• 2018-06-29 07:19:53
  • ស្នេហា

ការឈឺចាប់ខ្លាំងបំផុត៦យ៉ាងរបស់ប្រពន្ធ ពេលដឹងថាប្ដីកំពុងក្បត់ផិត តែខំមកធ្វើល្អយកមុខ

  • 2018-06-29 07:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​មួយ​ទង​អាច​រីក​លូត​លាស់​បាន​ល្អ​អាស្រ័យ​ដោយ​ទឹក​សន្សើម និង​ពន្លឺ​ព្រះអាទិត្យ តែ​វា​នឹង​ក្រៀម​ស្វិត​បើ​គ្មាន​ទឹក​ប្រោះព្រំ និង​ពេល​ដែល​ព្រះអាទិត្យ​លិច​ទៅ​វិញ។ មិន​ខុស​អី​ពី​ជីវិត​ស្ត្រី​ជា​ភរិយា អាច​មាន​ស្នាម​ញញឹម និង​ភាព​កក់ក្ដៅ ព្រោះ​ការ​ប្រោស​ប្រណី​ថ្នាក់​ថ្នម​ពី​ស្វាមី តែ​ពេល​ដែល​ចិត្ត​ប្ដី​បែក​ឆ្វេង​នាង​ប្រៀប​ដូច​ជា​ផ្កា​កំពុង​រោះរាយ ទោះ​ត្រូវ​ទឹក​វិញ​យ៉ាង​ណា​ក៏​មិន​អាច​ដូច​ដើម​ឡើយ។ ត​ទៅ​នេះ​ជា​ភាព​ឈឺ​ចាប់​ខ្លាំង​បំផុត​ទាំង​៦​យ៉ាង​របស់​នាង ក្រោយ​ដឹង​ថា​ប្ដី​ក្បត់​ចិត្ត​មាន​ថ្មី៖

រូបតំណាង

១. ខក​ចិត្ត​​ខ្លាំង​បំផុត​លើ​មនុស្ស​ដែល​នាង​ជ្រើស​រើស

បុរស​ចុង​ក្រោយ​ដែល​នាង​ជ្រើស​រើស កាន់​ដៃ​ចូលរោង​ការ គឺ​មនុស្ស​តែ​ម្នាក់​គត់​ដែល​នាង​ព្រម​ផ្ញើ​វាសនា ហើយ​ជឿជាក់​បុរស​ម្នាក់​នេះ នឹង​មិន​ធ្វើ​ឲ្យ​នាង​ឈឺចាប់។ តែ​បើ​ថ្ងៃ​ណា​មួយ​នាង​ដឹង​ថា មនុស្ស​ដែល​នាង​ជឿជាក់​បំផុត​កំពុង​ក្បត់​នាង គឺ​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត​ខ្លាំង​បំផុត បាត់បង់​ជំនឿ​ចិត្ត ស្ដាយ​ចិត្ត​ស្មោះ​ដែល​នាង​លះបង់​ចំ​មនុស្ស​ខុស។ ចិត្ត​ដែល​នាង​ជឿជាក់ ប្រែ​បាត់បង់​អស់​ទាំង​ស្រុង មិន​គួរ​ណា​មនុស្ស​ដែល​នាង​តែង​យល់​ថា ជា​មនុស្ស​ដ៏​ល្អ​បំផុត​សម្រាប់​នាង កំពុង​មក​បំផ្លាញ​បេះដូង​នាង។

២. ក្ដី​សុខ​សុភមង្គល​ដែល​នាង​ធ្លាប់​គិត​ថា​ទទួល​បាន​ដោយ​ស្មោះ​ពី​ប្ដី ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក

កន្លង​មក​នាង​រួមរស់​ជាមួយ​បុរស​ជា​ទី​ស្រលាញ់​របស់​នាង​ដោយ​ភាព​កក់ក្ដៅ គ្មាន​ចិត្ត​មន្ទិល​សង្ស័យ ហើយ​ជា​ក្ដី​សុខ​ដ៏​ពិត​ប្រាកដ​ដែល​នាង​ទទួល​បាន។ តែ​តាំង​ពី​ថ្ងៃ​ដែល​នាង​ បាន​ដឹង​ថា​បុរស​ជា​ទី​ស្រលាញ់​កំពុង​លួច​លាក់​ក្បត់​មាន​ថ្មី ក្ដី​សុខ សុភមង្គល ដែល​នាង​គិត​ថា​ចេញ​ពី​បេះដូង​ដ៏​ពិត​ប្រាកដ​ត្រូវ​រលាយ​សាបសូន្យ​អស់​ហើយ។ មិន​ថា ប្ដី​ខំ​កែ​ខ្លួន និយាយ​ពាក្យ​លួង​លោម​១០០០​ប្រយោគ​ទៀត ក៏​មិន​អាច​ព្យាបាល​របួស​បេះ​ដូង​នាង​បាន​ឡើយ ព្រោះ​នាង​យល់​ថា​ក្នុង​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់ មិន​មែន​មាន​តែ​នាង​ទេ គឺ​ចិត្ត​នោះ​បាន​បែង​ចែក​ឲ្យ​អ្នក​ផ្សេង​បាត់​ទៅ​ហើយ។ នាង​យល់​ថា ក្ដី​ស្រលាញ់​ដែល​ស្វាមី​កំពុង​បង្ហាញ​មក​លើ​នាង គឺ​ជា​ការ​សម្ដែង​ដើម្បី​លាំង​បាំង​នូវ​ចិត្ត​ដែល​កំពុង​ក្បត់​តែ​ប៉ុណ្ណោះ។ ​

៣. នាង​ចង់​ចាកចេញ​តែ​ត្រូវ​ទ្រាំ​ទាំង​ឈឺ​ចាប់​ព្រោះ​ចិត្ត​នៅ​អាណិត​កូន

អារម្មណ៍​ឈឺ​ចាប់​មួយ​ទៀត គឺ​នាង​ស្ទើរ​តែ​មិន​អាច​ទ្រាំ​ប្រឈម​មុខ​ចំពោះ​មនុស្ស​ម្នាក់​នោះ​ទៀត ព្រោះ​ភាព​ឈឺ​ចាប់​ដែល​នាង​ទទួល​បាន​នៅ​ពេល​នេះ គឺ​ជា​មនុស្ស​ដែល​នាង​ស្រលាញ់​ផ្ដល់​ឲ្យ។ ចិត្ត​ចង់​ចាកចេញ​ឲ្យ​បាត់​ពី​មុខ ដើម្បី​បំភ្លេច​ការ​ឈឺ​ចាប់​ខ្លះ តែ​ចិត្ត​មួយ​ទៀត​មិន​ចង់​ឃើញ​កូន​ឈឺ​ចាប់ ព្រោះ​ឃើញ​ឪពុកម្ដាយ​ចែក​ផ្លូវ​គ្នា។ បែប​នេះ​ហើយ ទើប​មាន​តែ​ពាក្យ​ទ្រាំ ក្នុង​នាម​ជា​ម្ដាយ​មិន​ចង់​ឃើញ​គ្រួសារ​បែក​បាក់ ត្រូវ​ទ្រាំ​រស់​នៅ​ទាំង​គ្មាន​ក្ដី​សុខ​បន្ត​ទៅ​មុខ​ទៀត។

រូបតំណាង

៤. ការ​លះបង់​គ្រប់​បែបយ៉ាង និង​អ្វី​ៗ​ដែល​នាង​ធ្វើ​នៅ​តែ​មិន​អាច​ចង​ចិត្ត​ប្ដី​បាន

នាង​តែង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​គ្រួសារ​មួយ​នេះ​មាន​សុភមង្គល នាង​តែង​ធ្វើ​ជា​ម្ដាយ​ល្អ ជា​ប្រពន្ធ​ល្អ ផ្គាប់ផ្គុន​ចិត្ត​ប្ដី​មិន​ឲ្យ​ឃ្នើស​ចិត្ត។ តែ​ចុង​ក្រោយ​អ្វី​ដែល​នាង​ទទួល​បាន​ការ​តបស្នង គឺ​ការ​ក្បត់​ផិត នាង​យល់​ថា ការ​ខិតខំ​របស់​នាង​គ្មាន​តម្លៃ មិន​អាច​ធ្វើ​ឲ្យ​បុរស​ម្នាក់​ប្រគល់​ចិត្ត​ស្មោះ​មក​ឲ្យ​នាង​បាន​ឡើយ។ នាង​ចង់​ដឹង​ថា តើ​នាង​មិន​ល្អ​ត្រង់​ណា នាង​ធ្វើ​អ្វី​ខុស? ទើប​ធ្វើ​ឲ្យ​ប្ដី​ហ៊ាន​មាន​អ្នក​ថ្មី បើ​នាង​ដឹង​​នាង​នឹង​កែប្រែ​ហើយ​ព្រម​ធ្វើ​គ្រប់​យ៉ាង ឲ្យ​តែ​បុរស​ដែល​នាង​ស្រលាញ់​មិន​ក្បត់​នាង។ ​​

៥. នាង​គ្មាន​កម្លាំង​ចិត្ត អស់​ជំនឿ និង​តស៊ូ​ទៅ​មុខ​ទៀត​ហើយ

ចាប់​តាំង​ពី​នាង​ក្លាយ​ជា​ប្រពន្ធ​គេ ម្ដាយ​គេ នាង​តែង​ព្យាយាម​ខិត​ខំ ដើម្បី​គ្រួសារ​រីក​ចម្រើន និង​កាន់​ដៃ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង។ ទោះ​ជា​នាង​តាំងចិត្ត​ថា ត្រូវ​ខំ​ដើម្បី​កូន​ទោះ​ដឹង​ថា​ប្ដី​ក្បត់ តែ​ធាតុ​ពិត​នាង​ពិបាក​ធ្វើ​ណាស់ នាង​ហាក់​បាត់បង់​កម្លាំង​ចិត្ត​មួយ​ដ៏​ធំធេង អស់​ជំនឿ​ចិត្ត ហើយ​មិន​ដឹង​តស៊ូ​ដើម្បី​អ្នក​ណា​ទៀត ព្រោះ​សូម្បី​តែ​នាង​មនុស្ស​ដែល​នាង​ជឿ​ទុក​ចិត្ត​បំផុត នៅ​តែ​អាច​ក្បត់​នាង​បាន។ ចុង​ក្រោយ​ក្នុង​ខ្លួន​នាង​ហាក់​ល្វឹងល្វើយ​គ្មាន​កោះ​គ្មាន​ត្រើយ មិន​ដឹង​គួរ​បន្ត​ទៅ​មុខ​ទៀត​តាម​ផ្លូវ​ណា ហើយ​មិន​ដឹង​ថា តើ​មាន​អ្នក​ណា​ដែល​អាច​កាន់​ដៃ​នាង​ដល់​ចុង​បញ្ចប់​នោះ​ទេ។

៦. នាង​យល់​ថា​ចាប់​ពី​ថ្ងៃ​មនុស្ស​ដែល​នាង​ស្រលាញ់​ហ៊ាន​ក្បត់​ មាន​ន័យ​ថា​នាង​លែង​មាន​តម្លៃ​ចំពោះ​គេ​ទៀត​ហើយ

នាង​ចាប់​ផ្ដើម​គិត​ថា វត្តមាន​របស់​នាង​អាច​កំពុង​ទើស​មុខ​ទើស​មាត់ មនុស្ស​ម្នាក់​ ព្រោះ​ក្នុង​បេះ​ដូង​គេ មិន​ដឹង​ថា​នាង​នៅ​ចំណាត់​ថ្នាក់​ទី​ប៉ុន្មាន? ពី​មុន​នាង​តែង​ញញឹម​ទទួល​យក​ក្ដី​ស្នេហ៍​មួយ​ដោយ​ជឿជាក់ ព្រោះ​នាង​គិត​ថា​នាង​មាន​តម្លៃ​បំផុត​សម្រាប់​បុរស​ ដែល​នាង​ស្រលាញ់​គ្មាន​ស្រី​ដទៃ​ណា​ស្មើ​នឹង​នាង​ឡើយ។ តែ​ការ​គិត​របស់​នាង​ខុស​ស្រលះ ព្រោះ​គេ​នៅ​តែ​មើល​ឃើញ​នារី​ដទៃ​មាន​តម្លៃ​ហើយ​ក្បត់​នាង​បាន។

ពី​មុន​ និង​ថ្ងៃ​នេះ​ហេតុ​អ្វី​ខុស​គ្នា​ម្ល៉េះ បើ​នាង​មិន​មែន​ជា​មនុស្ស​ចុង​ក្រោយ​សម្រាប់​អ្នក​តើ​អ្នក​នាំ​នាង​ឲ្យ​ស្គាល់​ការ​ឈឺ​ចាប់​ដើម្បី​អ្វី? ហេតុអ្វី​ដាច់​ចិត្ត​ធ្វើ​បាប​មនុស្ស​ម្នាក់​ ដែល​គ្មាន​កំហុស​ទាល់​តែសោះ? តើ​ពេល​ដែល​នាង​ឈឺ​ចាប់ ទឹក​ភ្នែក​នាង​ហូរ​ព្រោះ​តែ​អ្នក តើ​អ្នក​សប្បាយ​ចិត្ត​ណាស់​មែន​ទេ? កុំ​បំផ្លាញ​បេះដូង​នាង​ព្រោះ​នារី​ដទៃ មិន​ថា​នារី​ម្នាក់​នោះ​ស្ថិត​ក្នុង​ដំណែង​អ្វី​ក្នុង​បេះដូង​បុរស​ដែល​នាង ស្រលាញ់​ក៏​នាង​មិន​អាច​ទទួល​យក​បាន​ឡើយ៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់