• 2018-06-26 11:21:00
  • ជំនឿ

តាម​ដាន​ ពី​ទំនៀមទម្លាប់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន ៥ របស់​ប្រទេស​ស្រីលង្កា!

  • 2018-06-26 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​ជា​ទំនៀមទម្លាប់​ចំនួន ៥ របស់​ប្រទេស​ស្រី​លង្កា ដក​ស្រង់​គេហទំព័រ​ល្បី​ឈ្មោះ Culture Trip៖

១. ពិធី​រំលឹក​ថ្ងៃ​កូន​ស្រី​មក​រដូវ​ដំបូង៖

ចំពោះ​គ្រួសារ​ដែល​មាន​កូន​ស្រី នៅ​ពេល​កូន​ស្រី​មក​រដូវ​ជា​លើក​ដំបូង នាង​ត្រូវ​បាន​សាច់ញាតិ​ភេទ​ស្រី​យក​ទៅ​ដាក់​បន្ទប់​មួយ​ចាក់​សោ មិន​ឲ្យ​នាង​ត្រូវ​បាន​ឃើញ​ពី​សំណាក់​ភ្នែក​ប្រុសៗ​ទាំង​អស់ (រួម​បញ្ចូល​ទាំង​ឪពុក និង​បង​ប្រុស)។ កូន​ស្រី​នឹង​បន្ត​នៅ​ទី​នោះ​រហូត​ទាល់​តែ​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ការ​មក​រដូវ​ដំបូង ត្រូវ​បាន​ជ្រើស​រើស​ដោយ​សាច់ញាតិ។

នៅ​ថ្ងៃ​ដែល​ប្រារព្ធ​ពិធី កូន​ស្រី​ត្រូវ​ទ​ទូល​កំណាត់​ពណ៌​ស ដែល​បិទ​បាំង​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​ត្រូវ​បាន​សាច់​ញាតិ​ខាង​ស្រី នាំ​ទៅ​ផ្ទះ​ខ្ទម​មួយ​ដែល​រៀប​ចំ​យ៉ាង​ពិសេស​សម្រាប់​នាង។ នៅ​ទី​នោះ នាង​ត្រូវ​មុជ​ទឹក​ដុស​សម្អាត​ខ្លួន​ជាមួយ​នឹង​ទឹក​ដែល​មាន​លាយ​ពី​រុក្ខជាតិ​ជា​ច្រើន។ ក្រោយ​មុជ​ទឹក​រួច នាង​ត្រូវ​ទៅ​ធ្វើ​ពិធី​អុជ​ភ្លើង​ទៀន រួច​ទៅ​គោរព​ចាស់​ទុំ។ កូន​ស្រី​នឹង​ទទួល​បាន​សំលៀកបំពាក់​ថ្មី និង​គ្រឿង​អលង្ការ​ធ្វើ​អំពី​មាស​មួយ​ចំនួន​ផង​ដែរ​ពី​ពួក​គេ។ បន្ទាប់​ពី​ធ្វើ​គារវកិច្ច​ហើយ ពិធី​ជប់​លៀង​យ៉ាង​ធំ​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង។

កាល​ពី​សង្គម​ស្រី​លង្កា​សម័យ​ដើម ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ប្រកាស​ថា គ្រួសារ​មាន​កូន​ស្រី​គ្រប់​វ័យ​រៀប​ការ​ហើយ កូន​ប្រុស​គ្រួសារ​ដទៃ​ទៀត​អាច​អញ្ជើញ​ចូល​សួរ​នាំ​បាន។ យ៉ាង​នេះ​ក្ដី នា​ពេល​បច្ចុប្បន្ន ផ្នត់​គំនិត​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ។ ពិធី​ធ្វើ​ឡើង​គ្រាន់​តែ​ជា​និមិត្តរូប​ពី​ការ​ប្ដូរ​វ័យ​ពី​កូន​ស្រី​ប៉ុណ្ណោះ។

២.ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឡើយ៖

នៅ​ស្រី​លង្កា ក្នុង​អំឡុង​ពរ​ពោះ​ ឬ​មាន​គភ៌ ស្ត្រី​​​តែ​ងត្រូវ​បាន​សមាជិក​គ្រួសារ​ ព្រម​ទាំង​សាច់ញាតិ​ ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ហើយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឡើយ។

៣.បើក​ទ្វារ​ ៧ ថ្ងៃ​ ក្រោយ​ធ្វើ​ពិធី​បុណ្យ​សព​រួច៖

នៅ​ស្រី​លង្កា ក្រោយ​ធ្វើ​ពិធី​បុណ្យ​សព​រួច សមាជិក​គ្រួសារ​សព​ត្រូវ​បើក​ទ្វារ ដល់​ទៅ ៧ ថ្ងៃ ព្រោះ​គេ​ជឿ​ថា ព្រលឹង​អ្នក​ស្លាប់ នៅ​បន្ត​ដើរ​ជុំវិញ​ផ្ទះ​ក្នុង​អំឡុង​ពេល​នោះ។ អ៊ីចឹង​ហើយ សមាជិក​គ្រួសារ​សព​ ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ។ ផ្ទុយ​ទៅ​វិញ បើ​មិន​បើក​ទ្វារ​ទេ ព្រលឹង​អ្នក​ស្លាប់ នឹង​ជាប់​ក្នុង​ផ្ទះ​នោះ​ជា​មិន​ខាន។

៤.សព​មិន​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ម្នាក់​ឯង​ឡើយ៖

នៅ​ពេល​មាន​អ្នក​ស្លាប់ មុន​ពេល​កប់ ឬ​បូជា សមាជិក​គ្រួសារ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​សព​នៅ​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​យ៉ាង​ហោច​ណាស់ ត្រូវ​មាន​មនុស្ស​ម្នាក់​អង្គុយ​យាម​សព។

៥.ពិធី​ដេញ​ព្រលឹង​ខ្មោច Thovil៖

នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ភាគ​ច្រើន​នៅ​ស្រីលង្កា មាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា ជំងឺ​បណ្ដាល​មក​ពី​ព្រលឹង​ខ្មោច​ធ្វើ។ ហេតុ​នេះ គេ​នាំ​គ្នា​ធ្វើ​ពិធី Thovil ដើម្បី​ដេញ​ព្រលឹង​ខ្មោច​ចេញ​ពី​ខ្លួន​អ្នក​ជំងឺ។ ក្នុង​ពិធី​នេះ អ្នក​ជំងឺ​ត្រូវ​អង្គុយ​លើ​កម្រាល​ព្រំ​មួយ​ក្រាល​ពី​លើ​ដោយ​កំណាត់​ស ហើយ​ព័ទ្ធ​ជុំវិញ​ដោយ​ក្រុម​អ្នក​រាំ ពាក់​មុខ​បិសាច កាន់​ពំនូក​ភ្លើង និង​ធ្វើ​ការ​សន្ទនា​ជាមួយ​ព្រលឹង​បិសាច។ ពិធី​នេះ​អម​ដោយ​ការ​ប្រគំ​ និង​ច្រៀង​ចម្រៀង​បុរាណ រួម​ជាមួយ​សំឡេង​គោះ​ស្គរ​ផង​ដែរ។

អ្នក​ស្រុក​ភាគ​ច្រើន​ជឿ​ថា ក្រោយ​ប្រារព្ធ​ពិធី​នេះ​ហើយ ព្រលឹង​ខ្មោច​នឹង​ភ័យ​ស្លន់ស្លោ ហើយ​រត់​ចោល​ពី​ខ្លួន​អ្នក​ជំងឺ ធ្វើ​ឲ្យ​ជា​សះ​ស្បើយ៕

ប្រភព៖ theculturetrip អត្ថបទ៖ សេរី មង្គល

មតិយោបល់