• 2018-06-14 06:49:58
  • សុខភាព

លម្អិតរឿងត្រូវត្រៀមពេលចង់ឈប់ប្រើថ្នាំការពារភ្លាមៗ កុំឲ្យពិបាកថ្ងៃក្រោយ

  • 2018-06-14 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍ដែលជឿទុកចិត្តថាដៃគូគ្មានអ្នកផ្សេងនោះ តែងជ្រើសរើសវិធីប្រើថ្នាំលេបពន្យារកំណើត ព្រោះវាមិនរំខានដាច់ចង្វាក់ពេលត្រូវប្រតិបត្តិការម្ដងៗ ។ យ៉ាងណាមិញដល់ពេលចង់បានកូន ហើយត្រូវឈប់លេប ស្ត្រីអាចមានអារម្មណ៍ស្មុគស្មាញ គិតច្រើនបន្តិចព្រោះប្រើយូរឡើងទម្លាប់ទៅហើយ ខណៈខ្លះក៏បារម្ភខ្លាចមិនឆាប់មានកូនដូចប្រាថ្នា ឬពិបាកមានកូនជាដើម។

ឈប់បារម្ភច្រើនទៅ! កង្វល់ខាងលើនេះមិនពិតទេ ការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកអាចមានកូនបានយ៉ាងឆាប់រហ័សបន្ទាប់ពីឈប់ប្រើថ្នាំភ្លាមៗ ជាទូទៅក្នុងចន្លោះពេល ពី ២សប្តាហ៍ ទៅ ៤សប្តាហ៍។ ជាការពិតណាស់ក្រោយផ្ដាច់ថ្នាំ ស្ត្រីមួយចំនួនអាចមានឈាមរដូវច្រើនជាងធម្មតា និងយូរថ្ងៃជាងធម្មតា តែវាមិនអាចឲ្យស្ត្រីបាត់រដូវពេញ ១ខែឡើយ។

រូបតំណាង

អ្នកអាចស្វែងយល់បនែ្ថមពាក់ព័ន្ធនឹងការពន្យារកំណើត បញ្ហារដូវ និងសុខភាពបន្តពូជស្ត្រី និងបុរស តាមរយៈផេក Women Health Cambodia។ រឿងសំខាន់ដែលស្ត្រីត្រូវដឹង ហើយត្រៀមខ្លួនជាស្រេច មុនឈប់លេបថ្នាំពន្យារកំណើត មានដូចជា៖

ទី១. ត្រូវចាប់ផ្ដើមកត់ចំណាំវដ្ដរដូវ៖ មុនពេលសម្រេចឈប់ប្រើថ្នាំពន្យារកំណើត អ្នកគួរកត់ចំណាំថ្ងៃដែលខ្លួនមករដូវដំបូង និងថ្ងៃអស់រដូវ ។ ការដឹងច្បាស់ពីវដ្ដរដូវ វាសំខាន់ព្រោះថាប្រសិនបើអ្នកបាត់រដូវនៅខែដំបូងក្រោយឈប់ប្រើថ្នាំការពារ ហើយមិនបានការពារដោយវិធីផ្សេងនោះ អ្នកអាចមានផ្ទៃពោះ តែដើម្បីឲ្យច្បាស់ថាវាជាការប្រែប្រួលក្រោយឈប់ប្រើថ្នាំ ឬមានផ្ទៃពោះនោះ ស្ត្រីត្រូវទៅជួបពិនិត្យសុខភាពដោយពេទ្យជំនាញ។

ទី២. ស្ត្រីគួរប្រើថ្នាំក្នុងបន្ទះចុងក្រោយឲ្យអស់សិនចាំផ្ដាច់ឈប់ប្រើ៖ ការឈប់ប្រើថ្នាំពន្យារកំណើតមិនស្មុគស្មាញដូចអ្នកគិតឡើយ អ្នកអាចឈប់គ្រប់ពេលដែលអ្នកចង់ឈប់ តែអ្នកអាចលេចចេញអាការៈបន្តិចបន្តួចដូចគ្នានឹងអាការៈពេលអ្នកចាប់ផ្ដើមប្រើអីចឹងដែរ ពិសេសបើអ្នកឈប់ប្រើពាក់កណ្ដាលទី។

ការឈប់ប្រើពាក់កណ្ដាលទី ដំបូងអាចឲ្យអ្នកមានធ្លាក់ឈាមរដូវមិនប្រក្រតី (withdrawal bleed ) ដែលមិនរាប់ទុកថាជាការមករដូវធម្មតាឡើយ តែនេះជាសញ្ញាបង្ហាញថាអ័រម៉ូនដែលធ្លាប់តែបំពេញដោយថ្នាំលែងមានក្នុងរាងកាយអ្នកទៀតហើយ ចំណែកឯការមករដូវអាចមិនទៀងមួយរយៈ អាចតែ ១ខែ ឬ ៣ខែតែប៉ុណ្ណោះ។

ទី៣. ត្រៀមរបបអាហារត្រឹមត្រូវដើម្បីបង្កើតអ័រម៉ូនដោយខ្លួនឯង

ថ្នាំពន្យារកំណើតជាថ្នាំអ័រម៉ូនដែលជួយឲ្យអ័រម៉ូនក្នុងខ្លួនស្ត្រីមានតុល្យភាព បង្ការមិនឲ្យមានការបង្កកំណើត ខណៈសុខភាពនៅតែរក្សាបានល្អ មានវដ្ដរដូវទៀងទាត់ មានអារម្មណ៍ស្រស់ស្រាយ មិនឆេវឆាវ មួម៉ៅច្រើនរាល់ពេលជិតមករដូវជាដើម។ ដូច្នេះពេលចង់ឈប់ប្រើ អាការៈទាំងនេះអាចលេចឡើងវិញ តែបើអ្នកត្រៀមខ្លួនបានល្អដើម្បីបំពេញចន្លោះនេះ ដោយមានរបបអាហារត្រឹមត្រូវ ហើយអាចបង្កើតអ័រម៉ូនដោយខ្លួនឯងជំនួសឲ្យការប្រើថ្នាំនោះ អ្នកនឹងមានអារម្មណ៍ថាធម្មតាដូចពេលកំពុងប្រើថ្នាំដដែល។

អាហារដែលជួយរក្សាតុល្យភាពអ័រម៉ូនក្នុងខ្លួន ជាអាហារដែលមានវីតាមីន B ច្រើន មានដូចជា សាច់ត្រី សាច់មាន់សរីរាង្គ ស៊ុតមាន់ ឬទា អាហារប្រើប្រេងអូលីវ ផ្លែឈើធម្មជាតិ ពិសេសគឺផ្លែបឺ និងបន្លែបៃតង៕

អត្ថបទជាប់ទាក់ទង៖ គូ​ស្នេហ៍​គួរ​ជជែក​គ្នា​រឿង​ការពារ​ឲ្យ​ច្បាស់​បើ​មិន​ចង់​ទឹក​ភ្នែក​​ពេល​ក្រោយ

អត្ថបទ៖ លីដា

មតិយោបល់