• 2018-06-29 14:22:06
  • ជំនឿ

អបិយ​ជំនឿ​ចំនួន ៥ ដែល​ពលរដ្ឋ​កូរ៉េ​នៅ​បន្ត​ជឿ​ដល់​សព្វ​ថ្ងៃ

  • 2018-06-29 14:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ Culture Trip ខាង​ក្រោម​ជា​អបិយ​ជំនឿ​ចំនួន ៥ ដែល​ពលរដ្ឋ​កូរ៉េ​ (ភាគ​ច្រើន​កូរ៉េ​ខាង​ត្បូង) នៅ​បន្ត​ជឿ​រហូត​ដល់​សព្វ​ថ្ងៃ៖

១.ការ​ឲ្យ​អំណោយ​ជា​ស្បែក​ជើង​ដល់​គូ​ស្នេហ៍ នឹង​ធ្វើ​ឲ្យ​បែក​បាក់​គ្នា៖ គូ​ស្នេហ៍​មួយ​ចំនួន​នៅ​កូរ៉េ​ខាង​ត្បូង​មាន​មួយ​ចំនួន ជឿ​ថា ការ​ឲ្យ​អំណោយ​ជា​ស្បែក​ជើង​ ធ្វើ​ឲ្យ​ដៃ​គូ​ស្នេហា​នឹង​ដើរ​ចេញ​ពី​ពួក​គេ។

២.កង្ហារ​អាច​សម្លាប់​អ្នក៖ នៅ​កូរ៉េ​ខាង​ត្បូង មាន​ពលរដ្ឋ​មួយ​ចំនួន នៅ​បន្ត​ជឿ​ថា កង្ហារ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន។ ការ​ភ័យ​ខ្លាច​នេះ កើត​ចេញ​ដំបូង​ៗ​បំផុត នៅ​ឆ្នាំ ១៩២៧ នៅ​ពេល​កង្ហារ​ទើប​ត្រូវ​បាន​នាំ​ចូល​ជា​លើក​ដំបូង ក្នុង​ឧបទ្វីប​កូរ៉េ។ នៅ​ពេល​នោះ​កាសែត​ជាតិ​មួយ​បាន​ចុះ​ផ្សាយ​ថា បច្ចេកវិទ្យា​កង្ហារ​ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចុក​ពោះ និង​ថប់​ដង្ហើម ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ឈ្លក់​ឧស្ម័នកាបូនិច​ក្នុង​ខ្លួន​របស់​ពួក​គេ។ លើសពីនេះ មានអ្នកខ្លះបានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាង​ត្បូង បាន​ថែមទាំងព្យាយាមឃោសនាជំនឿនេះទៀតផង ដើម្បីទប់ស្កាត់ពលរដ្ឋប្រើប្រាស់អគ្គិសនីច្រើន ក្នុងអំឡុងឆ្នាំ ១៩៧០ នៅពេលពិភពលោកបានជួបវិបត្តិថាមពល។

៣.ការ​ហូប​អាហារ​ស្អិត​ធ្វើ​ឲ្យ​ការ​ចងចាំ​បាន​ល្អ៖ ក្នុង​មជ្ឈដ្ឋាន​សិស្ស​នៅ​កូរ៉េ​មួយ​ចំនួន ពេល​ជិត​ប្រលង ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ទទួល​ទាន​អាហារ​ស្អិតៗ ដូច​ជា​ នំ Yeot ជា​ដើម​ ព្រោះ​ពួក​គេ​ជឿ​ថា អាហារ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចង​ចាំ​មេរៀន​បាន​ល្អ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ជឿ​ថា បើ​សិន​ហូប​អាហារ​រាវៗ ដូច​ជា​ស៊ុប ជា​ដើម លទ្ធផល​ប្រលង​របស់​ពួក​គេ​ក៏​នឹង​រាវ​ទៅ​តាម​ហ្នឹង​ដែរ។

៤.សរសេរ​ឈ្មោះ​ដោយ​ប្រើ​អក្សរ​ពណ៌​ក្រហម គឺ​មាន​ន័យ​ជា​ការ​ប្រមាថ​អាយុ​ជីវិត៖ កាល​ពី​សម័យ​ដើម នៅ​ពេល​គ្រួសារ​មាន​សមាជិក​ស្លាប់ ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​ចុះ​ក្នុង​អក្សរ​ពណ៌​ក្រហម។ ​ឈ្មោះ​ក្នុង​អក្សរ​ពណ៌​ក្រហម មាន​ន័យ​ថា ឈ្មោះ​បុគ្គល​ដែល​ស្លាប់។ ដូច្នេះ​ហើយ សម្រាប់​ពលរដ្ឋ​កូរ៉េ​មួយ​ចំនួន ការ​សរសេរ​ឈ្មោះ​របស់​បុគ្គល​ដែល​កំពុង​រស់​រាន​មាន​ជីវិត ក្នុង​អក្សរ​ពណ៌​ក្រហម គឺ​ការ​ប្រមាថ​អាយុ​ជីវិត។

៥.យល់សប្ដិ​ឃើញ​ជ្រូក​ គឺ​នាំ​លាភ៖ សម្រាប់​ប្រទេស​ជា​ច្រើន ជ្រូក​ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​កខ្វក់។ ទោះ​ជា​យ៉ាង​ណា នៅ​កូរ៉េ​វិញ ពលរដ្ឋ​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​សត្វ​មួយ​នេះ។ ដោយ​ក្នុង​ភាសា​កូរ៉េ ​ការ​បញ្ចេញ​សំឡេង​ពាក្យ "ជ្រូក" ស្រដៀង​គ្នា​នឹង "ថ្ម​មាន​តម្លៃ"។ ហេតុ​នេះ​ហើយ ជ្រូក​គឺ​ជា​សត្វ​មួយ​ដែល​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​កូរ៉េ​ ជឿ​ថា នាំ​ចូល​ភោគ​ទ្រព្យ សំបូរ​សប្បាយ និង​រក​ស៊ី​មាន​បាន។ ការ​យល់​សប្ដិ​ឃើញ​សត្វ​នេះ ត្រូវ​បាន​ពួក​គេ​ជឿ​ថា នឹង​នាំ​មក​នូវ​លាភ៕

ប្រភព៖ theculturetrip អត្ថបទ៖ សេរី មង្គល

មតិយោបល់