- 2018-06-16 07:58:23
- សេដ្ឋកិច្ច
ប្លែក! សួនច្បារមុខសាលាខេត្តឧត្តរមានជ័យ ចិញ្ចឹមត្រីប្រាពាន់ក្បាលទាក់ចិត្តអ្នកមកកម្សាន្ត
- 2018-06-16 07:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! សួនច្បារមុខសាលាខេត្តឧត្តរមានជ័យ ចិញ្ចឹមត្រីប្រាពាន់ក្បាលទាក់ចិត្តអ្នកមកកម្សាន្ត
ចន្លោះមិនឃើញ
អមដោយសួនច្បារដ៏ស្រស់ស្អាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធ សួនច្បារធំមួយកន្លែងស្ថិត នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ (ទល់មុខសាលាខេត្ត) ហាក់មិនសូវរំលងពីអ្នកដំណើរឡើយ ពិសេសអ្នកនិយមដើរហាត់ប្រាណពេលល្ងាច ឬពេលព្រឹក។ មិនសូវរំលងដោយសារទស្សនា និងឱ្យចំណីត្រីប្រាខ្ទង់ពាន់ក្បាល ដែលត្រូវបានចិញ្ចឹមនៅក្នុងស្រះទឹកដ៏ធំមួយចំកណ្ដាលសួនច្បារនេះតែម្តង។
មែនទែនទៅត្រីប្រាទាំងនេះត្រូវបានរដ្ឋបាលសាលាក្រុងសំរោងចិញ្ចឹម ដើម្បីទុកជាការកម្សាន្ត សម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយមកទស្សនាគ្រាប់បំបាត់ភាពអផ្សុក និងមិនអនុញ្ញាតឱ្យនេសាទនោះទេ។
អ្នកស្រី បុប្ផា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យឱ្យដឹងថា អ្នកតែងមកហាត់ប្រាណនៅសួនច្បារមុខសាលាខេត្តស្ទើរមិនលោះថ្ងៃនោះទេ ព្រោះនៅទីនោះមានឧបករណ៍សាធារណៈមិនគិតថ្លៃ។ បន្ទាប់មកអ្នកស្រីតែងមកឱ្យចំណីត្រីប្រា ដែលធ្វើឱ្យ អារម្មណ៍អ្នកស្រីកាន់តែស្រស់ថ្លាបន្ថែមទៀត។ “ពិតមែនប្អូន…មីនតែងមកទីនេះរាល់ថ្ងៃ ដើម្បីហាត់ប្រាណ ក្រោយហាត់ប្រាណរួចក៏ឈៀងមកមើលស្រះចិញ្ចឹមត្រីប្រាឱ្យចំណី”។
ចំណែកកញ្ញា គន្ធា រស់នៅក្នុងក្រុងសំរោងឱ្យដឹងថា ក្រោយទំនេរពីការសិក្សាកញ្ញា ព្រមទាំងមិត្តភ័ក្ដិតែងមកស្រូបយកខ្យល់អាកាសនៅសួនច្បារមុខសាលាខេត្ត ព្រោះមានបរិស្ថានស្អាត និងមនុស្សអ៊ូអរ។ ម្យ៉ាងនៅទីនេះមានកន្លែងចិញ្ចឹមត្រីប្រារាប់ពាន់ក្បាល ស្ថិតនៅចំកណ្តាលសួនច្បារ ដែលអនុញ្ញាតឱ្យកញ្ញាផ្តល់ចំណី និងបំបាត់អស់ភាពតប់ប្រមល់។ “នៅទីនេះមានខ្យល់អាកាស និងការរៀបចំល្អទាំងសួនច្បារ កន្លែងហាត់សាធារណៈ ព្រមទាំងកន្លែងទាំងកន្លែងចិញ្ចឹមត្រីប្រា។ ខ្ញុំសប្បាយចិត្តដែលសាលាខេត្តបានរៀបចំកន្លែងនេះឡើង”។
លោក សុខ បូរ៉ា ប្រជាពលរដ្ឋរស់នៅក្នុងសំរោងឱ្យដឹងដែរថា ការរៀបចំសួនច្បារដ៏ស្រស់ ស្អាត កន្លែងហាត់ប្រាណ និងវិមានឯករាជនៅក្នុងក្រុងគឺជាចំណុចទាក់ទាញមួយ។ ប៉ុន្តែអ្វី ដែលកាន់តែទាក់ទាញទៀតនោះសាលាក្រុងបានរៀបចំជាស្រះចិញ្ចឹមត្រីដ៏ធំមួយ និងមានការថែរទាំយ៉ាងល្អទុកគ្រាន់ពលរដ្ឋបានទស្សនា។ "ខ្ញុំឃើញមន្រ្តីសាលាក្រុងយកចិត្តទុកដាក់បានល្អទាំងការថែទាំមិនឱ្យមានការចាប់ត្រីពីស្រះ និងការផ្លាស់ប្តូរទឹកជាប្រចាំ ដើម្បីកុំឱ្យត្រីងាប់។ ប៉ុន្តែខ្ញុំសុំម្យ៉ាងថា ចូលរូមថែរក្សាអនាម័យទាំងអស់គ្នា កុំបោះចោលសំរាមផ្ដេសផ្ដាសចូលស្រះចិញ្ចឹមត្រី និងនៅលើសួនច្បារ ព្រោះអាចនឹងបាត់បង់សោភ័ណភាព និងងាប់ត្រីបាន"។
ក្រុងសំរោងក្នុងខេត្ត ឧត្តរមានជ័យនាប៉ុន្មានឆ្នាំចុងក្រោយនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុង ក្រុងកាន់តែស្រស់ស្អាតដូចជា ការរៀបចំសួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈ ការកសាងវិមាន ឯករាជ និងមានសភាពអ៊ូអរជាង ៤ឆ្នាំទៅ៥ឆ្នាំមុន។ នេះបើតាមការពីលោក សុខ បូរ៉ា៕