• 2018-06-14 03:13:57
  • ការអប់រំ

របាយការណ៍ថ្មីៗ! ចំនួនសេដ្ឋីនៅស្រុកខ្មែរ២ឆ្នាំចុងក្រោយ កើនឡើងប៉ុន្មាននាក់ហើយ?

  • 2018-06-14 03:13:57
  • ចំនួនមតិ

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​សង្ខេប​ស្ដី​ពី​សមិទ្ធផល​សំខាន់​ៗ ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៣-២០១៧ ចំនួន​ឧកញ៉ា​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ជីវិត​តម្កល់​លើ​ត្បូង ប្រោស​ប្រទាន​គោរមងារ ដោយ​គិត​ត្រឹម​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៧ ​មាន​ចំនួន​ ៣៣៤​នាក់។ ដោយ​ឡែក​បើ​យោង​តាម​របាយការណ៍​របស់​របស់​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ឆ្នាំ​ ២០១២​-២០១៦ ចំនួន​ឧកញ៉ា ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​គោរមងារ​ គិត​ត្រឹម​​ពី​ឆ្នាំ ២០១២​ ​ដល់​ឆ្នាំ ២០១៥​មាន​ចំនួន ៣០៥​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា ចំនួន​ឧកញ៉ា​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង ២៩​នាក់​គិត​ត្រឹម​ឆ្នាំ​២០១៧។

ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា

គោ​រម​ងារ​ជា​​ឧកញ៉ា​ ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​ប្រធាន​ព្រឹទ្ធសភា។

ឧកញ៉ា គួច ម៉េង​លី ជា​​​ស្ថាបនិក និង​​​​ជា​​​នាយក​​​ក្រុមហ៊ុន Mengly J. Quach Holding

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧ ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដី​ពី​ការ​កែសម្រួល​ចំណុច​ទី​១ នៃ​អនុក្រឹត្យ​លេខ១៥ អនក្រ ចុះ​ថ្ងៃ​ទី០៥ មេសា ឆ្នាំ​១៩៩៤ ត្រូវ​ធ្វើ​ការ​កែ​សម្រួល​ដូចតទៅ៖

១ថ្មី. សប្បុរស​ជន​ដែល​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ថ្នាក់​ជាតិ​លេខ​១។ សប្បុរស​ជន​ដែល​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ នឹង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​គោរមងារ​ជា​ «ឧកញ៉ា»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មហាសេដ្ឋីដ៏ល្បីល្បាញផ្នែកកសិឧស្សាហកម្មនៅកម្ពុជា

នៅ​ក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់​ថា បទ​បញ្ញត្តិ​ទាំង​ឡាយ​ណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុក​ជា​និរាករណ៍។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខាតទៅ៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់