• 2018-06-11 04:37:22
  • ចរាចរណ៍

នេះលេខ Hotline ខលមិនគិតថ្លៃ បើពលរដ្ឋឃើញប៉ូលិសធ្វើខុសច្បាប់

  • 2018-06-11 04:37:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ឯកឧត្តម​ កែវ សារុន ​អធិការង​ទទួល​បន្ទុក​ការងារ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ បាន​បញ្ជាក់​ប្រាប់​ Sabay ថា ​​បើ​ប៉ូលិស​ធ្វើ​ខុស​ច្បាប់ ផាក​ពិន័យ​គ្មាន​ចេញ​វិក្កយបត្រ​ ប្រើ​ពាក្យ​សំឡុត​យក​ម៉ូតូ​ឬ ​រថយន្ដ​ទៅ​ស្នងការដ្ឋាន ដើម្បី​ជា​ការ​ទារ​ប្រាក់​បន្ថែម​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង ឬ​ផ្ដល់​ដំណឹង​ដល់​ស្នង​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ តាម​រយៈ​លេខ Hotline ០១២ ៩៩៩ ៩៩៩ និង​លេខ ​០៩៧ ៩៧៩៧ ៣៣៩ លេខនេះ ខលមិន​គិត​ថ្លៃ​នោះ​ឡើយ​។

ជា​មួយ​គ្នា​នោះ​ ប្រជាពលរដ្ឋ​ក៏​ត្រូវ​កត់ចំណាំ​ឈ្មោះ​នៅ​លើ​ហោប៉ៅ​អាវ​ខាង​ស្ដាំ និង​ទីតាំង​របស់​​ប៉ូលិស​ឈរជើង​ឲ្យបាន​ច្បាស់​លាស់​ផង​ដែរ។​​​​​​

​ ​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ​នឹង​ត្រូវ​ប្រឈម​ការ​ផាក​ពិន័យ​។ ​យោង​តាម​អនុ​ក្រឹត្រ ​​ស្ដី​ពី​ការ​ពិន័យ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​​ ​នៅ​មាត្រា​ទី​៦ ​ដែលចំនួន​ទឹក​ប្រាក់​ត្រូវ​ពិន័យ​​ ក្នុង​នោះ​ចំពោះ​អ្នក​បើក​បរ​ទោ​ចក្រ​យានយន្ត​ ឬ​ទោ​ចក្រ​យានយន្ត​ សណ្ដោង​រ៉ឺម៉ក​ ឬ​ត្រីចក្រយានយន្ត​ចំនួន​ទឹក​ប្រាក់​ ១ម៉ឺន​ ៥ពាន់រៀល​ អ្នក​បើក​បរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់​ ២ម៉ឺន​៥ពាន់​រៀល​ និង​អ្នក​បើក​បរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹកប្រាក់​ ៥ម៉ឺន​រៀល។

ដោយឡែក​អំពើល្មើស​វិញ​មាន​ដូចជា៖

ក. អ្នក​បើក​បរ​ទោចក្រ​យានយន្ត​ និងអ្នក​រួម​ដំណើរ​ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​០៣ឆ្នាំ​ឡើង​ ទៅ​​មិនពាក ​មួកសុវត្ថិភាព​ ឬពាក់​មួក​មិនត្រឹម​ត្រូវ​តាម​ស្ដង់​ដារ​ជាតិ​ ឬពាក់​មួក​សុវត្ថិភាព​ មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។ ការពិន័យ​លើ្មសនេះ​ ត្រូវគិត​តាម​ចំនួន​អ្នក​ប្រព្រឹត្ត​ លើក​លែង​កុមារ។

អ្នកបើក​បរ​ត្រីចក្រយានយន្ត​ អ្នក​បើក​បរទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​សណ្ដោង​មិនពាក់​មួកសុវត្ថិភាព​​ ឬពាក់​មួក​សុវត្ថិភាព​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​ជាតិ​ ឬ​ពាក់​មួក​សុវត្ថិភាព​ មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។

ខ. អ្នក​បើក​បរ​យានយន្ត​ដែល​មិន​បាន​យក​ភ្ជាប់​តាម​ខ្លួន​នូវឯកសារ​ដើម​រួមមាន​ បណ្ណ​បើក​បរ វិញ្ញាបនបត្រ​ត្រួត​ពិនិត្យលក្ខណៈ​បច្ចេកទេស​យានយន្ត​ និងលិខិត​អនុ​ញ្ញាត​ធ្វើអាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រអាជីវកម្មដឹកជញ្ជូន។

គ. អ្នកបើក​បរ​រថយន្ត​គ្រប់​ប្រភេទ​ និងអ្នក​រួម​ដំណើរ​ជិះ​កៅអី​មុខ​នៃ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព។

ឃ. អ្នក​បើក​បរ​យានយន្ត​ឈប់​ ឬ​ចតល្មើស​នឹង​មាត្រា​២៣​ នៃច្បាប់​ចរាចរណ៍ផ្លូវគោក។

ង. អ្នក​បើកយានយន្ត​បើកបរ​ដោយ​កុង​ទ័រ​ល្បឿន​មិនដំណើរការ។

ច. អ្នកយានយន្ត​ហួសល្បឿន​កំណត់​ចាប់ពី​ ០១ ទៅ ១៩គីឡូម៉ែត្រ​ក្នុង១ម៉ោង។

ឆ. អ្នកបើក​បរយានយន្ត​ប្រើប្រាស់​ទូរសព្ទ​ដៃ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង​ពេល​កំពុង​បើក​បរ។

ជ. អ្នកបើក​បរ​យានយន្ត​ប្រើ​សញ្ញា​សូរស័ព្ទ​មិន​ត្រឹមត្រូវ​តាម​បទ​ប្បញ្ញតិ្ដ​ច្បាប់។

ឈ. អ្នក​បើក​បរ​យានយន្ត​ដឹក​អ្នកដំណើរ​លើស​ចំណុះ​។ ច្បាប់​ចរាចរណ៍​ផ្លូវគោក​អាច​លើក​លែង​បាន​ក្នុង​ករណី​ដឹក​អ្នកជម្ងឺ​។

សូមរង់ចាំអានបន្ត ទាក់ទិន​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​ Sabay នឹងចែក​រំលែក​ដំណឹងជូនប្រិយមិត្តបន្ទាប់ទៀត។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់