• 2018-07-11 04:23:13
  • ការអប់រំ

ចាំបាច់ត្រូវដឹង! ចូលប្រឡងថ្ងៃទី១ កុំឲ្យភ្លាត់ស្នៀត មកត្រៀមខ្លួន ១២ចំណុចខ្លីៗនេះ​

  • 2018-07-11 04:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​នៅ​សល់​ប្រមាណ​ ១​ខែ​ជាង​ទៀត ​នឹង​ចូល​មក​ដល់ ហេតុ​ដូច​នេះ​ ប្អូន​ទី១២ ឆ្នាំ ២០១៨ ដែល​ជា​បេក្ខជន​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យបាន​រួច​រាល់​ជាមុន​ និង​ត្រូវ​ដឹង​ប្រការ​ចាំបាច់ត្រូវ​អនុវត្ត និង​មិន​ត្រូវអនុវត្ត​ ដើម្បី​ការពារ​កុំ​ឲ្យ​ភ្លាត់​ស្នៀត​ពេល​ទៅ​​ប្រឡង​។​​​​​

ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្រសួង​អប់រំ ​បាន​បញ្ចេញ​វិន័យ​ក្នុង​ការ​ប្រឡង​ឲ្យ​បាន​ល្អ​ដល់​បេក្ខជន​ទាំងឡាយ​ត្រូវ​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង ដូច​មាន​ចែង​ខាងក្រោម ៖

  • ប្រការ​ដែល​បេក្ខជន​​ត្រូវ​អនុវត្ត

១- ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ឲ្យ​បាន​មុន​ដំណើរការ​នៃ​ការ​ប្រឡង 

២- ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ដោយ​ប្រើ​អាវ​ពណ៌​ស និង​ខោ ឬ​សំពត់​ពណ៌​ខៀវ ដាក់​ក្នុង​ខោ ឬ​សំពត់​ឲ្យ​បាន​ត្រឹមត្រូវ 

៣- ត្រូវ​យក​មក​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​សម្គាល់​ខ្លួន​មាន​បិទ​រូបថត​ថ្មី​ និង​មាន​ចុះហត្ថលេខា​នាយក​សាលា​ត្រឹមត្រូវ​ច្បាស់លាស់។ ចំពោះ​បេក្ខជន​ស្វៃរិន ត្រូវ​យក​មក​នូវ​សលាកបត្រ​ឯកត្តជន ​ដែល​មាន​ចុះហត្ថលេខា​របស់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត

៤- ត្រូវ​យក​ចូល​ក្នុង​បន្ទប់​ប្រឡង​នូវ​សម្ភារៈ​ប្រើប្រាស់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឲ្យ​ប្រើ ៖ ប៊ិច​ពណ៌​ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ

៥- ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​មេ​ប្រយោគ និង​អ្នក​មាន​សមត្ថកិច្ច​ថែ​រក្សា​សណ្ដាប់ធ្នាប់ ​ក្នុង​ការ​ដក​ហូត​សំណៅ​ឯកសារ សម្ភារៈ​ផ្សេងៗ ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង 

៦- ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​អនុរក្ស ដូចជា​អង្គុយ​ចំ​តាម​លេខ​តុ ដែល​អនុរក្ស​បាន​បង្ហាញ ​បំពេញ​លើ​ក្បាល​សន្លឹក​កិច្ចការ ដែល​អនុរក្ស​បាន​ចែក​ឲ្យ ប្រគល់​សន្លឹក​កិច្ចការ​ជូន​អនុរក្ស​វិញ នៅ​ពេល​ដល់​ម៉ោង ​ទោះ​បី​កិច្ចការ​នោះ​បាន​ធ្វើ ឬ​ពុំ​បាន​ធ្វើ​ក៏​ដោយ 

៧- ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការ​ប្រឡង ​និង​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង។

  • ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត

១. មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួងទី២

២. មិន​ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង

៣. មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​ឯកសារ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង

៤. មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ ឬ​បន្ទប់​ប្រឡង​នូវ​ អាវុធ​​​ ជាតិផ្ទុះ​ ទូរស័ព្ទ​ដៃ​ ឧបករណ៍​ អេឡិចត្រូនិច​គ្រប់​ប្រភេទ​ សៀវភៅ សំណៅ​ឯកសារ​​ ម៉ាស៊ីន​គិត​លេខ​ នាឡិកាដៃ​ ដែល​មាន​ប្រដាប់​គិត​លេខ​ កាតាប​ កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ​ និង​ទឹក​លុប​ពណ៌ស

៥. មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង​មុន​ពេល​អនុរក្ស​ហៅឈ្មោះ​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់