• 2018-07-18 03:20:00
  • សុខភាព

ច្បាស់​ហើយ​! ពាក្យ​​ចចាមអារ៉ាម​ពី​ថ្នាំ​គ្រាប់​ពន្យារកំណើត​​ទាំង​នេះ​សុទ្ធ​តែ​ផ្ទុយ​ស្រលះ​ការ​ពិត

  • 2018-07-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

​មនុស្ស​ទូទៅ​តែង​មាន​កូន​ចិត្ត​មួយ​ថា​ឲ្យ​តែ​ថ្នាំ​គឺ​មិនល្អ​ បើ​មិន​ឈឺ​កុំ​យក​ខ្លួន​បៀត ពិសេស​ថ្នាំ​គ្រាប់​​ពន្យារ​កំណើត​នេះ​តែ​ម្ដង ព្រោះ​ត្រូវ​លេប​វា​ចូល​ក្នុង​ខ្លួន​រាល់​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​កន្លង​មក​ជា​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ដើម្បី បញ្ជាក់​ការ​ពិត​ថា​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មិន​មាន​ផល​ប៉ះ​ពាល់​ដូច​អ្វី​ដែល​អ្នក​គិត​ ឬ ឮ​ឡើយ។

យោង​តាម​វិបសាយ​សុខភាព​អន្តរជាតិ​ MedBroadcast បាន​លើក​ឡើង​ពី​ការ​យល់​ខុស​ដែល​លេចធ្លោ​បំផុត​​ទាំង ​៥​ ពី​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ដែល​ផ្ទុយ​ស្រលះ​ពី​ការ​ពិត ដូច​ត​ទៅ ៖

១​. ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ឡើង​គីឡូ  តាម​ពិត​ដោយ​ស្ត្រី​ប៉ុណ្ណោះ​ហើយ​ពេល​ខ្លះ​ប្រើ​ទៅ​អាច​​ស្រក​គីឡូ​ក៏​មាន៖​​

សម្រាប់​ស្ត្រី ការ​ឡើង​​គីឡូ គឺ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​បំផុត។ ដូច្នេះ​ស្ត្រី​ខ្លះ​ខ្លាច​មិន​ហ៊ាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក៏​ព្រោះ​ជឿ​តាម​គេ​ថា​ប្រើ​​ទៅ​ធ្វើ​ឲ្យ​ឡើង​គីឡូ​ស្រាក់ៗ រហូត​ដល់​ខូច​រាង​រៅ​អស់​​។ ជា​ការ​ពិត​ទៅ មិន​មាន​ការ​សិក្សា​ជាក់​លាក់​ណា​មួយ​គាំទ្រ​ថា​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​តែង​តែ​​​ត្រូវ​ឡើង​គីឡូ​ខ្លាំង​ ខុស​ពី​ស្ត្រី​ដែល​មិន​ប្រើ​នោះ​ទេ។

កន្លង​មក​ គេ​សង្កេត​ឃើញ​ថា​ស្ត្រី​មួយ​ចំនួន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ដំបូង​ៗ អាច​ធ្វើ​ឲ្យ​ឃ្លាន​ជាង​ធម្មតា ដែល​នេះ​អាច​ជា​មូល​ហេតុ​ឲ្យ​ស្ត្រី​ឡើង​គីឡូ។ តែ​​អាការៈ​លេច​ឡើង​ក្រោយ​ប្រើ​ថ្នាំ​នេះ ​ផ្សេងៗ​គ្នា​ទៅ​តាម​លក្ខខណ្ឌ​សុខភាព​ស្ត្រី​ ដោយ​ខ្លះ​អាច​ស្រក​​គីឡូ​​ផង​ក៏​មាន​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ផលិត​ថ្នាំ​ពន្យារកំណើត​។​ ដូច្នេះ​កុំ​​បន្ទោស​ថា​ធាត់​មក​ពី​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ឲ្យ​សោះ​។

២. ដោយសារ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ធ្វើ​ឲ្យ​ឡើង​មុន​ច្រើន តាមពិត​វា​ជួយ​ព្យាបាល​មុន​ទៅ​វិញ​ទេ

​តាម​ពិត​ទៅ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​តែ​ជួយ​ឲ្យ​បាត់​មុន​ទៅ​វិញ​ ព្រោះ​វា​ជា​គ្រាប់​ថ្នាំ​​ផ្ទុក​អ័រម៉ូន​ដែល​អាច​ទៅ​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ខ្លាញ់​ទៅ​លើ​ស្បែក​ដែល​​ជា​ដើម​ចម​មួយ​​ធ្វើ​ឲ្យ​ឡើង​មុខ។

៣. ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​យូរ​នឹង​គ្មាន​កូន​រហូត​ តាម​ពិត​ស្ត្រី​ប្រើ​ថ្នាំ​នេះ​កម្រ​មាន​បញ្ហា​អត់​កូន​ណាស់

ជា​ធម្មតា​ក្រោយ​ផ្ដាច់​ថ្នាំ​តែ​ ១​ទៅ ៣ខែប៉ុណ្ណោះ​ ឱកាស​មាន​កូន​គឺ​ ខ្ពស់​បំផុត។ អ្នក​ខ្លះ​គ្រាន់​តែ​ភ្លេច​ប្រើ​តែ​ ១ថ្ងៃ ក៏​អាច​​ភ្លាត់​មាន​កូន​ដែរ។ មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា ស្ត្រី​ក្នុង​វ័យ​បង្ក​កំណើត​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​នឹង​មិន​ងាយ​ជួប​បញ្ហា​អត់​កូន​នៅ​ពេល​ក្រោយ​​ណាស់​។

៤.បើ​ស្រាប់​តែ​ភ្លាត់​មាន​កូន​ក្នុង​កំឡុង​ពេល​ប្រើ​ថ្នាំ​ការពារ កូន​ក្នុង​ផ្ទៃ​អាច​មាន​សុខភាព​មិន​ល្អ គឺ​មិន​ពិត​ទេ

ស្ត្រី​ណា​ក៏​កើត​បារម្ភ​ច្រើន​ដែរ​បើ​ស្រាប់​តែ​ភ្លាត់​មាន​កូន​ចៃដន្យ​ ពិសេស​ក្នុង​កំឡុង​ពេល​កំពុង​ប្រើ​ថ្នាំការពារ​ ព្រោះ​គេ​យល់​ថា​ថ្នាំ​នេះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ។ តែ​ជា​ការ​ពិត​ទៅ មិន​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ណា​បង្ហាញ​ថា​ដូច្នេះ​ឡើយ ហើយ​ក៏​មិន​មាន​ករណី​ដែល​ថា​លេប​ថ្នាំ​ការពារ​ពេល​ដែល​អ្នក​មិន​ទាន់​ដឹង​​​​ខ្លួន​ថា​មានផ្ទៃពោះ ​ធ្វើ​ឲ្យ​កូន​ក្នុង​​ផ្ទៃ​ខូច​សុខភាព​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​គួរ​ឈប់​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ភ្លាម ​​បើ​ដឹង​ថា​ខ្លួន​កំពុង​មាន​​ផ្ទៃ​ពោះ ព្រោះ​វា​លែង​មាន​ភាព​ចាំ​បាច់​ទៀត​ហើយ។

៥. លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​យូរ​ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក តែ​តាម​ពិត​ទៅ​វា​ជួយ​ការពារ​ពី​ជំងឺ​មហារីក​ទៅ​វិញ​ទេ

វា​ផ្ទុយ​ស្រលះ​ពី​ការ​និយាយ​តៗ​គ្នា​នេះ ​ព្រោះ​ថា​តាម​ពិត​ទៅ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ គឺ​អាច​ការពារ និង​កាត់​បន្ថយ​អត្រា​ដែល​មាន​ជំងឺ​មហារីក​អូវែ​ និង​មហារីក​មាត់​ស្បូន​​បាន។ ​ស្ត្រី​ប្រើ​ថ្នាំ​ពន្យារកំណើត​កាន់​តែ​យូរ ឥទ្ធិពល​ដែល​វា​ជួយ​ការពារ​ពី​មហារីក​ទាំងពីរ​នេះ​កាន់​តែ​ខ្លាំង ទោះ​គេ​ឈប់​ប្រើ​ក៏​ដោយ​​ក៏​នៅ​តែ​អាច​បន្ត​ការពារ​​បាន​ដែរ​។

អ្នក​អាច​ស្វែង​យល់​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​កំណើត បញ្ហា​រដូវ​ និង​សុខភាព​បន្ត​ពូជ​ស្ត្រី និង បុរស តាម​រយៈ​ផេក Women Health Cambodia

អត្ថបទ៖ ដេត លីដា

មតិយោបល់