• 2018-05-25 11:31:00
  • ជំនឿ

យី​អើ....កំពុង​តែ​ដេក​លក់​ស្រួល​ផង លេង​មក​ហៅ​ឯង​ទៅ​ដក​សំណាប​កណ្ដាល​អាធ្រាត្រ

  • 2018-05-25 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​បន្ត​បន្ទាប់ នៅ​តែ​បន្តិច​ទៀត​រដូវ​ដក​ស្ទង់​ល្មម...ជួន​ជា​ពេល​នេះ មាន​ប្រិយមិត្ត "នឹក​ឡើង​ហួស​ចិត្ត" ម្នាក់​នៅ​ឈ្មោះ សុខុម នៅ​ខេត្ត​តាកែវ បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន ជួប​ខ្មោច​ឡើង​លង​ដល់​លើ​ផ្ទះ​តែ​ម្ដង ក្នុង​រដូវ​នេះ។ តោះ...តាម​ដាន​ទាំង​អស់​គ្នា៖

ដល់​រដូវ​ដក​ស្ទូង ​អ្នក​ស្រុក​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រវាស់​ដៃ​គ្នា​ទៅ​វិញ​ ទៅ​មក​ដោយ​មាន​ការ​ភ្ជួរ​រាស់​ដក​ស្ទូង​ជា​ដើម។ ថ្ងៃ​មួយ​ពេល​ព្រឹក​ព្រលឹម​ម្ដាយ​របស់​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​ “អាខុម​ហ្អា...យប់​នេះ​គេ​ដក​សំណាប​យក​ដៃ​​ស្រែ​មីង វ៉ន នៅ​ឯ​ចុង​ភូមិ​ កុំ​ដេក​​ច្រើន​​ពេក​ណា​កូន តិច​គេ​ដក​សំណាប​អស់”។ ខ្ញុំ​​បាន​ឆ្លើយ​ថា​ “បាទ​ម៉ែ…!” ហើយ​ខ្ញុំ​ក៏​ទាញ​ស្បោង​ និង​កណ្ដៀវ​ទៅ​ច្រូត​ស្មៅ​គោ​បាត់​ទៅ។

ខ្ញុំ​ប្រញាប់​ចូល​ដេក​តាំង​ពី​ពេល​ព្រលប់​ដើម្បី​ដេក​ឱ្យ​បាន​យូរ​បន្តិច ព្រោះ​យប់​ឡើង​ត្រូវ​ទៅ​ដក​សំណាប​យក​ដៃ​គេ​ផង។ កំពុង​តែ​លង់លក់​ក្នុង​ដំណេក​​​ម៉ោង​ប្រមាណ​ជា​មួយ​រំលង​អធ្រាត្រ​ម្ដាយ​ របស់​ខ្ញុំ​បាន​មក​គោះទ្វារ​បន្ទប់​របស់​ខ្ញុំ​និយាយ​ថា “អា​ខុម ដល់​ម៉ោង​ទៅ​ដក​សំណាប​គេ​ហើយ​កូន​ក្រោក​ឡើង”។ ខ្ញុំ​មិន​ទាន់​ក្រោក​ភ្លាម​នោះ​ទេ ដោយ​បង្វិល​ខ្លួន​ពីរ​ទៅ​បី​ជុំ​ទៀត​ទើប​ក្រោក​ទៅ​លុប​មុខ ស្លៀកពាក់ ហើយ​ដើរ​ចេញ​​ទៅ​ជា​មួយ​ម្ដាយ។ ខ្ញុំ​ដើរ​ពី​មុខ ម្ដាយ​របស់​ខ្ញុំ​ដើរ​ពី​ក្រោយ ខ្ញុំ​បាន​សួរ​ទៅ​កាន់​ម្ដាយ​របស់​ខ្ញុំ​ថា “ម៉ែ​អ្ហា! ម៉េច​គេ​ដក​សំណាប​យប់​ជ្រៅ​ម្ល៉េះ​ម៉ែ​ ហើយ​ចុះ​ឯណា​អ្នក​ស្រុក​អ្នក​ភូមិ​ដទៃ​ទៀត ដែល​ត្រូវ​ទៅ​ដក​សំណាប​ជា​មួយ​ យើង​នោះ?”។ ទោះ​ជា​ខ្ញុំ​និយាយ​អ្វី​ក៏​ដោយ ក៏​ម្ដាយ​របស់​ខ្ញុំ​មិន​ឆ្លើយ​តប​ដែរ។

ចេះ​តែ​ដើរ​ៗ ស្រាប់​តែ​ដល់​ទី​សំណាប...​ខ្ញុំ​បាន​ឈរ​មួយ​សន្ទុះ​ហើយ​ក្រឡេក​រក​ម៉ែ ស្រាប់​តែ​បាត់​គាត់​មិន​ឃើញ ខ្ញុំ​គិត​ថា​គាត់​ប្រហែល​ជា​ទៅ​បត់​ជើង​តូច។ ខ្ញុំ​មិន​ហ៊ាន​ដក​សំណាប​តែ​ឯង​ទេ ព្រោះ​ខ្លាច​ច្រឡំ​ទី​សំណាប​ដោយ​រង់ចាំ​​ម្ដាយ​ប្រាប់។ ចាំ​បាត់​ៗ ប្រមាណ​ជា​២​ម៉ោង​ទៅ​ហើយ នៅ​តែ​គ្មាន​អ្នក​ណា​មក​ម្នាក់​សោះ​ ម្ដាយ​ខ្ញុំ​ក៏​មិន​ឃើញ។

"តិច​ម៉ែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដឹង...ហើយ​ចុះ​បើ​ទៅ​ម៉េច​មិន​ប្រាប់​ខ្ញុំ​ផង"។ ខ្ញុំ​នឹក​ក្នុង​ចិត្ត...ក្រោយ​មិន​ឃើញ​នរណា​សោះ ខ្ញុំ​ក៏​សម្រេច​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ខ្ញុំ​នឹក​ខឹង​ម៉ែ​ណាស់​ដោយ​ទុក​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​កណ្ដាល​យប់​ស្ងាត់​ឈឹង​អីចឹង។ ប៉ុន្តែ​ពេល​ដល់​ផ្ទះ ទើប​ដឹង​ថា ភ្ញាក់​ក្រញ៉ាង។ ខ្ញុំ​ឃើញ​ម្ដាយ​របស់​ខ្ញុំ​កំពុង​តែ​ លង់លក់​ក្នុង​ដំណេក​ស្រណុក​ខុល។ ខ្ញុំ​ក៏​ស្ទុះ​ទៅ​សួរ​គាត់​ថា “ម៉ែ​...ម៉ែ ម៉េច​បាន​ម៉ែ​ឯង​មក​ផ្ទះ​ចោល​ខ្ញុំ​អញ្ចឹង ក្រែង​ហៅ​ខ្ញុំ​ទៅ​ដក​សំណាប​អី”។ ម្ដាយ​របស់​ខ្ញុំ​បើក​ភ្នែក​ប្រឹម​ៗ​មក និង​តប​ថា​ “អា​ណា​ហៅ​ឯង អញ​អត់​ដឹង​ទេ...!"។ "និយាយ​ថា​អត់​ម៉េច ម៉ែ​ឯង​ហ្នឹង​ដាស់​ខ្ញុំ ថា​ឱ្យ​ទៅ​ដក​សំណាប​មីង វ៉ន នៅ​ចុង​ភូមិ​នោះ”។

ម្ដាយ​របស់​ខ្ញុំ​តប​វិញ​ថា “​ថា​អត់​ទេ អញ​ដាស់​ធ្វើ​អី បើ​មីង​ឯង​ គេ​លើក​ពេល​ទៅ​ស្អែក​វិញ​ហើយ ព្រោះ​ខ្វះ​អ្នក​ប្រវាស់​ដៃ”។ "ចុម...វា​លេង​ខ្ញុំ​..." ខ្ញុំ​នឹក​ក្នុង​ចិត្ត ឯ​ម្ដាយ​របស់​ខ្ញុំ​បាន​សួរ​ដេញ​ដោល​រឿង​នេះ តែ​ខ្ញុំ​មិន​បាន​ប្រាប់​គាត់​នោះ​ទេ​ហើយ​ក៏​ឡើង​ទៅ​ដេក​វិញ។

រូប​តំណាង

អ្វី​ដែល​ចម្លែក​ទី​សំណាប​ដែល​ខ្ញុំ​ទៅដល់​កាល​ពី​យប់​នោះ គ្រាន់តែ​ជា​ទួល​កប់​ខ្មោច​ មួយ​តែ​ប៉ុណ្ណោះ ពេល​ទៅ​មើល​ព្រឹក​ឡើង។ ខ្ញុំ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ ប៉ុន្តែ​ទៅ​ណា​ក៏​ដោយ​ជួប​តែ​ខ្មោច​ដែរ​ពេល ចាស់​ៗ​និយាយ​ថា ដោយ​សារ​ខ្ញុំ​នេះ មាន​ក្រយៅ​ខ្មោច​លង។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា អា​ក្រយៅ​ចង្រៃ​ឆ្កួត​យ៎​នោះ នៅ​កន្លែង​មួយ​នៃ​រាង​កាយ​ខ្ញុំ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់