• 2018-05-28 09:17:41
  • ជំនឿ

ដឹងហេតុផលទាំងនេះ ច្បាស់ជាលែងហ៊ានបោះលុយលើសពស្លាប់តាមផ្លូវទៀត

  • 2018-05-28 09:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះ​លុយ​ចោល​ ជា​ទម្លាប់មួយ ដែល​គេសង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែខ្លះ តែង​តែ​ធ្វើ​តៗ​គ្នា​ នៅ​ពេល​​ពួក​គេ​បាន​ឃើញ ឬ​ធ្វើដំណើរ​កាត់​តាម​កន្លែង​គ្រោះថ្នាក់​ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​បញ្ហា​ផ្សេងៗ។

មតិ​អ្នក​បោះ​លុយ​ចោល បាន​ប្រាប់​ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​ធ្វើ​បែប​នេះ គឺ​ដើម្បី​កាត់​ស៊យ បញ្ចេរ​គ្រោះ​អកុសល តាម​លុយ​ចោល​ទាំង​នោះ ទៅ​ឲ្យ​ឆ្ងាយ​ជាដើម។

រូបថត តំណាងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ

ប៉ុន្តែ​ការ​ពិត​ ទង្វើ​នេះ ត្រូវ​បាន​លាត​ត្រដាង ដោយ​លោក​អាចារ្យ ភក្ដី ពន្យល់​ប្រាប់​យ៉ាង​ដូច្នេះ​ថា​ ការ​បោះ​លុយ​ចោល​លើ​សាក​សព គឺ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ ​សូម្បី​គម្ពីរ​ព្រះពុទ្ធសាសនា​ក៏​គ្មាន​ចែង​ពី​ចំណុច​នេះ​ដែរ។

បើ​មាន​គឺ​ព្រះ​ ទ្រង់​មាន​ចែង តែ​ការ​ដាក់​លុយ ឬ​គ្រាប់​កាក់​នៅ​ក្នុង​មាត់​សាកសព ដើម្បី​បញ្ជាក់​ថា កុំ​ឲ្យ​មនុស្ស​លោភ​លន់ ព្រោះ​ស្លាប់​ទៅ​ សូម្បី​១កាក់ ១សេនក៏​យក​ទៅ​មិន​បាន​ដែរ។

រូបថត លោក​អាចារ្យ ភក្ដី (រូបភាពផ្តល់ឲ្យ)

មែនទែន​ទៅ ការ​បោះ​ចោល​លើ​សព ជា​អំពើ​មួយ ​អាច​នាំ​បញ្ហា​មួយ​ចំនួន ដែល​យើង​មិន​បាន​ចាប់​អារម្មណ៍ ដូចជា៖

១. ប៉ះ​ពាល់​តម្លៃ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ

ការ​បោះចោល​នៅ​កន្លែង​មាន​មនុស្ស​ស្លាប់ ដូច​យើង​ធ្លាប់​ឃើញ​ហើយ ជួនកាល​ដាក់​លើ​សាកសព ជួន​កាល​ចោល​លើ​ដី ដែល​មាន​មនុស្ស​ខ្វាត់ខ្វែង​ដើរ​ជាន់ ឬ​អាច​ប្រឡូក​ប្រ លាក់​ឈាម​អ្នក​គ្រោះថ្នាក់​ជាដើម។ លោក​អាចារ្យ​ភក្តី បន្ត​ថា យើង​គួរ​មើល​គំរូ​ប្រទេស​ជិតខាង គេ​មិន​ដែល​ធ្វើ​ដូច​យើង​ទេ មាន​ន័យ​ថា ជន​ជាតិ​គេ​បាន​ឲ្យ​តម្លៃ​លុយ​គេ​ណាស់ សូម្បី​តែ​ដាក់​នៅ​ខោ​ប៉ៅ​ខោ​ ខាង​ក្រោយ​ក៏​មិន​គេ​មិន​ដាក់​ផង។

២​. បង្ក​គ្រោះ​ថ្នាក់​បន្ថែម

ជា​ការ​ពិត កាល​បើ​ឃើញ​លុយ​ហើយ គឺ​អាច​មាន​ក្រុម​មនុស្ស​ផ្សេង​ទៀត​ចាំ​រើស ឬ​ដណ្ដើម​គ្នា​ប្រញាយ ជាហេតុអាចបង្កគ្រោះថ្នាក់មួយតង់ទៀត ក៏​ថា​បាន។

៣. គ្មាន​ជួយ​អ្វី​បាន​ដល់​សព​ដែល​ស្លាប់ និង​ជា​គំរូ​មិន​គួរ​បន្ត

លោក​អាចារ្យ​ភក្ដី ចង់​សង្កត់​ធ្ងន់​ថា អ្នក​ស្លាប់​ទៅ​គឺ​ចប់​សូន្យ​ឈឹង! ដូច្នេះ សំណួរ​សួរ​ថា ហេតុអ្វី​ត្រូវ​យក​លុយ​ទៅ​ចោល ឬ​ដាក់​លើ​សព​ទៀត?

លោក​ថា គួរ​បញ្ឈប់​សកម្មភាព​នេះ​ទៅ។ បើ​ថា​ចង់​ជួយ​ដល់​សព ឬ​ធ្វើ​បុណ្យ​មែន គួរ​ប្រមូល​លុយ​ទាំង​នោះ​ទុក​១ដុំ​សិន រួចហើយ ពេល​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សព​ ឬ​មាន​ក្រុម​សមត្ថកិច្ច​ដែល​អាច​ទុក​ចិត្ត​បាន​ សូម​ប្រគល់​លុយ​ទោះ​តិច ឬ​ច្រើន ជូន​ទៅ​ក្រុម​គ្រួសារ សព​ដែល​ស្លាប់​នោះ ទើប​ជា​ការ​ត្រឹមត្រូវ នឹង​ជួយ​ពិត​ប្រាកដ។

លោក​អាចារ្យ​ដដែល ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ជួយ​នេះ គឺ​ពិត​ជា​ល្អ និង​មាន​ប្រសិទ្ធភាព ដែល​អាច​ជួយ​ដោះ​បន្ទុក​មួយកម្រិត នៃ​សមាជិក​គ្រួសារ នៃ​អ្នក​ស្លាប់​ ដោយ​គ្រោះថ្នាក់ ដែល​យើង​បាន​ជួប​ដោយ​ចៃដន្យ​នោះ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់