• 2018-06-15 10:14:21
  • សេដ្ឋកិច្ច

របរ​ជាងចម្លាក់មានទីផ្សារ តែ​ខ្វះអ្នកមាន​ចិត្ត​ចង់ធ្វើ​

  • 2018-06-15 10:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ស្នាដៃ​ចម្លាក់​របស់​ខ្មែរ​កំពុង​តែ​មាន​ទីផ្សារ​ ពោល​គឺ​មាន​ការ​ពេញ​ចិត្ត​ច្រើន​ពីសំណាក់​អតិ​ថិជន​ជាតិ​និង​អន្ដរជាតិ។ របរ​ជា​ជាង​ចម្លាក់​ថ្វីបើ​ត្រូវ​ចំណាយ​ពេល​ជា​មួយ​ដែកដាប់​និង​ព្រលៀក​ដើម្បី​ច្នៃ​ដុំ​ឈើ​ឬផ្ទាំង​ថ្ម ឲ្យ​ចេញ​ជា​រូប​ផ្សេងៗ​ក្ដី ក៏​ប៉ុន្ដែ​របរ​នេះ​បាន​ផ្ដល់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ និង​ជា​ការ​ជួយ​ថែរក្សា​កេរ​មរ​តក​ដូនតាផងដែរ។

(លោក តួ ដារ៉ា កំពុង​ពិនិត្យ​មើល​ការឆ្លាក់​កូនជាង​របស់ខ្លួន​)

ទោះ​ជាយ៉ាង​នេះ​ក្ដី បើ​តាម​ម្ចាស់​សិប្ប​កម្ម​ចម្លាក់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា យុវជន​ជំនាន់​ក្រោយ​ភាគ​ច្រើន​ហាក់​ខ្វះ​ភាព​តស៊ូ​អត់​ធ្មត់​ក្នុង​ការ​ចាប់​យក​មុខជំនាញ​នេះ​ទៅវិញ​​។​

លោក តួ ដារ៉ា ម្ចាស់​សិប្ប​កម្ម​ចម្លាក់​បន្ទាយ​ស្រី​២ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សៀមរាប​ ខេត្​តសៀមរាប​​បាន​ឲ្យដឹងថា បច្ចុប្បន្ន​ទាំង​សិប្បកម្ម​របស់​លោក​ក៏ដូច​ជា​បណ្ដា​សិប្បកម្ម​ចម្លាក់​ដទៃ​ទៀត​​ កំពុង​ជួប​ប្រទះនឹង​បញ្ហា​កង្វះ​ជាង​ចម្លាក់​ដូចៗគ្នា។ លោក​ឲ្យ​ដឹង​ថា ជា​ទូទៅ​សម្រាប់​ជាង​ចម្លាក់​ដែល​មាន​ជំនាញ​ស្រាប់​ សិប្បកម្ម​របស់​លោក​ផ្ដល់​ប្រាក់​ខែជា​មធ្យម​ចន្លោះ​ពី​ ៩០ម៉ឺន​រៀល​ ដល់​១លាន​រៀល​រួម​ជាមួយ​ការ​អាហារ​ បី​ពេល​ក្នុង​មួយ​ថ្ងៃ​។ ដោយ​ឡែក​សម្រាប់​អ្នក​មាន​ស្នា​ដៃ​ល្អ​ គឺ​អាច​ទទួល​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ​បន្ថែម​ទៀត​។

(ប្រភេទចម្លាក់​ក្នុង​សិប្បកម្មរបស់​លោក ដារ៉ា)

ទោះជា​យ៉ាងនេះ​ក្ដី​​លោក​ថា​យុវជន​ភាគ​ច្រើន​ហាក់​ដូច​​មិន​សូវ​តស៊ូ​ក្នុង​ការ​ចាប់​យក​ជំនាញ​នេះ​ទៅវិញ​ ដោយថា​យុវជន​ខ្លះ​មិន​ចូល​ចិត្ត​ការងារ​នៅ​មួយ​កន្លែង​បែបនេះ​។ លោកបញ្ជាក់ថា៖ «ពី​មុន​មក​​រៀន​ឆ្លាក់​ ជាង​ម្នាក់ៗ​មិន​មាន​ប្រាក់​ខែ​ផង​ហើយ​មាន​តែ​យក​អង្ករ​ពី​ផ្ទះ​មក​ហូប​ដើម្បី​បាន​រៀន​ តែ​ឥឡូវ​យើង​មាន​ទាំង​ប្រាក់ខែ​ និង​អាហារ​ហូប​ចុក​ឲ្យ​ហើយ​នៅ​តែ​ខ្វះ​អ្នក​រៀន​ជំនាញ​ចម្លាក់​នេះ​ទៀត​។ យុវជន​បច្ចុប្បន្ន​ហាក់​ដូច​ជាគ្មាន​ភាព​តស៊ូ​នឹង​​​ចាប់​យក​ជំនាញ​នេះ ទោះ​ជា​វា​មានត​ម្លៃក៏ដោយ...​គេទំនងមិនចូលចិត្តការងារ​នៅ​មួយ​កន្លែង​»។ លោក ដារ៉ា ឲ្យដឹងបន្ថែមថា បច្ចុប្បន្ន​សិប្បកម្ម​របស់​លោក​មាន​ជាង​ឆ្លាក់​សរុប​ចំនួន​ ១៥នាក់ ប៉ុន្ដែ​លោកថា​​​ត្រូវការ​​ជាង​ប្រមាណ​១០​នាក់​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន​។

សម្រាប់​លោក ស៊ីណា ​ជាង​ចម្លាក់​ផ្នែក​ឈើ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​លោក​រក​ចំណូល​ពីការ​ប្រកប​របរ​ចម្លាក់​បាន​ចន្លោះ ​២៥០ដុល្លា​រ ទៅ​៣០០​ដុល្លារ​អាមេរិក​។ លោក​ថា​លោក​ពេញ​ចិត្ត​ទៅ​នឹង​ការងារ​នេះ ដែល​ថា​អ្វី​ដែល​លោក​ធ្វើបាន គឺ​បង្ហាញពី​តម្លៃ​នៃ​ស្នាដៃ​របស់​លោក​ពិត កើត​ចេញ​ពី​​ចិត្ត​ស្រឡាញ់ និង​ការ​ខិត​ខំ​ប្រឹងប្រែង​។

ងាក​មក​ជាង​ចម្លាក់​ថ្ម​មានបទ​ពិសោធន៍​ជាង១០​ឆ្នាំ លោក តួ ដារ៉ា វិញ​​​ ​ឲ្យ​ដឹង​ថា​មុខ​របរ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ជីវភាព​ធូរ​ធារ​ជាង​មុន​។ ម្ចាស់​សិប្បកម្ម​ចម្លាក់​រូបនេះ​បញ្ជាក់​បន្ថែម​ថា​ក្រៅ​ពី​ផ្ដល់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ ​ការ​ចាប់​យក​របរ​ជា​ជាង​ចម្លាក់​ក៏​ជា​កាតព្វកិច្ច​ក្នុង​នាម​ជាកូន​ចៅ​ជំនាន់​ក្រោយ​ដើម្បី​បន្ដ​វេន​ថែរក្សា​កេរ​មរតក​ដ៏​អស្ចារ្យ​របស់​ដូន​តាខ្មែរ​ផង​ដែរ៕

អត្ថបទដោយ៖ រស់ សុជាតិ​

មតិយោបល់