• 2018-07-09 02:09:26
  • ព័ត៌មាន

មកដឹងវិធីសាស្រ្តជួយសង្គ្រោះក្មេងថៃទាំង៤ ចេញពីរូងភ្នំថ្លាំហ្លួងម្សិលមិញ (មានវីដេអូ)

  • 2018-07-09 02:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ថៃ​ចំនួន៤នាក់​ក្នុង​ចំណោម​ទាំង​១២នាក់ ដែល​បាន​ជាប់​ក្នុង​រូង​ភ្នំ​ថ្លាំហ្លួង ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​មក​ក្រៅ​បាន​ដោយ​ជោគជ័យ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

បេសកកម្ម​រយៈពេល​៣​ម៉ោង​កន្លះ ដែល​ដឹកនាំ​ដោយ​អ្នក​ជំនាញ​ជ្រមុជ​ទឹក​ជនជាតិ​អង់គ្លេស បាន​នាំ​ក្មេងៗ​ទាំង​៤នាក់​នោះ ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​ជាប់​ក្នុង​នោះ​អស់​រយៈពេល ១៥ថ្ងៃ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​៤​ខាង​លើ​បាន​ពាក់​ម៉ាស់​ជិត​ផ្ទៃ​មុខ និង ហែលទឹក​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត ឆ្លង​កាត់​តាមរយៈ​រូង​ក្រោម​ដី​ដែល​ពោរពេញ​ដោយ​ទឹកជន់ និង​ភក់។

ក្មេង​ប្រុស​ទាំង​៤នាក់ ដែល​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​មាន​ឈ្មោះ​ថា Prajak Sutham អាយុ១៤ឆ្នាំ , Pipat Bodhi អាយុ១៥ឆ្នាំ , Nattawut Takamsai អាយុ១១ឆ្នាំ និង Monhkhol Boonpiam អាយុ១៣ឆ្នាំ។

Prajak Sutham អាយុ១៤ឆ្នាំ
Pipat Bodhi អាយុ១៥ឆ្នាំ
Nattawut Takamsai អាយុ១១ឆ្នាំ
Monhkhol Boonpiam អាយុ១៣ឆ្នាំ

ខាង​ក្រោម​នេះ​គឺ​ជា​ការ​សង្ខេប​ដំណើរការ​នៃ​ការ​ជួយសង្គ្រោះ​ក្មេងៗ​ទាំង​នោះ៖

#១ នៅ​វេលា​ម៉ោង​១០ព្រឹក ថ្ងៃ​អាទិត្យ ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៨ ក្រុម​មន្ត្រី​នានា​សម្រេចចិត្ត​ចាប់ផ្ដើម​ជួយ​សង្គ្រោះ ជាមួយ​អ្នក​ជ្រមុជ​ទឹក​អន្តរជាតិ​ចំនួន ១០នាក់។ រយៈពេល​៤​ម៉ោង​ក្រោយ​មក អ្នក​ជ្រមុជ​ទឹក​បម្រុង​៣​នាក់​ទៀត បាន​ចូល​ទៅ​តាម​ក្រោយ។

#២ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នក​ជ្រមុជ​ទឹក​បាន​ទៅ​ដល់​ទីតាំង​ដែល​ក្មេងៗ​ទាំង​១៣នាក់​ស្នាក់​នៅ ហើយ​បាន​ត្រៀមខ្លួន​សម្រាប់​ជួយ​សង្គ្រោះ។

#៣ ក្មេង​ប្រុស​ម្នាក់ៗ​ត្រូវ​បាន​បំពាក់​ដោយ​របាំង​មុខ​សម្រាប់​ជ្រមុជ​ទឹក មុន​ពេល​ចូល​ទៅ​ក្នុង​ទឹក ដែល​អម​ដោយ​អ្នក​ជ្រមុជ​ទឹក​២នាក់ ខណៈ​ម្នាក់​កាន់​បំពង់​អុកស៊ីហ្សែន​របស់​ក្មេង​ប្រុស។

#៤ ​ក្មេង​ប្រុស​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ទាញ​ខ្លួនឯង​តាម​រយៈ​ខ្សែ​នាំ​ផ្លូវ​ដែល​គេ​បាន​បង្កប់​រួច​ជា​ស្រេច។ ក្នុង​ករណី​ខ្លះ អ្នក​ជ្រមុជ​ទឹក​បាន​ប្រើ​ដៃ​ដើម្បី​ជួយ​រុញ​ពួក​គេ​ទៀត​ផង។

#៥ បន្ទាប់​ពី​ឆ្លង​ផុត​ច្រក​រូង​ក្រោម​ដី​រួច ពួកគេ​ប្រឈម​មុខ​នឹង​ចំណុច​គ្រោះថ្នាក់​បំផុត​ហៅ​ថា «Choke Spot» ដែល​ត្រូវ​ហែល​ឡើង​ទៅ​លើ​ចំណោត​ខ្ពស់ និង​តូច​ចង្អៀត។ នៅ​ត្រង់​ចំណុច​នេះ អ្នក​ជ្រមុជ​ទឹក​បាន​យក​បំពង់​អុកស៊ីហ្សែន​ទៅ​មុន ហើយ​ណែនាំ​ក្មេង​ទាំង​នោះ​ឲ្យ​ចេញ​ផុត​ពី​ចំណុច​ដ៏​គ្រោះថ្នាក់​នេះ​បាន​ដោយ​ជោគជ័យ៕

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីសកម្មភាព នាំយកក្មេងប្រុសទៅកាន់មន្ទីរពេទ្យ៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់