• 2018-05-24 05:58:48
  • ចរាចរណ៍

ទស្សនពលរដ្ឋ៖ គេលែងជិះម៉ូតូកង់បីខ្មែរ ព្រោះទង្វើ ៤យ៉ាង

  • 2018-05-24 05:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ កំពុង​ប្រឈម​ស្ថានភាព​ដាច់​ភ្ញៀវ​បណ្ដើរៗ ដោយសារ​ការ​វាយ​លុក​របស់​ម៉ូតូ​កង់​បី​បរទេស​មក​កម្ពុជា​ ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទាញ​រក​អតិថិជន​​​ ប៉ុន្តែ​ពលរដ្ឋ​ធ្លាប់​ជិះ​ម៉ូតូ​កង់​បី​ខ្មែរ​មួយ​ចំនួន​ លើក​ឡើង​ថា ប្រសិន​អ្នក​រត់​កង់​បី​ខ្មែរ​ អាច​ផ្លាស់​ប្ដូរ​នូវ​ចំណុច​សំខាន់ៗ​ខ្លះ​ចេញ​ មិនខ្វះភ្ញៀវដឹកនោះទេ។ ខាង​ក្រោម​នេះ​ ជា​ទស្សនៈរបស់​ពលរដ្ឋ​នៅ​ភ្នំពេញ បាន​ចែក​រំលែក​ដូច​តទៅ៖​​​​

១. ​តម្លៃ​

អ្នកមីង យក់ ឋានៈ រស់​នៅ​បុរី​វិមាន​ភ្នំពេញ ​បាន​លើក​ឡើង​ថា ​បើ​ហៅ​ម៉ូតូ​​កង់​បី​ខ្មែរ​ជិះ​ម្ដងៗ​ចំណាយ​​មិន​ក្រោម​១​ម៉ឺន​រៀល​ឡើយ ដល់​ពេល​សុំ​ចុះ​ថ្លៃ ​គាត់​ថា​សាំង​ថ្លៃ​ តែ​ពេល​​សាំង​ថោក​ ក៏​គាត់​នៅ​តែ​ទារ​ថ្លៃ​ដដែល​។ ​ដូច្នេះ​ ​​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ ​គួរតែ​បន្ធូរបន្ថយ​តម្លៃ​បន្តិច ​ព្រោះ​បច្ចុប្បន្ន​សេវា​ដឹកជញ្ជូន​ធូរ​ថ្លៃ​​នៅ​ភ្នំពេញ​មាន​ច្រើន តួយ៉ាង ​ម៉ូតូឌុប ម៉ូតូ​ឥណ្ឌា និង​ឡាន​ក្រុង​សាធារណៈ​ជាដើម គេ​មាន​ជម្រើស​ច្រើន​ ប្រសិន​បើ​តម្លៃ​នៅ​តែ​ខ្ពស់​ មិនព្រម​ចុះ​ឲ្យ​ភ្ញៀវ​នោះ​ គ្មាន​ពីណា​គេ​ហៅ​ជិះ​ទេ គេ​ទៅ​ជិះ​ម៉ូតូ​ឥណ្ឌា​លឿន​ជាង ហើយ​​មិន​បាច់​ត​ច្រើន​។ ​​​

២. អត្តចរិក

ពលរដ្ឋមួយចំនួន លើកឡើងថា អ្នកបើកកង់បីខ្លះ មានល្បិច ដូចជាជិះវាងដើម្បីអាចយកថ្លៃកាន់តែខ្ពស់ ចំពោះភ្ញៀវមិនសូវស្គាល់ផ្លូវ។ បន្ថែមពីនេះ អ្នកបើកខ្លះ បានប្រើពាក្យមិនសមរម្យពេលភ្ញៀវតថ្លៃ ខ្លះមានជំលោះជាមួយភ្ញៀវទៀតផង។ ពេលមានការប៉ះពារជាមួយយានយន្តដទៃ សុទ្ធតែមានគ្នាហៅមកជួយ។

យ៉ាងណាមិញ ​​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ ​មាន​ចំណុច​ពិសេស​មួយ អាច​​អតិថិជន​ដែល​មាន​ឥវ៉ាន់​ត្រូវ​ដឹក​ឥវ៉ាន់​ធ្ងន់ៗ ​ឬ​មាន​គ្នា​ច្រើន​ជាង ​រ៉ឺ​ម៉ក​ឥណ្ឌា​ដែល​មិន​អាច​ដឹក​ទំនិញ​ច្រើន​ឬ​មនុស្ស​ធំ​លើស​ពី ៣នាក់​បាន​ឡើយ​។ អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី ​បងស្រី ភា​ រៀបរាប់​ថា៖ "​ពេល​ដឹក​ឥវ៉ាន់​មក​ផ្សារ​ម្ដងៗ ខ្ញុំ​មាន​ពូ​កង់​បី​ជួយ​ដឹក ​និង​លើក​ឥវ៉ាន់​ឲ្យ ហើយ​គាត់​មិន​ដែល​ដំឡើង​ថ្លៃ​ទេ​ មាន​តែ​ខ្ញុំ​ឲ្យ​គាត់​ថែម"។ អាជីវករ​រូប​នេះ ​យល់ថា ​ប្រសិនបើ ​អ្នក​រត់​កង់​បី​ខ្មែរ​ដទៃ​ទៀត ​ចេះ​រក្សា​ម៉ូយ ​ហើយ​ភ្ញៀវ​ផ្សេង​មក​ជិះ ​មិន​ដំឡើង​ថ្លៃ​តាម​តែ​នឹក​ឃើញ​នោះ ​មិន​ខ្វះ​ទេ​អតិថិជន​។ ​

៣. បើក​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​

​មតិ​ពលរដ្ឋ​ភាគ​ច្រើន​ ​​លើក​ឡើង​ថា​ ​ អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ខ្មែរ​ខ្លះ ​ច្រងេងច្រងាង ​​​​​មិន​សូវ​គោរព​ច្បាប់​ទេ ពោល​គឺ​បើក​បំពាន​លើ​ផ្លូវ​របស់​ម៉ូតូ​​ ​ពេល​ខ្លះ​បើក​បរ​ដោយ​ខ្វះ​ការ​យោគយល់​​ទៀត​ផង ​ជា​ហេតុ​​ធ្វើ​​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍។​

យុវជន ប៊ុន រិទ្ធ និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​​ បាន​ឲ្យ​ដឹង​​ថា ៖ “​ស្ទះ​ផ្លូវ​មិន​មែន​មក​ពី​គាត់​(កង់​បី)​ទាំង​អស់​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ គឺ​ពួកគាត់​ភាគច្រើន​មិន​បាន​រៀន​បច្ចេកទេស​បើកបរ​ឡើយ​ គឺ​បើក​ដូច​ម៉ូតូ​អញ្ចឹង​។ ពេល​ខ្លះ​ គាត់​ឃើញ​ម៉ូតូ​រុល​តាម​ផ្លូវ​ចង្អៀត​ទៅ​មុខ​កើត​ គាត់​ព្យាយាម​រុល​តាម​រហូត ដល់​ស្ទះ​ពេញ​ផ្លូវ​ ពេល​ខ្លះ​ទៀត​ គឺ​បើកបរ​របស់​គាត់​មិន​ប្រកាន់​ស្ដាំ​ដៃ​ឡើយ​គឺ​បើក​បញ្ច្រាស​ផ្លូវ​ដែល​ មាន​របាំង​ ក៏​មាន​ដែរ​ ហើយ​ភ្ញៀវ​ជិះ​ក្នុង​ហ្នឹង​ ក៏​ខ្មាស​គេ​ជំនួស​គាត់​”។ លោក រិទ្ធ ​ គិត​ថា ​ប្រសិន​បើ​ពួក​គាត់​ផ្លាស់​ប្ដូរ​ឥរិយាបថ​បើកបរ​ឲ្យ​ល្អ​ជាង​នេះ ​ប្រាកដ​ជា​មាន​ការ​គាំទ្រ​ជាង​ម៉ូតូ​ឥណ្ឌា ​ព្រោះ​ទាំង​ខ្មែរ និង​ជន​បរទេស​ច្រើនដែរ ចូលចិត្ត​ជិះ​ម៉ូតូ​កង់​បី​ខ្មែរ​។​​​

  ៤. ដើរឲ្យទាន់សម័យកាល

យុវជន​ដដែល​ខាងលើ ​បន្ថែមថា ​​ ប្រសិនបើ​ពួកគាត់​នៅតែ​បន្ត​ប្រើប្រាស់​កង់បី​ ដូច​សព្វថ្ងៃ​ទៀត​នោះ​អាច​នឹង​ត្រូវ​​បោះបង់​នៅ​ថ្ងៃ​ណាមួយ​ជា​មិនខាន​ ព្រោះ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​កង់បីឥណ្ឌា បាន​ឡើយ។​ រីឯ​អ្នក​ជ្រើសរើស​ជិះ​ម៉ូតូ​ឥណ្ឌា ​ដែល​ទើប​មក​ថ្មី ​ព្រោះ​​វា​ទំនើប​ទាន់សម័យ​ជាង ម៉ូតូ​កង់​បី​​ខ្មែរ​ផង ហើយ​តម្លៃ​អាច​ថោក​ជាង​អ្នក​រត់​កង​បី​ខ្មែរ​បន្តិច​ ព្រោះ​ម៉ូតូ​ឥណ្ឌា​ដើរ​ដោយ​កម្លាំង​ហ្គាស​ មិនមែន​ប្រើ​សាំង​ដូច​ម៉ូតូ​កង់​បី​​ខ្មែរ​ឡើយ។ រីឯ​តម្លៃ​​បាន​កំណត់​​ដោយ​ក្រុមហ៊ុន ​ពោល​គឺ​១ គីឡូម៉ែត្រ​តម្លៃ ១ ២០០ រៀល ( ប៉ុន្តែ​មុននឹង​គិត​តម្លៃ​នេះ គេ​ត្រូវ​គិតលុយ ៣ ០០០ រៀល​ជា​មុន​សិន ​ទើប​ចាប់​​គិត​តម្លៃ​១ គីឡូម៉ែត្រ ១ ២០០ រៀល )។

​​ហេតុនេះ​អ្នក​រត់​កង់​បី​ខ្មែរ គួរ​ធ្វើ​​តារាង​ចម្ងាយ​ផ្លូវ​ដល់​ភ្ញៀវ​ជ្រើសរើស​​​ និង​​​កែច្នៃ​យានយន្ត​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​ជាង​នេះ ​ងាយស្រួល​ប្រើ​ មាន​សោភណភាព​ជាង​នេះ ​ជាពិសេស​កុំ​បើក​​ទទឹង​ទទើស ​ព្រោះ​វា​​ជា​កត្តា​មួយ ​ដែល​នាំ​ឱ្យ​សង្គម​ខ្មែរ​​មិន​ពេញចិត្ត ​​។ ម្យ៉ាង​ទៀត ​អ្នក​រត់​កង់​បី​ខ្មែរ​ គួរ​តែ​សុំ និង​ឲ្យ​លេខ​ទូរសព្ទ​ទៅ​ភ្ញៀវជាតិ-បរទេស គួរ​រៀន​​ភាសា​បរទេស​ថែម​ ​និង​​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ រួមមាន ហ្វេសបុក, Viber, Wechat, Lineជាដើម៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់