• 2018-06-20 14:16:04
  • ព័ត៌មាន

ចិន​សោកស្ដាយ​ដែល​អាមេរិក​ចាកចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ UN

  • 2018-06-20 14:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការ​បរទេស​ចិន ក្នុង​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញ​ការ​សោកស្ដាយ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។

កាល​ពី​ម្សិល​មិញ សហរដ្ឋអាមេរិក​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ ក្រោម​ហេតុ​ផល​ថា ស្ថាប័ន​មាន​និន្នាការ​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល និង​កង្វះ​កំណែ​ទម្រង់។

លោក Geng Shuang

ក្នុង​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​ឲ្យ​ដឹង​ថា ​ចិន​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​សហរដ្ឋអាមេរិក។ លោក​បាន​បន្ត​ថា​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ជា​វេទិកា​មួយ​សម្រាប់​ភាគី​ផ្សេងៗ​ចូល​រួម​ធ្វើ​ការ​សន្ទនា សហប្រតិបត្តិការ ផ្លាស់ប្ដូរ​យោបល់ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស។ លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់​​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាប័ន​នេះ។

លោក Geng Shuang បាន​បន្ត៖ "ចិន​បន្ត​លើក​កម្ពស់ និង​ប្ដេជ្ញា​ក្នុង​ការ​ប្រកាន់​ខ្ជាប់​គោលការណ៍​ពហុ​ភាគី​និយម (Multilateralism) ព្រម​ទាំង​គាំទ្រ​យន្តការ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស"។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​គូស​បញ្ជាក់​ថា ចិន​នឹង​បន្ត​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​ទូទាំង​សាកលលោក ហើយ​បន្ត​ធ្វើ​ការ​ជា​មួយ​ភាគី​ដទៃ​ទៀត​តាម​រយៈ​កិច្ច​សន្ទនា និង​​សហប្រតិបត្តិការ​ដែល​មាន​លក្ខណៈ​"ស្ថាបនា"។

សូម​បញ្ជាក់​ផង​ដែរ​ តាំង​ពី​អាមេរិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​ឆ្នាំ ២០១៧ មក រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ការ​ដក​ខ្លួន​ចេញ​ពី កិច្ច​ព្រមព្រៀង​អាកាសធាតុ កិច្ច​ព្រមព្រៀង Trans-Pacific Partnerhsipកិច្ច​ព្រមព្រៀង​អ៊ីរ៉ង់ អង្គការ UNESCO និង​ចុង​ក្រោយ​នេះ​គឺ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ៕

ប្រភព៖ CGTN អត្ថបទ៖ សេរី មង្គល

មតិយោបល់