• 2018-07-11 02:20:16
  • សេដ្ឋកិច្ច

ត្រឹម ៥ឆ្នាំ កម្ពុជាស្រូបចំណូលពីវិស័យទេសចរណ៍ប្រមាណ ១៥ពាន់លានដុល្លារ

  • 2018-07-11 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជារកចំណូលបានពីវិស័យទេសចរណ៍ប្រមាណ ១៥ ០០០លានដុល្លារ ចូលសេដ្ឋកិច្ចជាតិ។ នេះបើតាមរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ (២០១៣-២០១៧) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨។

របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៣ ចំណូលបានមកពីវិស័ទេសចរណ៍មានចំនួន ២ ៥៤៧លានដុល្លា​រ និងបបានកើនឡើងជាបន្តបន្ទាប់ ដល់ឆ្នាំ ២០១៧មានចំនួន ៣ ៦៣៨លានដុល្លារ។ សរុបក្នុងរយៈពេល៥ឆ្នាំ មកនេះវិស័យទេសចរណ៍រកចំណូលបានចំនួន ១៥ ១៤៥លានដុល្លារ។

ទន្ទឹមនឹងនោះ ​គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ ដែលចុះបញ្ជីផ្លូវការប្រមាណ ៣៩៤ កន្លែង រួមមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិ​សា​ស្រ្ត​ចំនួន ១១៤កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តធម្មជាតិ ២១កន្លែង រមណីយដ្ឋានកែឆ្នៃ ៣៣កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ២៧កន្លែង និងរមណីយដ្ឋានទេស​ចរណ៍ធម្មជាតិ ១៩៦កន្លែង ព្រមទាំងជំរុញឱ្យមានការរីកចម្រើនផ្នែកសណ្ឋាគារសរុបចំនួន ៧៨១ ស្មើនឹងជាង ៤៥ ០០០បន្ទប់ ផ្ទះសំណាក់ជាង ២ ២០០ ស្មើនឹងជាង ៣៣ ០០០បន្ទប់ ភោជនីយដ្ឋានជាង ២ ២០០កន្លែង ម៉ាស្សាជាង ៣០០កន្លែង សេវាកម្សាន្តទេសចរណ៍ ៨កន្លែង ទីភ្នាក់ងារទេសចរណ៍ជាង ៦០០កន្លែង ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ៣៨ក្រុមហ៊ុន និងមគ្គុទ្ទេសក៍ទេសចរចំនួនជាង ៥ ២០០នាក់ មគ្គុទ្ទេសក៍ទេសចរភាសាចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ និងវៀតណាម។

តាមរំពឹងទុករបស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ២សែន នាក់ នៅបំណាច់ឆ្នាំ២០១៨នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ហើយអាចនាំមកនូវ ចំណូលប្រមាណ ៥០០០លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារប្រមាណ ១លាននាក់៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់