- 2018-06-14 09:08:41
- សេដ្ឋកិច្ច
ខ្ចីស្រួល ទារពិបាក! វិធីគេចពីការខ្ចីលុយ ៥របៀបល្អបំផុត មិនធ្វើឲ្យគេអន់ចិត្ត
- 2018-06-14 09:08:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ចីស្រួល ទារពិបាក! វិធីគេចពីការខ្ចីលុយ ៥របៀបល្អបំផុត មិនធ្វើឲ្យគេអន់ចិត្ត
ចន្លោះមិនឃើញ
រាល់ពេលមិត្តភក្ដិខ្ចីលុយ គឺពិបាកបដិសេធបំផុត ខ្លាចគេថាចិត្តមិនបាន គម្រិះ ឬមិនចេះជួយគ្នា គ្រាហ៍មានអាសន្ន។ តែចុងក្រោយអ្នកដែលយល់ពីមិត្តភក្ដិ ជានិច្ចកាលតែងហត់ចិត្ត ស្រក់ទឹកភ្នែក ដោយសារគេមិនព្រមសង ឬសងយូរ ខណៈដែលខ្លួនឯងកំពុងតែដាច់យ៉ៃដែរនោះ។ តទៅនេះគឺជាវិធីសាស្ត្រគេចពីការខ្ចីលុយរបស់មិត្តភក្ដិ បើនិយាយឲ្យអាក្រក់ស្ដាប់តិច គឺវិធីដោះសារដ៏ល្អ ដើម្បីទុកមុខរាប់អានថ្ងៃក្រោយ៖
១. លុយត្រូវចំណាយលើការសំខាន់ៗបើដកឲ្យខ្ចីមុខជាខ្វះ
ធម្មតាអ្នកដែលគេមករកខ្ចីលុយយើង ប្រាកដជាគេសម្លឹងឃើញថា យើងមានធនធានគ្រាន់បើដែរ។ ដូចនេះបើឆ្លើយថា អត់មានលុយតែម្ដង ដូចជាចម្លើយដែលធ្វើឲ្យគេពិបាកជឿ ម្យ៉ាងស្ដាប់ទៅដូចជាខ្វះពាក្យឆ្លើយពេក។ ចម្លើយដ៏សមរម្យ ហើយសមហេតុសមផលគួរឆ្លើយថា ដល់ពេលត្រូវបង់ថ្លៃផ្ទះ ថ្លៃសាលា ថ្លៃបង់រំលស់ខាងធនាគារ។ល។ ដែលមិនអាចដកលុយបានទេ ហើយសុំអភ័យទោសគេទៅ។
២. អ្នកផ្ទះត្រូវការបន្ទាន់វេរទៅអស់ហើយ
បើឆ្លើយថា មានមិត្តភក្ដិផ្សេងទៀតខ្ចីដែរ នាំតែគេសួរថាមិត្តភក្ដិណា នាំឲ្យយើងពិបាករកនឹកឆ្លើយវែងឆ្ងាយ។ ជម្រើសសមស្របមួយក្នុងស្ថានការណ៍នេះ គួរឆ្លើយដាក់អ្នកផ្ទះយើង ព្រោះគេមិនអាចទៅជជីកសួររកពូជពង្សយើងទេ។ អាចប្រាប់ថា អ្នកផ្ទះត្រូវការលុយប្រើការបន្ទាន់លើអ្វីមួយ ហើយខ្វះខាតលុយ ទើបត្រូវមកឆក់កណ្ដៀតលុយពីយើងទៅអស់រលីងហើយ។
៣. ប្រាប់ថាប្រាក់ខែក្រុមហ៊ុនមិនទាន់បើក
ក្នុងករណីនេះ អាចប្រើបានតែជាមួយមិត្តភក្ដិ ដែលមិនធ្វើការក្រុមហ៊ុនជាមួយយើងតែប៉ុណ្ណោះ។ គ្រាន់តែប្រាប់ថា ខែនេះក្រុមហ៊ុនបើកលុយរៀងយឺត មិនទាន់បានទម្លាក់លុយចូលកុងនៅឡើយទេ គឺចប់បញ្ហាដោយស្ងប់សុខហើយ។ បើមិនទាន់បើកលុយផង តើគេអាចមកជំរិតខ្ចីម្ដេចនឹងកើតទៅ?
៤. លុយក្នុងកុងសម្រាប់ចាយជាប្រចាំអស់ហើយ សល់តែកុងមានកាលកំណត់
ធម្មតាការដាក់ប្រាក់បញ្ញើនៅធនាគារមានច្រើនប្រភេទ។ ក្នុងមានប្រភេទប្រាក់បញ្ញើសន្សំមានកាលកំណត់ដែលកំណត់ថា រយៈពេល១ឆ្នាំ ឬប៉ុន្មានខែទើបអាចដកលុយបាន និងគណនីចរន្តដែលអាចឲ្យយើងដកលុយបានគ្រប់ពេល ដោយមិនចាំបាច់មានកាលកំណត់។ ដូច្នេះអាចប្រាប់ទៅកាន់មិត្តភក្ដិថា សល់តែលុយក្នុងប្រាក់បញ្ញើមានកាលកំណត់មិនអាចដកបានទេ ព្រោះមិនទាន់ដល់ពេល។ ចំណែកកុងសម្រាប់ចាយធម្មតាអស់ទៅហើយ។ ដូចនេះអ្នកដែលខ្ចីលុយ នឹងយល់ពីបញ្ហានេះ ដែលនាំឲ្យយើងមិនអាចឲ្យគេខ្ចីលុយបាន។
៥. ប្រាប់ថាលុយសងមិត្តភក្ដិអស់ហើយ
អាចប្រាប់ថា តាមពិតយើងក៏ជំពាក់លុយគេដែរ ព្រោះខែមុនត្រូវចំណាយលុយច្រើន ទើបទៅឆក់កណ្ដៀតពីមិត្តភក្ដិដែរ។ ដូច្នេះខែនេះត្រូវដល់ពេលសងគេវិញ មិនអាចពន្យារពេលបានទេ។ ហេតុនេះហើយទើបមិនមានលទ្ធភាពឲ្យមិត្តភក្ដិខ្ចីបាន៕
សូមជម្រាបជូនថា ៥វិធីសាស្ត្រខាងលើនេះ គឺជាការសាកសួរពីយុវវ័យចំនួន៥រូប ដែលធ្លាប់ហែលឆ្លងបទពិសោធន៍មិត្តភក្ដិទារលុយមិនសង ទើបក្រោយមកពួកគេបានជ្រើសរើសវិធីនេះ ដើម្បីកុំឲ្យវេទនាចិត្តតទៅទៀត។ វិធីសាស្ត្រនេះក៏មិនមែនបង្រៀនឲ្យប្រិយមិត្តធ្វើជាមនុស្សចិត្តអាក្រក់ឡើយ គ្រាន់តែការចែករំលែកប៉ុណ្ណោះ បើគិតថាល្អអាចប្រើការបាន សឹមពិចារណាតាមការគួរ៕