ក្រុមហ៊ុន សហគ្រាស រោង​ចក្រ។ សង្វាក់​ផលិតកម្ម​ត្រូវ​ការ ប្រើ​សាំង ឬ​ហ្គាស ដើម្បី​ផលិត​ជា​ទំនិញ​ផ្គត់​ផ្គង់​នៅ​លើ​ទី​ផ្សារ។ អ្នក​ផលិត​ត្រូវ​បន្ថែម​ថ្លៃ​ដើម​លើ​ការ​ផលិត​របស់​ខ្លួន ពោល​គឺ​ត្រូវ​ចំណាយ​បន្ថែម​លើ​ថ្លៃ​សាំង។ ដូច្នេះ​ការ​នាំ​ចេញ​បន្ត​នឹង​ត្រូវ​បន្ថែម​តម្លៃ​ដូច​គ្នា ទើប​អាច​រក​ប្រាក់​ចំណេញ​បាន។

សាស្ត្រាចារ្យ​រូប​នេះ​បន្ត​ថា យ៉ាង​ណា​ក្ដី​ប្រសិន​បើ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ក្នុង​កម្រិត​មួយ​តិច​តួច នោះ​តម្លៃ​ទំនិញ​ក៏​កើន​ឡើង​តិច​តួច គឺ​ជា​រឿង​ធម្មតា​ក្នុង​ទីផ្សារ​សេរី ព្រោះ​តម្លៃ​ទំនិញ​មិន​អាច​នៅ​ថេរ​រហូត​បាន​ទេ។ ប៉ុន្តែ​បើ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ដល់​កម្រិត​ខ្ពស់ នោះ​ប្រាកដ​ជា​មាន​ការ​ប្រែប្រួល​តម្លៃ​ទំនិញ​ខ្លាំង​ ដែល​ហៅ​ថា ជា​អតិផរណា។

ក្នុង​ករណី​មួយ​ទៀត​ នៅ​ពេល​ដែល​សាំង​អន្តរជាតិ​ចុះ​ថោក​វិញ តែ​សាំង​នៅ​ប្រទេស​ខ្លះ​នៅ​តែ​ថ្លៃ គឺ​អាច​មក​ពី​​ករណី​ឈ្មួញ​ខិលខូច​ឆ្លៀត​ឱកាស​ក្នុង​ការ​យក​ចំណេញ ដោយ​ពួក​គេ​អាច​យក​លេស​ថា សាំង​ក្នុង​ស្តុក​ចាស់​លក់​មិន​ទាន់​អស់។ មួយ​ករណី​ទៀត​ឈ្មួញ​មួយ​ចំនួន​តូច​នៅ​កម្ពុជា​ អាច​នៅ​តែ​លក់​សាំង​ថ្លៃ ដោយ​គិត​ទៅ​លើ​អត្រា​ប្ដូរ​ប្រាក់។ មាន​ន័យ​ថា ពួក​គេ​លក់​ចេញ​គិត​ជា​ប្រាក់​រៀល ប៉ុន្តែ​ទូទាត់​ឲ្យ​គេ​វិញ (ប្រទេស​នាំចូល) ជា​ប្រាក់​ដុល្លារ។ ​បើ​យក​ប្រាក់​រៀល​ទៅ​ដូរ​យក​ដុល្លារ ប្រាកដ​ជា​ខាត។ ដូចនេះ​ហើយ​មាន​តែ​លក់​ក្នុង​តម្លៃ​ខ្ពស់ ទើប​អាច​ស៊ីសងគ្នា​បាន។

ចំពោះ​បញ្ហា​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​នេះ ជា​​បញ្ហា​របស់​រដ្ឋាភិបាល​នៅ​តាម​បណ្ដា​ប្រទេស​នានា ត្រូវ​តែ​ចូលរួម​អន្តរាគមន៍។ ដូច​នៅ​កម្ពុជា ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចូលរួម​ក្នុង​ការ​កំណត់​ថ្លៃ ឲ្យ​បណ្ដា​ស្ថានីយ​នានា​ទូទាំង​ប្រទេស ក្នុង​ការ​លក់​ចេញ ដោយ​ចូលរួម​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ។ នេះ​ជា​ដំណោះ​ស្រាយ​មួយ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្គត់ផ្គង់​យក​លេស​ថា​សាំង​អន្តរជាតិ​ថ្លៃ ហើយ​កំណត់​តម្លៃ​តាម​តែ​ចិត្ត​ខ្លួន​ឯង។ នៅ​កម្ពុជា រដ្ឋាភិបាល​កំណត់​តម្លៃ​សាំង​ធ្វើ​ឡើង​១០​ថ្ងៃ​ម្ដង ឬ​៣​ដង​ក្នុង​១ខែ។

ហើយ​សំណួរ​មួយ​ទៀត​សួរ​ថា តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​សាំង​ចុះ​ថោក​បាន គឺ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន​ទេ ដោយ​សារ​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើង​ថ្លៃ​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​អាច​មាន​ដំណោះ​ស្រាយ​មួយ​ទៀត គឺ Subsidy (ឧបត្ថម្ភ​ធន)។ មាន​ន័យ​ថា រដ្ឋាភិបាល​អាច​បង្កើត​មូលនិធិ​ប្រេង​របស់​រដ្ឋ​ដើម្បី​ទប់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ កុំ​ឲ្យ​កើន​ខ្លាំង​តាម​ទីផ្សារ​អន្តរជាតិ។

ជា​ឧទាហរណ៍​ជាក់​ស្ដែង នៅ​ប្រទេស​ថៃ រដ្ឋាភិបាល បាន​ឧបត្ថម្ភ​ធន​ជា​សាច់​ប្រាក់​តម្លៃ ៣០ពាន់​លាន​បាត (ប្រមាណ ៩៣៧លាន​ដុល្លារ​អាមេរិក) នេះ នឹង​អាច​​ជួយ​កាត់​បន្ថយ​ថ្លៃ​លក់​រាយប្រេង​សាំង​ បាន​ ៥០% នៃ​តម្លៃ​ដែល​ត្រូវ​កើន​ឡើង។  ប្រសិន​បើ​ថ្លៃ​លក់​រាយ​ត្រូវ​កើន​ឡើង​ ១បាត​ក្នុង​១លីត្រ នោះ​វា​នឹង​​ជួយ​កាត់​បន្ថយ មក​ត្រឹម​ការឡើង​ថ្លៃ ០,៥បាត​​វិញ។

ជា​រួម​និន្នាការ​សាំង​ឡើង​ថ្លៃ គ្មាន​ប្រទេស​ណា​មួយ​គេច​ផុត​នោះ​ទេ។ លុះ​ត្រា​តែ​អាច​ផលិត​ប្រេង​ដោយ​ខ្លួន​ឯង​បាន។ ដូច្នេះ​ហើយ មាន​តែ​រដ្ឋាភិបាល​ ជា​អ្នក​ចូលរួម​ក្នុង​ការ​អន្តរាគមន៍​ទៅ​តាម​យុទ្ធសាស្ត្រ​រៀង​ខ្លួន ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​បញ្ហា​អតិផរណា​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់