• 2018-06-12 03:49:00
  • ចរាចរណ៍

៧សន្លឹក ពីផ្លូវជាតិថ្មីចែសឆ្លងកាត់៣ខេត្តរបស់កម្ពុជា ស្អាតខ្លាំងមិនចាញ់ស្រុកគេ

  • 2018-06-12 03:49:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​កំពង់ចាម កំពង់ធំ និង​ខេត្ត​សៀមរាប ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មិថុន ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដំណើរ​ដោយ​ឯកឧត្ដម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះមានប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រ ចាប់​ពី​ថ្នល់​កែង​ខេត្ត​កំពង់ចាម ដល់​អង្រ្គង ខេត្តសៀមរាប ក្រាល​បេតុង កៅស៊ូ AC ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៥៥,០២លានដុល្លារអាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការសាងសង់​ត្រូវ​ប្រើ​រយៈ​ពេល​ចំនួន ៥០​ខែ ចាប់​ផ្ដើម​ពី​ខែ​ឧសភា ឆ្នាំ២០១៣ និង​បញ្ចប់​នៅ​ខែ​កក្កដា​ឆ្នាំ២០១៧។

ណាត់ផ្លូវជាតិលេខ៦នេះគឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាង​ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប និង​ជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាម​រយៈ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅ​តំបន់​មួយ​ដែល​បាន​ស្តារ​ និង​សាងសង់​ដោយ​រាជរដ្ឋាភិបាលកម្ពុជា។

កំណាត់ផ្លូវនេះអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម របស់​កម្ពុជា​សំដៅ​ទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។

ជាមួយ​គ្នា​នេះ​ដែរ កំណាត់​ផ្លូវនេះជួយជំរុញកំណើនអត្រានៃភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​នៅ​បណ្ដា​ខេត្ត​ស្ថិត​តាម​បណ្តាយ​ខ្សែ​ផ្លូវ ជាពិសេស ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​ជិត​ខាង​ដូចជា​ខេត្ត​ព្រះវិហារ ដែលជាខេត្តសំបូរទៅដោយប្រាង្គប្រាសាទប្រវត្តិសាស្រ្ត ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួម​ជាមួយ​រមណីយដ្ឋាន​ធម្មជាតិ​ដ៏ស្រស់ស្អាត​ជាច្រើន​កន្លែង​ផ្សេងទៀត។ ក្រៅពីភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការធ្វើដំណើរនិងដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ នឹងទទួលបានការងារ មុខរបរ ចំណេះដឹងជំនាញថ្មីៗ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត តាមរយៈកំណើននៃការអភិវឌ្ឍវិនិយោគ និងទេសចរ​ នៅតាមសហគមន៍នីមួយៗ ដែល​នឹង​ជួយ​ធ្វើឱ្យជីវភាព​របស់ពួក​គាត់​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាង​មុន៕

សូមទស្សនាទិដ្ឋភាពបន្ថែមនៃផ្លូវជាតិថ្មីនេះដូចខាងក្រោម៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងសាធារណការ

មតិយោបល់