• 2018-06-29 03:01:24
  • ជំនឿ

អ្នកតា និងព្រះអង្គ៦កន្លែងនៅកម្ពុជា ល្បីស័ក្ដិសិទ្ធិសាហាវ ចង់បានប្ដី ចង់ទារលុយអ្នកជំពាក់ បានភ្លាមៗ

  • 2018-06-29 03:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​បន់ស្រន់ទាំង ៦នៅ​កម្ពុជា ត្រូវ​បាន​ប្រជាពលរដ្ឋ​ល្បី​ត​ៗ​គ្នា​ថា ពូកែ​ស័ក្ដិ​សិទ្ធ​បំផុត ចង់​បាន​អ្វី​ក៏​បាន​ហ្នឹង​។ ​ដូច្នេះ​ចង់​ដឹង​ថា ទីតាំងបន់ស្រន់​ទាំង​នោះ នៅ​ក្នុង​ខេត្ត​ណា​ខ្លះ? ​ខាង​ក្រោម​នេះ​ជា​កន្លែង​បន់​ស្រន់​ល្បីៗ​ទាំង​ ៦ក្នុងខេត្តផ្សេងៗគ្នា៖​

១. អ្នកតា​ក្រហម​ ក​ នៅ​ភ្នំ​សន្ទុកបន់ដើម្បីឱ្យគេសងលុយ

កូន​បំណុល​ជំពាក់​រាប់​ឆ្នាំ​ស្ទើរ​មិន​សង គឺ​ម្ចាស់​លុយ​បាន​ទៅ​បន់​ស្រន់ លោក​តាក្រហមក នៅ​ភ្នំ​សន្ទុក​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ បាន​សម្រេច​ស្ទើរ​គ្រប់​គ្នា។ ទន្ទឹម​នឹង​នេះ អ្នក​ប៉ង​ចូចែចូវ​ស្ដីដណ្ដឹង​កូន​គេ ឬ ចង់​លក់​ដី​ដាច់ សុទ្ធតែ​ទៅ​បន់​ស្រន់​នៅ​ទី​នេះ​បាន​ដូច​សេចក្ដីប្រាថ្នា។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក​យាយ ម៉ៅ អ្នក​ថែ​រក្សា​កន្លែង​អ្នក​តា​ក្រហម​ក លើ​ភ្នំ​សន្ទុក។

២.អណ្ដូង​ទឹក​ ៧​ពណ៌​ឬ​រូង​នាគ​ភ្នំ​គូលែនបន់ដើម្បីបានប្ដី​

ភ្នំគូលែន​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយលើ ​និង​ស្រុក​វ៉ារិន ​ចម្ងាយ​ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ និង​ប្រហែល​ ២៥​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី។ ​ភ្នំ​នេះ​មាន​ឈ្មោះ​ដើម​ថា ​មហិន្រ្ទ​បព៌ត​ ជា​កន្លែង​ដែល​ព្រះ​បាទជ័យវរ្ម័នទី​២ ​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ ​និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែល​ជា​ពេល​ដែល​សម័យ​អង្គរ​កើត​ឡើង។

នៅ​លើ​ភ្នំ​នេះ​ដែរ មាន​កន្លែង​មួយ​ដែល​គេ​បាន​ឱ្យ​ឈ្មោះ​ថា​ជា​អណ្ដូង​៧​ពណ៌​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​រូង​នាគ ​ដែល​ល្បី​ថា​សក្ដិសិទ្ធិ​ខ្លាំង​ណាស់ ​ពោល​គឺ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មិន​ដែល​រំលង​នោះ​ទេ។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ​បើ​តាម​អ្នក​នាំ​ភ្ញៀវ​ម្នាក់​នៅ​លើ​ភ្នំ​គូលែន​ ​បាន​ប្រាប់​ដូច្នេះ​ថា​​បរទេស​ឱ្យ​តែ​មក​ដល់​កន្លែង​នេះ ​តែងតែ​​មាន​ជំនឿ​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ជា​និច្ច ​ហើយ​នារី​ៗ​ខ្លះ​ក៏​ឆ្លៀត​សុំ​រក​គូ​ស្រករ​ថែម​ទៀត​ផង ដោយ​មាន​ពាក្យ​ត​ៗ​គ្នា​ថា​អាច​នឹង​បាន​ដូច​បំណង​ច្រើន។

៣.រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែង​កែងបន់អ្វីក៏បានដូចបំណង

វត្ត​ត្រឡែង​កែង ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ​ហើយ​ជា​កន្លែង​ចំ​កណ្ដាល​អតីត​រាជធានី​លង្វែក​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ ស.វ. ទី ១៦។ វត្ត​នេះ​មាន​វ័យ​ចំណាស់​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​ក្នុង​សម័យ​សង្គ្រាម​រវាង​កម្ពុជា​និង​សៀម ដោយ​កង​ទ័ព​សៀម​បាន​ប្រើ​គោល​នយោបាយ​បាច​ប្រាក់​ឌួង ចូល​រនាំង​ព្រៃ​ឫស្សី។

បច្ចុប្បន្ន​នៅ​ក្នុង​វត្ត​នេះ ត្រូវ​បាន​ប្រជាជន​ដាំ​ដើម​ឫស្សី​ជា​ច្រើន​គុម្ព​ដើម្បី​រក្សា​ការ​ចងចាំ​សម្រាប់​ដាស់​តឿន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ កុំ​ឱ្យ​ភ្លេច​ពី​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ក្នុង​វត្ត​នេះ​ដែរ ​មាន​រូង​ស័ក្ដិសិទ្ធិ​មួយ ដែល​តាំង​ពី​ដើម​មក​គេ​ឱ្យ​ឈ្មោះ​ថា រូង​ពស់​ត្បាល់។ រូង​នេះ មាន​ប្រវែង​ចាប់​ពី​វត្ត​ត្រឡែងកែង​នេះ រហូត​ដល់​ភ្នំ​បាសិត​ឯ​ណោះ ដែល​មាន​រឿង​ប្រវត្តិសាស្ត្រ​តំណាល​ជា​ច្រើន។

៤.ទួល​បារាយណ៍​អណ្ដែតបន់ដើម្បីឡើងតំណែង

ទួល​បារាយណ៍​អណ្ដែត ឬ​ទួល​អស់​លោក នៅ​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង ជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ ដែល​ល្បី​ថា​អ្នក​បន់ស្រន់​សុំ​ឡើង​តំណែង​តែង​សម្រេច​ដូច​បំណង ហើយ​អ្នក​ធំ​ភាគ​ច្រើន​នាំ​គ្នា​ទៅ​លា​បំណន់​វិញ ក្រោយ​ពេល​ជោគជ័យ​តាម​សេចក្ដី​ប្រាថ្នា។ ប្រជាជន​ជា​ច្រើន​មាន​ជំនឿ​លើ​ទួល​នេះ ដោយសារ​ពេល​បន់​ស្រន់​សុំ​អ្វី​មួយ តែង​សម្រេច​ដូច​បំណង ហើយ​អ្នក​ឈឺ​ថ្កាត់ ក៏​បាន​ជា​វិញ ចំណែក​អ្នក​បន់​ស្រន់​ឲ្យ​ឡើង​ស័ក្ដិ(តំណែង)​ក៏​បាន​ជោគជ័យ។

៥. ព្រះអង្គវត្ត​ភ្នំ​ក្លែង

វត្តភ្នំ​ខ្លែង​ជា​វត្ត​បុរាណ​តាំង​ពី​សតវត្ស​ទី​១៨ ដែល​សង់​នៅ​ទី​កំពូល​ភ្នំ​ដែល​ពលរដ្ឋ​ជា​ច្រើន​ជំនាន់​ ល្បី​ថាមាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ។

បារមី​ជាច្រើន​នៅ​គ្រង​រក្សា​ទី​សក្ការ​ដ៏​ចំណាស់​នេះ​​ដូចជា​បារមី​ព្រះអង្គ​បញ្ច​គី​ចំនួន ២១ អង្គ សម្រាប់​អ្នក​ដែល​ចង់​បន់ស្រន់​មុខ​របរ​រកស៊ី​ចម្រុងចម្រើន បារមី​យាយ​រំដួល​សម្រាប់​អ្នក​ផ្សង​រក​គូ​ស្នេហ៍ បារមី​លោកតា​ដំបង​ដែក បារមី​​ព្រះ​គោ​ព្រះ​កែវ បារមី​អណ្ដូងទឹក​ដែល​មាន​កុមារ​ពេជ្រ កុមារ​ទេព​ថែ​រក្សា សម្រាប់​អ្នក​បន់ស្រន់​សុំ​បុត្រ​ ប្រុស-ស្រី សម​តាម​បំណង​ប្រាថ្នា។

វត្ត​ភ្នំ​ខ្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ មាន​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ និង​មាន​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​ពី​ក្រុង​ដូនកែវ​ខេត្ត​តាកែវ។

៦. ព្រះអង្គ​ខ្មៅ​វត្ត​ព្រៃ​អង្គរ​

ព្រះអង្គ​ខ្មៅ​ ជា​ព្រះ​ពុទ្ធរូប​​តែ​មួយ​អង្គ​គត់​ ​​ដែល​​នៅ​សល់​តាំង​ពី​សម័យ​​ហ្លួង​ព្រះ​ស្ដេច​កន​ ​​នៅ​ចន្លោះ​សតវត្ស​ទី​១៥-១៦។ ព្រះ​អង្គ​ខ្មៅ​​ ​​បច្ចុប្បន្ន​ស្ថិត​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​ ភូមិ​បន្ទាយ​ព្រៃ​នគរ​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ ​​គឺ​ធ្វើ​ឡើង​ពី​មាស​ខ្មៅ​​ លាយ​ជាមួយ​សំរឹទ្ធិ និង​ព្រះនេត្រ​ដាំ​ពេជ្រ ​​ហើយ​ល្បី​ថា​មាន​បារមី​សក្ដិសិទ្ធិ​ណាស់ ​​ខណៈ​​អ្នក​ធំៗ​មន្ត្រី​រាជការ ​និង​អ្នក​នៅ​​ក្រៅ​ប្រទេស​ ក៏​តែង​​ទៅ​បន់​ស្រន់​បាន​សម្រេច​ដូច​បំណង។

​ព្រះ​តេជគុណ កុសល​ ​មាន​សង្ឃ​ដីកាថា«សម័យ​ស្ដេច​កន ​ព្រះ​អង្គ​ខ្មៅ​មាន​បារមី​ឫទ្ធិ​ខ្លាំង​ក្លា​ណាស់ នៅ​ពេល​ដែល​មេទ័ព​ចេញ​​​ច្បាំង​ជាមួយ​សៀម​តែង​បន់​ស្រន់​ និង​ទទួល​បាន​ជ័យ​ជម្នះ។ ​បច្ចុប្បន្ន​​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​ផ្សេងៗ ឬ​អ្នក​​ក្រៅ​ប្រទេស​ក៏​តែង​មក​បន់​ស្រន់​សុំ​សេចក្ដី​សុខ ​និង​បួង​សួង​សុំ​ឲ្យ​ក្ដី​ប្រាថ្នា​​ជា​ដើម ហើយ​ពេល​ខ្លះ​មាន​អ្នក​មក​បន់​ដល់​ម៉ោង​១២​យប់ក៏​មាន​ ព្រោះ​តែ​ពួកគេ​នៅឆ្ងាយ។ ភាគ​ច្រើន​ពួកគេ​តែង​ទទួល​បាន​​សម្រេច​ ហើយ​ក៏​មក​ថ្វាយ​​ព្រះ​ពុទ្ធ​រូប​នៅ​វត្ត​នេះ»៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់