• 2018-05-31 07:05:50
  • ជំនឿ

សម័យឥឡូវការហើយយប់ឡើងផ្សំដំណេក តែពីដើមវិញទម្រាំបានផ្សំចង់ខ្ជិលបាត់

  • 2018-05-31 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ខ្មែរ​តាំង​បុរាណ គឺ​មាន​ច្រើន​ពិធី​ណាស់ រហូត​ដល់​៣​យប់​៣​ថ្ងៃ​ទើប​ចប់​ពិធី មិន​មែន​ដូច​បច្ចុប្បន្ន​​ទេ​។ ​ក្នុង​នោះ​សូម្បី​តែ​ពិធី​ផ្សំ​ដំណេក ក៏​មិន​មែន​ចេះ​តែ​ផ្សំ​នោះ​ទេ គឺ​ត្រូវ​ឆ្លង​កាត់​ពិធី​ជា​ច្រើន​ដំណាក់​កាល​ទៅ​តាម​លំដាប់​លំដោយ​។ ​បើ​តាម​ការ​រៀបរាប់​របស់​ លោក​តា អាចារ្យ អែម ចន ប្រាប់​ថា​ក្នុង​ពិធី​ផ្សំដំណក ចាស់​ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ តែង​ធ្វើ​ ៥​ពិធី​សិន ព្រោះ​មាន​ជំនឿ​ថា ក្រោយ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ គឺ​រស់​នៅ​បាន​សុខ​រកស៊ី​​មាន​បាន កើត​មាស​ កើត​ប្រាក់​ ដូច​គេ​ចាក់​គរ​។

រូបតំណាង

១. ​ពិធី​រាំ​លុប​ជើង​ពីរ

ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី ៣​នៃ​ពិធី​មង្គល​ការ​ខ្មែរ​ពី​បុរាណ គឺ​មុន​ពិធី​ផ្សំដំណេក​ចូល​មក​ដល់​។ លោកតា អែម ចន ប្រាប់​ទៀត​ថា ​បន្ទាប់​ពី​ឲ្យកូន​កំលោះ តោង​ស្បៃ​កូន​ក្រមុំ ចូល​ក្នុង​បន្ទប់​ហើយ​នោះ មេបា​កូន​ស្រី ចូល​ទៅ​ណែនាំ​កូន​ស្រី អំពី​ការ​រៀបចំ​បម្រើ​ប្ដី ការ​ដោះ​សំលៀកបំពាក់​ឱ្យ​ប្ដី​ជា​ដើម​។ បន្ទាប់​មក​មេបា​ឱ្យ​អ្នក​ភ្លេង​លេង​បទ​ រាំ​លុប​ជើង​ពីរ បំបាត់​ចង្រៃ។ អ្នក​ភ្លេង​លេង អ្នក​ច្រៀង​អង្គុយ​ចោង​ហោង​ស្រែក​ច្រៀង យក​ដៃ​វាស​លុប​ស្នាម​ជើង ខិត​ថយ​ក្រោយ​ដូចជា​លុប​ស្នាម ជើង​មនុស្ស​មែន​ទែន។ រួច​មេបា​ឲ្យរាំ​សាកន្ទេល។

២. ​ពិធី​រាំ​សាកន្ទេល

មក​ដល់​ពិធី​នេះ លោកតា​អាចារ្យ អែម ចន ប្រាប់​ថា មេបា​ត្រូវ​ឱ្យ​អ្នក​ភ្លេង​លេង​បទ​ រមូរ​កន្ទេល ឬ​បទ​ស្មោង ឬ​ក៏​បទ​អុំទូក។ ​អ្នក​ចម្រៀង​ត្រូវ​ច្រៀង​សរសើរ​ពី​គុណ​សម្បត្តិ​កន្ទេល ហើយ​រៀបរាប់​ថា បើ​អ្នក​មាន​វាសនា​ល្អ បាន​ដេក​លើ​កន្ទេល​នេះ ​នឹង​កើត​មាស​កើត​ប្រាក់ ដូច​គេ​គរ រួច​យក​ដៃ​ចាប់​កន្ទេល​មូរ​សន្សឹមៗ រហូត​បាន​សម្រេច​យក​កន្ទេល​មក​លើ​ស្មា។

រូបតំណាង

៣. ​ពិធី​លក់​កន្ទេល

បន្ត​មក​ទៀត ក៏​ដល់​ពិធី​លក់​កន្ទេល អ្នក​ភ្លេង​ពីរ​នាក់ ដើរ​ប្រទក្សិណ​ រួច​ច្រៀង​ពោល​សរសើរ​គុណ​សម្បត្តិ កន្ទេល​ដែល​ខ្លួន​លី​នោះ​ថា៖ បើ​លោក​អ្នក​ណា​ បាន​សម្រាន្ត​លើ​កន្ទេល​នេះ នឹង​ឡើង​បុណ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ចំណែក​សាមី​ខ្លួន ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ស្លៀក​ពាក់​ស្អាតបាត​មក​អង្គុយ​ក្បែរ រង់​ចាំ​ទិញ​កន្ទេល​នេះ តាម​ការ​ពេញ​ចិត្ត​។

៤. ​ពិធី​សំពះ​ផ្ទឹម​ខាង​ប្រុស

​ បន្ទាប់​ពី​ចប់​ពិធី លក់​កន្ទេល​គឺ​ មក​ដល់​ពិធី​នេះ​វិញ នៅ​លើ​ផ្ទះ​កូន​ស្រី មេបា​​ចាស់​ទុំ​ទាំង​អស់ នាំ​កូន​ប្រុស​ស្រី ទៅ​សំពះ​ផ្ទឹម​គោរព​ជីដូន​ជីតា​ខាង​ប្រុស​ នៅ​រោង​ខាង​ប្រុស​ម្ដង​ទៀត។ ​អ្នក​ខ្លះ​ហៅ​ថា ពិធី​សង្កត់​រោង​។

៥. ​ពិធី​ផ្សំដំណេក

លោក​តា អាចារ្យ អែម ចន ប្រាប់​ទៀត​ថា ចប់​សព្វ​គ្រប់​ពិធី​ទាំង​អម្បាល​ម៉ាន ខាង​លើ​នេះ​ហើយ ម៉ោង​ ៨-៩​ យប់​ពិធី​ផ្សំ​ដំណេក​បាន​មក​ដល់​។ ចាស់ៗ​ពី​ដើម តែង​រើស​នារី​ពីរ​រូប ដែល​មាន​ខាន់​ស្លា​មិន​អភ័ព្វ មាន​អាយុ​ច្រើន និង​ត្រូវ​ជា​ញាតិ​ខាង​ស្រី ជា​អ្នក​ចេះ​ដឹង​ពី​ពិធី​ផ្សំដំណេក​ច្បាស់​លាស់​។ តាំង​ពី​បុរាណ​មក​ ចាស់ៗ​តែង​រៀប​ចំ​ បាយ​សី​មួយ​គូ ចង្អាប​មួយ​ថាស បង្អែម​មួយ​ថាស និង​ដូង​ខ្ចី​មួយ​សែន​ឱ្យ​ដូន​តា​។

បន្ទាប់​​មក​ទៀត​កូន​ក្រមុំ​ត្រូវ​ដួស​ទឹក​ដូង​បញ្ចុក​កូន​កំឡោះ ៣​ស្លាប​ព្រា រួច​បង្គាប់​ឱ្យ​កូន​ស្រី​យក​ចេក ពេលា ដែល​អាចារ្យ​ប្រគល់​ឱ្យ​បញ្ចុក​កូន​កំឡោះ​ រួច​កូន​កំឡោះ​បញ្ចុក​ឱ្យ​កូន​ក្រមុំ​វិញ​។ ​បន្ត​ពី​នោះ​ទៀត​នារី​ពីរ​នាក់​នោះ ផ្ដែផ្ដាំ ប្រដៅ​តាម​ប្រពៃណី ផ្ដាំ​ឱ្យ​កូន​ប្រុស​ដេក​ខាង​ស្ដាំ រីឯ​កូន​ស្រី​ដេក​ខាង​ឆ្វេង។ ផ្ដាំ​រួច​ហើយ នារី​ពីរ​នាក់​នោះ​ចេញ​ក្រៅ ទុក​ឱ្យ​កូន​ក្រមុំ​ កូន​កំឡោះ នៅ​តែ​ពីរ​នាក់​ក្នុង​បន្ទប់​ចាប់​ផ្ដើម​យុទ្ធនាការ​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់