• 2018-06-14 05:07:25
  • សេដ្ឋកិច្ច

រឿងសំខាន់ត្រូវដឹង! ចង់ធ្វើលិខិតឆ្លងដែនត្រូវការឯកសារ និងបំពេញបែបបទអ្វីខ្លះ?

  • 2018-06-14 05:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា គឺ​ជា​ឯកសារ​បញ្ជាក់​ថា​ជន​ដែល​កាន់​លិខិត​ឆ្លង​ដែន​នោះ ជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។ លិខិតឆ្លងដែនធម្មតានៃព្រះរាជា​ណាចក្រ​កម្ពុជា គឺជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរ​ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា។

យោង​តាម​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ចំពោះ​នីតិវិធី និង​ការ​បំពេញ​បែប​បទ​ដើម្បី​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

  • ពលរដ្ឋដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រ​កំណើត ដែលបញ្ជាក់ថាសញ្ជាតិខ្មែរ និង ឯកសារសម្គាល់គ្រួសារ ឬ ឯកសារ​ផ្សេងទៀត​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ សញ្ជាតិ និង ទីលំនៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។

  • កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ត្រូវមានសំណើសុំ ឬ ការអនុញ្ញាតិ​ជា​លាយលក្ខណ៍​អក្សរ​ពី​ឪពុក​ម្ដាយ ឬ អាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និង​សំបុត្រ​កំណើត ។

  • បំពេញពាក្យសុំផ្តល់លិខិតឆ្លងដែនមួយច្បាប់ ផ្តិតស្នាមម្រាមដៃ ថតរូប យកភិនភាគស្លាកស្នាម និងសំភាសន៍ ផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬ

  • លិខិតឆ្លងដែនធម្មតាត្រូវបានផ្តល់ជូនពលរដ្ឋ ក្នុងរយៈពេលយ៉ាងយូរ ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយ​គិត​ចាប់​ពីថ្ងៃដែលសាមីជនបានបំពេញបែបបទត្រឹមត្រូវ គ្រប់គ្រាន់ និងបង់អាករលិខិតឆ្លងដែន នៅ​បញ្ជរ​បង់ប្រាក់នៃនាយកដ្ឋាន លិខិតឆ្លងដែន ឬ សាខាលិខិតឆ្លងដែនប្រចាំតំបន់។

  • មនុស្សម្នាក់មិនត្រូវអនុញ្ញាតិឲ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតាលើសពីមួយឡើយ។

ចំពោះ​ទី​តាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​បាន​មាន​ដូច​ខាង​ក្រោម​នេះ៖

  • នាយកដ្ឋានលិខិតឆ្លងដែន មានទីតាំងនៅភូមិតាង៉ូវ សង្កាត់នោរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

  • សាខាប្រចាំខេត្តបាត់ដំបង មានទីតាំងនៅផ្ទះលេខ ១៤១ ភូមិរំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

  • សាខាប្រចាំខេត្តបន្ទាយមានជ័យ មានទីតាំងនៅបូរីសាហូ ផ្ទះលេខ ៥២-៥៤ A ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

  • សាខាប្រចាំខេត្តកោះកុង មានទីតាំងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ចំពោះ​តម្លៃ និង​ពេល​ពេល​វេលា​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម​នេះ៖

សម្រាប់មនុស្សចាស់

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

សម្រាប់កូនក្មេង

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ៨០ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១២០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ១៦០ដុល្លារ​អាមេរិក

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់