• 2018-06-27 09:54:12
  • ចរាចរណ៍

JICA ត្រៀមជួយ ២៧លានដុល្លារ ស្តារតំបន់លិចទឹកខ្លាំងជាងគេនៅភ្នំពេញ

  • 2018-06-27 09:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ការ​បង្ហើប​របស់​​លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ទី​ភ្នាក់ងារ​ JICA របស់​ជប៉ុន​​បាន​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​ប្រមាណ​ ២៧លាន​ដុល្លារ​ ដើម្បី​ស្ដារ​តំបន់​ចំនួន​ពីរ​ដែល​លិចទឹក​ខ្លាំង​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​។​

លោក ​សាំ ពិសិដ្ឋ មាន​ប្រសាសន៍​ថា យើង​កំពុង​ត្រៀម​ដោះ​ស្រាយ​តំបន់​ប្រឈម​នឹង​ទឹក​លិច​ធ្ងន់​ធ្ងរ តួ​យ៉ាង​ផ្លូវ​៤៧ ឆ្ពោះ​ទៅ​ផ្លូវ​ស៊ីសុវត្ថិ ​​​តំបន់​ខាង​ជើង​វត្ត​ភ្នំ និង​ផ្សារ​មាន់​អាំង​។ JICA ត្រៀម​ទម្លាក់​កញ្ចប់​លុយ ២៧លាន​ដុល្លារ នៅចុង​ឆ្នាំនេះ ​ហើយ​យើង​​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​​​ដាក់​លូ​ធំៗ​នៅ​តំបន់​ដូច​រៀបរាប់​ រួម​ទាំង​សាងសង់​ស្ថានីយ​បូមទឹក​ និង​អាង​ស្តុក​ទឹក​ អាច​ស្តុក​ទឹក​ចំនួន ​៥ពាន់ម៉ែត្រ​គីប ដែល​មាន​ទីតាំង​​នៅ​ក្បែរ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)។​​​​​​​​​

លោក ​សាំ ពិសិដ្ឋ

លោកថា ​ក្នុងរយៈ​ពេល​០២ ចាប់​ពី​២៥ -២៦ មិថុនានេះ យើងសង្កេត​ឃើញ​មាន​ការ​លិចលង់​យ៉ាង​គំហុក​ដោយ​សារ​ភ្លៀងធ្លាក់​។​​​​ ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​ការ​លិច​លង់​ធ្ងន់​ធ្ងរ​បណ្តាល​មកពី ​បញ្ហា​សំរាម​ បញ្ហា​ខ្វះ​អណ្តូង​លូ​ និង​ការ​បិទ​​មាត់​អណ្តូង​លូ​ឲ្យ​នៅ​តូច​ជា​ដើម។​​

ដើម្បី​សម្រាល​ដល់​ការ​លិចលង់​ជំនន់​ទឹក​ភ្លៀង​ឆ្នាំនេះ ​ ប្រធាន​មន្ទីរ​សាធារណការ​ ខាង​លើ​ ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បើក​អណ្តូង​លូ និង​រាយការណ៍​មក​អាជ្ញាធរ​ ពិសេស​អ្នក​បិទ​មាត់​លូ​ផ្ទាល់​ សូម​ឲ្យ​បើក​ពេល​មាន​ទឹក​ជន់​។​​​​​​​

គួរ​ជម្រាប​ថា ​​​​តំបន់​ដែល​លិច​ខ្លាំង​ផ្សេង​ទៀត​នោះ​ ដូចជា​នៅ​កម្ពុជា​ក្រោម ផ្សារ​ដេប៉ូ​ ផ្សារកណ្ដាល ប៉ុន្តែ​តំបន់​ទាំង​នេះ​​ សង្កេត​ឃើញ​ឲ​ទឹក​លិច​លឿន​ ហើយ​​ស្រក​ក៏​​លឿន​ផង​ដែរ។ ​នេះបើ​តាម​ប្រសាសន៍​របស់​លោក​ ​សាំ ពិសិដ្ឋ។

សូមទស្សនាវីដេអូលម្អិត៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់