• 2018-07-11 03:15:00
  • សុខភាព

ល្បី​គេ​ថា​ថ្នាំ​គ្រាប់​ពន្យារកំណើត​ព្យាបាល​មុន​បាន ឥលូវ​ដឹង​ការពិត​ហើយ

  • 2018-07-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​ឡើង​មុន ​គឺ​ជា​វិបត្តិ​ធំ​បំផុត​ក្នុង​ជីវិត​ស្ត្រី​ ពិសេស​សម្រាប់​ស្ត្រី​ដែល​​មាន​បញ្ហា​មុន​ធ្ងន់​ធ្ងរ​ ឡើង​គ្រប់​កន្លែង​ តាំងពី ក​ មុខ​ រហូត​ដល់​ខ្នង​​ជាដើម។​ ជួប​បញ្ហា​មុន​ធ្ងន់​ធ្ងរ​បែប​នេះ ស្ត្រី​ខ្លះ​បែរ​ជា​​ត្រូវ​បាន​ពេទ្យ​រោគ​សើស្បែក​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​ទៅវិញ។ ​​​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ក្រោយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​តាម​វេជ្ជបញ្ជា​ហើយ​ បញ្ហា​មុន​ពិត​ជា​បាន​ធូរ​ស្បើយ​ប្រាកដ​មែន។

យ៉ាង​ណា​មិញ យោង​តាម​​វិបសាយ WebMD អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ដែរ ទោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ដើម្បី​ព្យាបាល​មុន ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​ជា​យូរ​មក​ហើយ​​ក្តី​ តែ​​​​វិធី​ព្យាបាល​នេះ​​មិន​សម​ស្រប​សម្រាប់​ស្ត្រី​គ្រប់​រូប​ទេ វា​អាស្រ័យ​លើ​ប្រភេទ​មុន (មុន​អ័រម៉ូន)​ និង​លក្ខខណ្ឌ​សុខភាព​ស្ត្រី​ទៀត​។

​ជា​ទូទៅ​អ្នក​ជំនាញ​នឹង​​​ណែនាំ​ឲ្យ​ស្ត្រី​​ឲ្យ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ដើម្បី​ព្យាបាល​មុន បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​ព្យាបាល​​​ប្រភេទ​ផ្សេង​មិន​មាន​ប្រសិទ្ធភាព​​។

(រូប​តំណាង​)

តើ​​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ជួយ​ព្យាបាល​មុន​ដោយ​របៀប​ណា​?

ការ​ប្រែប្រួល​អ័រម៉ូន គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​​ឡើង​មុន​មិន​ស្រាកស្រាន្ត ​និង​ពិបាក​ព្យាបាល មិន​ចំពោះ​តែ​យុវវ័យ​ដែល​ទើប​តែ​ធំ​ពេញ​វ័យ​នោះ​ទេ វា​ក៏​អាច​កើត​មាន​ឡើង ទោះ​បី​ជា​អ្នក​មាន​វ័យ​ជ្រេ​បន្តិច​​ក៏​ដោយ​។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ឡើង​មុន​អ័រម៉ូន គឺ​ដោយ​សារ​ស្ត្រី​ផលិត​អ័រម៉ូន​ អង់ដ្រូហ្សែន (Androgens) ដែល​មាន​ក្នុង​ក្រុម​​​អ័រម៉ូន អេសតូស្ទឺរ៉ូន (testosterone) ​ច្រើន​លើស​កម្រិត ។​​ ជា​ធម្មតា​ស្ត្រី​មិន​ផលិត​អ័រម៉ូន androgens ច្រើន​នោះ។ ក្នុង​ករណី​ដែល​​កម្រិត​ androgens ឡើង​ខ្ពស់​ វា​នឹង​បណ្ដាល​ឲ្យ​ការ​​​ផលិត​ជាតិ​ប្រេង/ខ្លាញ់​​លើស​កម្រិត។ ខ្លាញ់​ដែល​ទៅ​កក​លើ​កោសិកា​ស្បែក អាច​ទៅ​បាំង​​រន្ធ​ញើស និង​ធ្វើ​ឲ្យ​​​បាក់​តេរី​ចាប់​ផ្ដើម​លូត​លាស់​ ហើយ​មុន​នឹង​លេច​ឡើង​។

ការ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​​អ័រម៉ូន អ៊ីត្រូសែន (estrogen) និង ប្រូជេស្ទឺរ៉ូន (progesterone) នឹង​ទៅ​បញ្ចុះ​បរិមាណ​អ័រម៉ូន androgens ក្នុង​រាងកាយ​ស្ត្រី ដែល​មិន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ជាតិខ្លាញ់​​ខ្លាំង​​។ ជា​លទ្ធផល​ពេល​ដែល​កម្រិត​ជាតិ​ខ្លាញ់​លើ​ស្បែក​ថយ​ចុះ បញ្ហា​​ឡើង​មុន​ធំៗ នឹង​អាច​ធូរ​ស្បើយ​បាន​។

អ្នក​អាច​ស្វែង​យល់​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​កំណើត បញ្ហា​រដូវ​ និង​សុខភាព​បន្ត​ពូជ​ស្ត្រី និង បុរស តាម​រយៈ​ផេក Women Health Cambodia

អត្ថបទ៖ ដេតលីដា

មតិយោបល់