• 2018-07-05 05:30:00
  • ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ស្រាយបំភ្លឺ រឿងកម្ពុជាប្រើថង់ប្លាស្ទិកលើសគេលើលោក ក្រោយ Chanel NewsAsia ផ្សាយ

  • 2018-07-05 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់ខ្ពស់​១រូប នៃក្រសួងបរិស្ថាន បាន​ចេញ​មុខ​បក​ស្រាយ​ការពិត​ ក្រោយ​សារព័ត៌មាន​ល្បី​ឈ្មោះ​ របស់​ប្រទេស​សិង្ហបុរី ឈ្មោះ Chanel NewsAsia បាន​ចុះ​ផ្សាយ​អត្ថបទ​ថា​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ​ច្រើនជាង​គេ​បំផុត​លើ​ពិភពលោក កាល​ពី​ពេល​ថ្មី​នេះ។

អាជ្ញាធរ​កាយ​សំរាម​តាម​ប្រឡាយ​នៅ​ភ្នំពេញ

ឯកឧត្ដម ហេង ណារ៉េត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា ចំពោះ​ការ​ចុះ​ផ្សាយ​បែប​នេះ ​ឯកឧត្ដម​មិន​អាច​ទទួល​យក​បាន និង​សុំ​ធ្វើការ​ប្រតិកម្ម ក្រោម​ហេតុ​ផល​ថា​ ចំនួន​ប្រជាជន ប្រទេស​កម្ពុជា មាន​ប្រមាណ​ជាង ១៥ ឬ១៦លាននាក់ មានន័យថា មិន​ច្រើន ដូច​ប្រទេស​ផ្សេងៗ ចំនួន​ចូល​ខ្ទង់​ពាន់​លាន​នាក់ ដូច​ប្រទេស ​ចិន ឬ​ឥណ្ឌា​ទេ។

ដូច្នេះ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ មិន​អាច​មាន​ច្រើន​ដូច​ចំនួន​នេះ​ទេ។ ម្យ៉ាង​កម្ពុជា ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​អប់រំ ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង និង​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក។

ប្រភពរូប AKP

ទោះ​មាន​ការ​ប្រតិកម្ម​យ៉ាង​នេះ ឯកឧត្ដម ហេង ណារ៉េត មិន​បាន​បញ្ជាក់​ ឬ​សុំ​ការ​កែ​តម្រូវ​អ្វី​១ ពី​សារព័ត៌មាន​មាន Chanel NewsAsia ព្រោះ​គ្រាន់​ជា​សិទ្ធិ​ក្នុង​ផ្សាយ​របស់​គេ​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​សហភាព​អឺរ៉ុប ថង់​ប្លាស្ទិក​ ១០ លាន​តោន​ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​នៅ​ភ្នំពេញ ហើយ ប្រជាជន​កម្ពុជា​ម្នាក់​ ប្រើ​ថង់​ប្លាស្ទិក​​គិត​ជា​មធ្យម ២,០០០ ថង់​ក្នុង​១​ឆ្នាំ។

អាជ្ញាធរ​កាយ​សំរាម​តាម​ប្រឡាយ​នៅ​ភ្នំពេញ

ចំណុច​នេះ ឯកឧត្ដម ហេង ណារ៉េត បាន​បកស្រាយ​ថា ចំនួន​ខាងលើ​គឺ​ច្រើន​លើស​លប់។

ឯកឧត្ដម​បន្ត ថា តាម​តួលេខ​នៃ​ការ​ស្ទង់មតិ របស់​ក្រសួង​បរិស្ថាន បាន​រក​ឃើញ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​អ្នក​ប្រើ​ថង់​ប្លាស្ទិក ប្រមាណ ២០តោន ក្នុង១ថ្ងៃ។ ហើយ​ក្នុង​១ថ្ងៃ ប្រជាជន​កម្ពុជា​ ដែល​រស់នៅ​ទី​ប្រជុំជន ក្នុង​ម្នាក់ ជាមធ្យម ប្រើ​ថង់​ប្លាស្ទិក ៥ថង់ ឬ​ស្មើ​នឹង ២០០០ថង់ ក្នុង១ឆ្នាំ។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ ប្រទេស​កម្ពុជា បាន​ដាក់​ចេញ​នូវ អនុក្រឹត្យ​១​ ស្ដី​ពី​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។

តាម​ការ​គ្រោង​ទុក កម្ពុជា​នឹង ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ឲ្យ​បាន​ចំនួន ៥០% នៅឆ្នំា២០២០ និង​ចំនួន​៨០% នៅឆ្នាំ២០២៥។

នេះ​បើ​តាម​ប្រសាសន៍​ ឯកឧត្ដម ហេង ណារ៉េត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់