• 2018-06-19 02:41:17
  • ជំនឿ

ត្រណម និងជំនឿសំខាន់៤យ៉ាង គួរដឹងមុនទៅដល់ភូមិជនជាតិភាគតិច

  • 2018-06-19 02:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ ប្រមាណ​២៤​ក្រុម​ ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​ទំនៀម​ទម្លាប់ និង​ជំនឿ​នានា ក្នុង​ហេតុផល​ស្រដៀងគ្នា ដើម្បី​រក្សា​ក្រម​សីលធម៌ ឬ​គោលការណ៍​ច្បាប់​ប្រពៃណី គ្រប់គ្រង​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​ការ​ដោះ​ស្រាយ​ជម្លោះ​ផ្សេងៗ រួម​ទាំង​ផែនការ​អភិវឌ្ឍ​សហគមន៍។

ដើម្បី​​ចែករំលែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​យល់ដឹង​បន្ថែម​ពី​ជនជាតិ​ដើម​ភាគ​តិច ប្រធាន​សមាគម​យុវជន ជនជាតិ​ដើម​ភាគតិច លោក ង៉ាច សាមីន បាន​ប្រាប់​ Sabay ថា នេះ​ជា​មធ្យោបាយ​ល្អ​ចំណាយ​ពេល​តិច ងាយ​យល់​ អាច​ទាក់ទង​គ្នា និង​ជា​ការ​គោរព​ទៅ​មក មុន​ចូល​ទៅ​ដល់​ភូមិ​ ឬ​សហគមន៍​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

រូបភាពផ្តល់ឲ្យ

១. ធ្វើការ​ទំនាក់ទំនង ឬ​ជូន​ដំណឹង​ជាមុន

ជា​ដំបូង​បំផុត​យើង​អាច​ស្វែងរក និង​ទាក់ទង​តាម​វិធី​ដែល​អាច​ធ្វើ​បាន ទៅ​កាន់​បុគ្គល​សំខាន់ មាន ​ចាស់​ទុំ​ភូមិ ឬ​មេ​កន្ទ្រាញ និង​សមាជិក​សហគមន៍​ដទៃ​ទៀត​ក៏​បាន។

២. ការ​គោរព​ចាស់ទុំ

ដូច​ពាក្យ​ថា ចូល​ស្ទឹង​តាម​បត់ ឬ​សំដី​ ស​ជាតិ មារយាទ​ សួរ​ពូជ។ ប្រាកដ​ណាស់ យើង​ត្រូវ​ដឹង​ពី​រឿង​នេះ មុន​ចូល​ទៅលេង ឬ​ចង់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​តំបន់​ថ្មី ជា​ពិសេស​ជួប​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ណា១។ តាម​តំបន់​នីមួយៗ ជនជាតិ​ដើម​មាន​ជំនឿ​ខ្លាំង​លើ​ការ​គោរព​ដូនតា និង​ព្រលឹង​ដូនតា។

រូបតំណាង

៣. ត្រណម​មិន​ឲ្យ​និយាយ​ ឬ​ធ្វើអ្វី​ផ្ដេសផ្ដាស

ដាច់ខាត ពេល​ទៅ​ដល់​ទឹកដី​ជនជាតិ​ដើម​ភាគតិច មិន​ត្រូវ​និយាយ​ផ្ដេសផ្ដាស​នៅ​ក្នុង​តំបន់​ព្រៃ​ ព្រោះ​ជា​តំណម​ខ្លាំង ដែល​អាច​ប៉ះពាល់​ដល់​ម្ចាស់​ស្រុក សេចក្ដី​ថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់​ល្អ និង​សណ្ដាប់​ធ្នាប់​សង្គម​ជនជាតិ​ដើម។ តំបន់​សំខាន់​ ដែល​មាន​ជំនឿ​ស័ក្ដិសិទ្ធិ​បំផុត មាន​ដូច​ជា​នៅ​តាម​ភ្នំ កន្លែង​មាន​ថ្ម​ធំ​ៗ បឹង ត្រពាំង អូរ ទឹកជ្រោះ និង​កន្លែង​មាន​ផ្នូរ​ដូនតា។

៤. ពេល​មាន​សមាជិក​ណា​ម្នាក់​ស្លាប់

ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច គឺ​គេ​ត្រូវ​យក​សម្ភារៈ ដូចជា​សំលៀកបំពាក់ និង គ្រឿង​ប្រដាប់​ដែល​សព​ធ្លាប់​បាន​ប្រើ​កាល​នៅ​រស់ យក​ទៅ​កប់​ចោល​ជាមួយ​សព។

ជា​ពិសេស​អ្នក​ស្លាប់​តៃហោង គឺ​សមាជិក​សហគមន៍​ណា​១ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រំលែក​ទុក្ខ​របស់​គ្រួសារ​នៃ​សព​នោះ ដាច់ខាត​គ្រួសារ​នៃ​ម្ចាស់​សព​នៅ​ត្រូវ​ធ្វើ​ពិធី​លីស​លាង ឬ​ហៅ​ថា​សែន (ច្បាប់​ប្រពៃណី​ត្រូវ​អនុវត្ត​តាម​ក្រុម​ជនជាតិ​ដើម​ភាគតិច​ នៃ​ក្រុម​នីមួយៗ) ដើម្បី​ជម្រះ​ព្រលឹង ឬ​វិញ្ញាណ​អាក្រក់​ចេញ​ពី​ខ្លួន​កុំ​ឲ្យ​តាម​យាយី។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់