• 2018-05-23 10:21:32
  • ស្នេហា

សារចាក់ដោត៧ឃ្លារបស់ប្រពន្ធដើម ផ្ញើ​ទៅកាន់ស្រីប្ដី កុំឲ្យស្រលាញ់របស់មានម្ចាស់ទៀត

  • 2018-05-23 10:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​មួយ​មិន​អាច​ដើរ​គ្នា​បី​នាក់​បាន​ទេ បើ​ទោះ​ជា​មាន​ករណី​ខ្លះ​អាច​បាន​តែ​ក៏​គ្មាន​ក្ដីសុខ​ឡើយ។ វត្ត​មាន​បុគ្គល​ទី​៣ ប្រៀប​ដូចជា​អាវុធ​សម្ងាត់​មក​បំផ្លាញ សុភមង្គល​គ្រួសារ​ឲ្យ​ខ្ទេចខ្ទី​ដូច្នោះ​ដែរ។ ត​ទៅ​នេះ​ជា​សារ​របស់​ប្រពន្ធ​ដើម ទៅ​កាន់​នារី​ទាំង​ឡាយ ក្នុង​ន័យ​ដាស់​តឿន​កុំ​ឲ្យ​ស្រលាញ់​ស្រលាញ់​ចំ​របស់​គេ ព្រោះ​នឹង​ត្រូវ​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​ទាំង​៧​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

រូបតំណាង

១. បើ​នាង​ជា​ខ្ញុំ​ពេល​ប្ដី​មាន​ស្រី​តើ​មាន​អារម្មណ៍​បែប​ណា​ដែរ?

លើ​លោក​នេះ​គ្មាន​មនុស្ស​ស្រី​ឯណា ចង់​ឃើញ​បុរស​ដែល​ខ្លួន​ឯង​ស្រលាញ់ ក្បត់​ លួច​លាក់​មាន​ថ្មី​នោះ​ទេ។ នាង​ជា​ស្រី​ដូច​គ្នា ប្រាកដ​ជា​យល់​ច្បាស់​ពី​អារម្មណ៍​មួយ​នេះ។ តើ​នាង​ឈឺ​ចាប់​ទេ បើ​មនុស្ស​ដែល​នាង​ស្រលាញ់​កំពុង​បោកប្រាស់​នាង? ពេល​ខ្លះ​បើ​នាង​ចិត្ត​ប្រពន្ធ​ដើម ដាក់​ចិត្ត​ខ្លួន​ឯង​ជួន​កាល​ក៏​អាច​ហាម​ឃាត់​នាង​បាន​ខ្លះ​ដែរ។

២. នារី​គ្រប់​រូប​សុទ្ធ​តែ​មាន​តម្លៃ​អាច​រក​បុរស​ល្អ​ធ្វើ​ជា​គូ​បាន​ដូច​គ្នា ចាំបាច់​អី​ស្រលាញ់​ប្ដី​គេ

នាង​អាច​ជន​រងគ្រោះ ព្រោះ​លង់ចាញ់​បោក​ពាក្យ​ផ្អែម​របស់​មនុស្ស​ប្រុស​សាវា​ម្នាក់។ តែ​ពេល​នាង​ដឹង​ថា របស់​មាន​ម្ចាស់​ហើយ នាង​គួរ​តែ​ដក​ខ្លួន​ចេញ​ទៅ ព្រោះ​នាង​ជា​មនុស្ស​មាន​តម្លៃ​ កុំ​បន្ទាប​ខ្លួន​ដើម្បី​ប្រុស​បោក​ប្រាស់​អី។ មនុស្ស​យើង​គង់​តែ​មាន​គូ ទៅ​ស្រលាញ់​អ្នក​ណា​ដែល​គេ​នៅ​ទំនេរ​ ទើប​មិន​មាន​បាបកម្ម ហើយ​អាច​រក​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​បាន។

៣. នាង​នឹង​ក្លាយ​ជា​ស្រី​លួចលាក់​គ្មាន​ថ្ងៃ​បាន​ចេញ​មុខ​មាត់ពេញ​លេញ​ក្នុង​សង្គម​ឡើយ

មនុស្ស​ប្រុស​ដែល​នាង​កំពុង​ស្រលាញ់​នោះ គឺ​ជា​ប្ដី​របស់​គេ ហើយ​ជា​មនុស្ស​ប្រុស​ម្នាក់​កំពុង​ក្បត់​ប្រពន្ធ។ តើ​នាង​ចង់​បាន​ស្វាមី​ម្នាក់​ស្រប​ច្បាប់ មាន​សេចក្ដី​ថ្លៃថ្នូរ ចេញ​មុខ​មាត់​ពេញ​លេញ​ក្នុង​សង្គម ឬ​នៅ​តែ​​ជា​ជន​ក្រៅ​សង្គម។ នារី​គ្រប់​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ស្នេហ៍​មួយ​ពិត​ប្រាកដ មួយ​នឹង​មួយ មាន​កិត្តិយស មុខ​មាត់ សេចក្ដី​ថ្លៃ​ថ្នូរ។ បើ​នាង​ឆ្លើយ​ថា មិន​ត្រូវ​ការ​ទេ គឺ​នាង​កំពុង​ក្បត់​ចិត្ត​ខ្លួន​ឯង​ហើយ។

រូបតំណាង

៤. នាង​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​មនុស្ស​ប្រុស​បោកប្រាស់​ម្នាក់

ទោះ​ប្រពន្ធ​ដើម ជា​នារី​ស្លូត​ប៉ុណ្ណា​ក៏​មិន​អាច​នៅ​ស្ងៀមបាន​ដែរ​ ពេល​ដឹង​ប្ដី​កំពុង​ក្បត់​ខ្លួន។ នាង​នឹង​ជួប​តែ​រឿង​ក្ដៅ​ក្រហាយ​តាំង​ពី​យក​ខ្លួន​បៀត​ជាមួយ​របស់​មាន​ម្ចាស់ ខំ​លួច​លាក់ ភ័យ​ខ្លាច​ប្រពន្ធ​ដើម​ដឹង ខ្លាច​គ្រួសារ​ដឹង។ បើ​ថ្ងៃ​ណា​មួយ​ការ​ពិត​ត្រូវ​ទម្លាយ នោះ​ជីវិត​នាង​នឹង​ត្រូវ​ប្រឈម​អ្វី​ខ្លះ?

៥. នាង​គ្មាន​ថ្ងៃ​ស្គាល់​សេចក្ដី​សុខ សុភមង្គល​ពិត​ប្រាកដ​នោះ​ទេ

ប្រុស​ដែល​ហ៊ាន​ក្បត់​មនុស្ស​ស្រី​ម្នាក់ ដើម្បី​ទៅ​ស្រលាញ់​នាង គេ​ក៏​ហ៊ាន​ក្បត់​ចិត្ត​នាង​វិញ​ដូច​គ្នា។ គេ​គ្មាន​ស្នេហ៍​ពិត​ប្រាកដ​ឡើយ គេ​ប្រាថ្នា​តែ​រូបកាយ​នាង​ប៉ុណ្ណោះ។ កុំ​ប្រាថ្នា​ក្ដី​ស្រលាញ់​ពី​មនុស្ស​ប្រុស​ក្បត់ ព្រោះ​គេ​គ្មាន​ស្នេហ៍​ពិត​ឲ្យ​នាង​ទេ។ គួរ​ងាក​ក្រោយ ទៅ​ចាប់​ផ្ដើម​ជាមួយ​នរណា​ដែល​គេ​ស្រលាញ់​នាង​ពិត​ប្រាកដ​ល្អ​ជាង ព្រោះ​ជីវិត​នេះ​វែង​ឆ្ងាយ​ណាស់ មាន​រឿង​ល្អៗ​ជា​ច្រើន​ទៀត​នៅ​រង់​ចាំ។ កុំ​បំផ្លាញ ក្ដី​សុខ សុភមង្គល ខ្លួន​ឯង ព្រោះ​តែ​ប្ដី​គេ​អី។

៦. នាង​កំពុង​បំផ្លាញ​កិត្តិយស​ខ្លួន​ឯង គ្រួសារ និង​អនាគត​នាង​ទាំង​មូល

កិត្តិយស​ សេចក្ដី​ថ្លៃ​ថ្នូរ សំខាន់​បំផុត សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ។ គ្មាន​នរណា​លើក​តម្កើង​ ឬ​ឲ្យ​តម្លៃ​ទៅ​មនុស្ស​ដណ្ដើម​របស់​គេ​នោះ​ទេ។ កាន់​តែ​គ្មាន​ឪពុកម្ដាយ​ឯណា ប្រាថ្នា​ឃើញ​កូន​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​ទៅ​ប៉ះ​របស់​មាន​ម្ចាស់​នោះ​ទេ។ អនាគត​ក៏​ត្រូវ​ចប់​ដូច​គ្នា ប្រសិន​បើ​មិន​ព្រម​ដក​ខ្លួន​ចេញ។

៧. វត្តមាន​គឺ​កំពុង​បំផ្លាញ​សុភមង្គល​គ្រួសារ​មួយ អាច​ដល់​បែកបាក់​គ្នា

ចំណុច​ចុង​ក្រោយ​នោះ គឺ​នាង​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ទៅ​បំផ្លាញ​គ្រួសារ​មួយ។ នារី​ម្នាក់​នឹង​ត្រូវ​ឈឺ​ចាប់​បំផុត ព្រោះ​មនុស្ស​ជា​ទី​ស្រលាញ់​ក្បត់​នាង។ ក្ដី​ស្រលាញ់​ដែល​នាង​ធ្លាប់​ទទួល​បាន​ពី​ប្ដី ត្រូវ​បែង​ចែក​ឲ្យ​នារី​ម្នាក់​ផ្សេង​ទៀត។ ក្ដី​សុខ សុភមង្គល ក្ដី​ស្រលាញ់​ ដែល​ធ្លាប់​ទទួល​បាន​ពី​មក​ត្រូវ​ប្រែប្រួល​អស់។ បើ​នាង​ទទួល​យក​មិន​បាន មាន​តែ​ផ្លូវ​មួយ​ទេ គឺ​បែកគ្នា។

ជា​ចុង​ក្រោយ ប្រពន្ធ​ដើម​ចង់​និយាយ​ថា បើ​នាង​ព្រម​ទទួល​យក​ក្ដី​ស្រលាញ់​ពី​មនុស្ស​ប្រុស​បោកប្រាស់​ម្នាក់ ហ៊ាន​ក្បត់​ប្រពន្ធ​ទៅ​ស្រលាញ់​នាង គឺ​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​នោះ​មាន​មោទកភាព​លើ​ខ្លួន​គេ​ពេក​ហើយ។ បើ​ព្រម​ស្រលាញ់​​របស់​គេ ហើយ​ធ្វើ​ឲ្យ​នារី​ម្នាក់​ទៀត ព្រម​ទាំង​គ្រួសារ​គេ​ទាំង​មូល​បែក​បាក់​គ្នា គឺ​ដូច​ជា​ឲ្យ​តម្លៃ​មនុស្ស​ប្រុស​ចិត្ត​រយ​ពាន់​នោះ​ពេក​ហើយ។ កុំ​ព្រោះ​តែ​មនុស្ស​ប្រុស​ម្នាក់ ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ត្រូវ​បំផ្លាញ ទាំង​ខ្លួន​ឯង និង​អ្នក​ដទៃ។ គួរ​ស្រលាញ់​អ្នក​ណា​ដែល​គ្មាន​ម្ចាស់​ទើប​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ត្រូវ​ឈឺ​ចាប់៕ ​​​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់