• 2018-06-07 09:25:09
  • សេដ្ឋកិច្ច

កំពង់​ស្ពឺ​សម្បូរ​រោងចក្រ ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​នេះ ​បាន​ប៉ុន្មាន​ដែរ?

  • 2018-06-07 09:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម​​ឡើយ​សម្បូរ​ដោយ​ដើម​ត្នោត​ និង​ដីស្រែ​បែក​ក្រហែង​ ប៉ុន្តែ​បច្ចុប្បន្ន​​​នេះ​ខេត្ត​កំពង់​ស្ពឺ​​ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ រោង​ចក្រ​សហគ្រាស​ជាច្រើន​ និង​​ផ្ដល់​ការងារ​ដល់​កម្មករ-កម្មការិនី​រាប់​ពាន់​នាក់​។

 

លោក វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ​ឱ្យ​ដឹង​ថា គិត​ត្រឹម​​ឆ្នាំ​ ២០១៧ ខេត្ត​កំពង់ស្ពឺ​មាន​រោងចក្រ​ចំនួន ២០៥​ ​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ​ ដោយ​ក្នុង​នោះ​ប្រាក់​ចំណូល​ជា​រៀងរាល់​ខែ​ចូល​ដល់​ដៃ​ប្រជា​ពលរដ្ឋ​មាន​ចំនួន​ជិត​ ២០​លាន​ដុល្លារ​អាមេរិក​។ កម្មករ​កម្មការិនី​សរុប​នៅ​ខេត្ត​កំពង់ស្ពឺ​ មាន​​ចំនួន​ជិត ១០ម៉ឺន​នាក់។ លោក​ថា ជិត​២០​លាន​ដុល្លារ​អាមេរិក​​នេះ​គិត​ត្រឹម​ប្រាក់​ខែ​គោល​ ១៧០ដុល្លារ​ប៉ុណ្ណោះ មិន​​ដល់​ប្រាក់​ថែម​ និង​លុយ​រង្វាន់​ផ្សេងទៀត​នោះ​ទេ។ ប៉ុន្តែ​កម្មករ​ភាគ​ច្រើន​បើក​បាន​លើស​ ២០០​ដុល្លារ​អាមេរិក​។  

ពេល​បច្ចុប្បន្ន​នេះ ខេត្ត​កំពង់ស្ពឺ បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ខណៈ​​សិប្បកម្ម​ធន​តូ​ច​ និង​មធ្យម​នៅ​តាម​មូលដ្ឋាន​មាន​រហូតដល់​ប្រមាណ ៦៤០០ មូលដ្ឋាន ដែល​​អាច​ផ្ដល់​ការងារ​ដល់​កម្មករ​កម្មការិនី​បន្ថែម​ប្រមាណ​ជាជាង ៥​ម៉ឺន​នាក់។ ដូច្នេះ​បើ​គិត​សរុប​ទាំងអស់​​នៅ​ខេត្ត​កំពង់​ស្ពឺ​មាន​កម្មករ​កម្មការិនី​ប្រមាណ​​ជា​ ១៥​ម៉ឺន​​នាក់​។ នៅ​ពេល​ឆាប់​ៗ​ខាង​មុន​នេះ​​​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ដេរ​ស្បែក​ជើង គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ ដែល​នេះ​ គឺ​ជា​ការ​បង្ខិត​ការ​ងារ​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​តែ​ម្តង។ នេះ​បើតាម​លោក វ៉ីសំណាង។ លោក​ថា រោងចក្រ​នេះ​នឹង​ផ្ដល់​ការងារ​ដល់​កម្មករ-កម្មការិនី​ប្រមាណ​ជា ៩ ០០០​នាក់​។

ក្នុងនាម​លោក​ជា​អាជ្ញាធរ និង​ជា​អភិបាល​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ​បាន​បង្ហាញ​ពី​ការ​​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​​អ្នក​វិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដែល​មាន​បំណង​មក​បណ្តាក់​ទុន ដោយ​ដាក់​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ យ៉ាង​រីករាយ ជាមួយ​នឹង​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ចូលរួម​ចំណែក​សម្រួល ផ្ដល់​សេវា​សាធារណៈ​ងាយស្រួល​ផងដែរ។ លោក​ថា ខេត្ត​កំពង់ស្ពឺ​បច្ចុប្បន្ន​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ។ រាជរដ្ឋាភិបាល​​នឹង​រៀបចំ តំបន់​តាម​ផ្លូវ​ជាតិ​លេខ៤ ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់​ឧស្សាហកម្ម​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ។

ខេត្ត​​កំពង់​ស្ពឺ ​​គឺជា​ខេត្ត​មួយ​​ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​ ២៥ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ៨៥ ​៤៧២​នាក់​៕  

អត្ថបទ៖ សុផល

មតិយោបល់