• 2018-07-12 04:59:48
  • សេដ្ឋកិច្ច

សេវាកម្មថ្មីបំផុត អាចទិញគ្រឿងទេសកំប៉ិកកំប៉ុកតាមទូរសព្ទ សម្រាប់អ្នកខ្ជិលដើរផ្សារ

  • 2018-07-12 04:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​ហ៊ុន​ Grab បាន​ប្រកាសចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Happy Fresh ដើម្បី​ផ្ដល់​សេវាកម្ម​បញ្ជា​ទិញ​គ្រឿង​ទេស ម្ហូប​អាហារ បន្លែ​ផ្លែឈើ និង​ទំនិញ​រាប់​ពាន់​ប្រភេទ​នៅ​លើ​ទូរសព្ទ​ដៃ​ដោយ​មិន​ចាំបាច់​ទៅ​ដល់​ផ្សារ​ផ្ទាល់​​ទៀត​ឡើយ។

វិធីដើម្បីបញ្ជាទិញ

ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​សេវាកម្ម​ថ្មី Grab Fresh ដែល​ជា​ផ្នែក​មួយ​នៃ Grab Platform នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន Grab នៅ​ប្រទេស​សិង្ហបុរី។ Happy Fresh ជាក្រុមហ៊ុនលំដាប់​លេខ​១​នៅ​អាស៊ី​អាគ្នេយ៍​ ផ្នែក​ផ្គត់ផ្គង់​គ្រឿង​ទេស បាន​ចាប់​ដៃ​គូ​ជាមួយ​ Grab ដើម្បី​ធ្វើ​ការ​ដឹក​ជញ្ជូន​គ្រប់​ទំនិញ​ទាំង​អស់​ទៅ​ឲ្យ​អតិថិជន​ដល់​ផ្ទះ។ សេវាកម្ម​ថ្មី​នេះ នឹង​ចាប់​ផ្ដើម​ដំណើរ​ក្នុង​ខែ​កក្កដា​នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ឥណ្ឌូណេស៊ី។ ចំពោះ​ថៃ និង​ម៉ាឡេស៊ី​ នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៨​នេះ។ ដោយ​ឡែក​ប្រទេស​កម្ពុជា និង​ភូមា ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​ធ្វើ​ការ​សិក្សា​ទៅ​លើ​តម្រូវ​ការ​ អត្តចរិត​នៃ​ប្រជាពលរដ្ឋ ឬ​ទំនោរ​របស់​អ្នក​ប្រើប្រាស់​ជា​មុន​សិន។

Grab Fresh អតិថិជិនរបស់Grab អាចរីករាយក្នុងការទិញគ្រឿងទេសនៅផ្ទះបានយ៉ាងងាយស្រួល។ គ្រប់​ផលិតផល​ទាំង​អស់​ត្រូវ​បាន​ធានាគុណភាព ផលិតផល​ស្រស់​ៗ​គ្រប់​ប្រភេទ ដោយ​គ្រាន់​តែ​រង់ចាំ​ប្រមាណ​១​ម៉ោង អ្នកបើកបរ និងដៃគូដឹកជញ្ជូនរបស់Grab Express អាចដឹកគ្រឿងទេស​ទាំង​អស់​នោះ​ទៅដល់មុខផ្ទះ​តែ​ម្ដង បន្ទាប់​ពី​បាន​កុម្ម៉ង់​ទិញ​នៅ​លើ​ទូរសព្ទ​ក្នុង App របស់​ Grab។ ក្នុង​នោះ អតិថិជន​ការជ្រើសរើសយ៉ាងទូលំទូលាយរហូតដល់ជាង ១សែន ផលិតផល​គ្រឿង​ទេស​ពី​ ៥០ហាង នៃ​ផ្សារទំនើបធំៗ និងហាងលក់គ្រឿងទេស។

Grab Fresh ​នឹង​បង្ហាញ​ពី​របៀប និង​បណ្ដុះបណ្ដាល​ជា​មុន​សិន ដើម្បី​ឲ្យ​អតិថិជន​ធ្វើការ​បញ្ជាទិញ​ទំនិញ​បាន​ត្រឹមត្រូវ និង​ជា​ផលិត​ផល​ដែល​ស្រស់ មាន​គុណភាព។ ជា​ពិសេស​នោះ​​អតិថិជន​អាច​បដិសេធមិនទទួលយកទំនិញដែលមិនពេញចិត្ត នៅ​ពេល​ដែល​ទំនិញ​ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​ផ្ទះ។

លោក Guillem Segarra នាយក​ប្រតិបត្តិ​របស់ហាង HappyFresh

លោក Guillem Segarra នាយក​ប្រតិបត្តិ​របស់ហាង HappyFresh បាននិយាយ​ថា៖«ការដឹកជញ្ជូនគ្រឿងទេស គឺជាឱកាសដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង ៧០ភាគរយនៃអ្នកប្រើប្រាស់​កម្មវិធីដឹកជញ្ជូនគ្រឿងទេស​ធ្វើការ​កម្ម៉ង់​ម្តង​ក្នុង​មួយ​សប្តាហ៍ ហើយ​ពួក​គេចូលចិត្តទិញពីហាងដែលពួកគេស្គាល់។ អ្វីដែលពួកគេ​ចង់បាន​ជាអ្វីដែល​ពួកគេ​ពេញ​ចិត្ត​ដែល​អាច​រកបាន និង​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅពេល​ដែល​ពួកគេចង់បាន។ Grab Fresh ផ្តល់ជម្រើស​នៃផលិតផល​យ៉ាងទូលំទូលាយ​បើធៀប​ទៅនឹង​សេវាកម្ម​ដឹកជញ្ជូន​ដទៃ​ទៀត។»

លោក Guillem Segarra បន្ថែមថា៖ «ក្រុមហ៊ុនGrab គឺជាដៃគូដ៏ល្អដែលពួកយើងគួរតែមាន។ ចំនួន​នៃការដឹកជញ្ជូនកាន់តែច្រើនដែលអនុញ្ញាតឱ្យពួកយើងបន្ថែមការដឹកជញ្ជូនបន្ថែម ​និង​កាត់បន្ថយ​ពេល​វេលា​ក្នុងការដឹកជញ្ជូន។ ​​ពួកយើងអាច​គ្របដណ្តប់​នៅក្នុងប្រទេស ​និង​ក្រៅ​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធភាព។»

សូម​បញ្ជាក់​ថា Grab Fresh គ្រាន់​តែ​ជា​សេវាកម្ម​មួយ​ក្នុង​ចំណោម​សេវាកម្ម​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង App របស់​ Grab ដែល​ហៅ​ថា SupperApp ជា​បណ្ដុំ​សេវាកម្ម​ដ៏​សម្បូរ​បែប​ក្រៅ​ពី​សេវា​រថយន្ត​យន្ត​តាក់ស៊ី​អនឡាញ។ ចំពោះ​ Grab Platform ដែល​ទើប​តែ​ធ្វើ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១០​នេះ នឹង​ផ្ដល់​ឱកាស​ដល់​បណ្ដា​​ក្រុមហ៊ុន​នានា មិន​ថា​ហាង​លក់​សំលៀក​បំពាក់ ម្ហូប​អាហារ គ្រឿង​អេឡេចត្រនិក សម្ភារៈ​ឧបករណ៍​គ្រប់​ប្រភេទ អាច​សហការ​ជាមួយ Grab ដើម្បី​ធ្វើ​ការ​បញ្ជា​ទិញ​តាម​រយៈ​ទូរសព្ទ​ដៃ ហើយ​មាន​ភ្ញាក់​ងារ​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន។

លោក Anthony Tan នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Grab

លោក Anthony Tan នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Grab បាន​និយាយ​ថា​ «តំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជាតំបន់សេដ្ឋកិច្ចធំទី៤ ត្រឹមឆ្នាំ២០៥០។ ប្រជាជន​ជា​ច្រើន​កំពុង​វិវឌ្ឍន​ខ្លួន​ទៅ​ថ្នាក់​មធ្យម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកំពុងកើនឡើង ហើយក្រុមហ៊ុន​ត្រូវតែ​សម្រប​ខ្លួន​យ៉ា​ងឆាប់រហ័ស ដើម្បីផ្លាស់ប្តូរឱកាសទីផ្សារដែលកំពុងរីកចម្រើន។ ការរួមបញ្ចូល​សមត្ថភាព​របស់ Grab ជាមួយនឹងជំនាញឯកទេសរបស់ដៃគូរបស់យើងនឹងជួយឱ្យ Grab និង ដៃគូរបស់យើង​រីកចម្រើនយ៉ាងឆាប់រហ័សដើម្បីបម្រើអតិថិជនអាស៊ីអាគ្នេយ៍ជារៀងរាល់ថ្ងៃ៕»

អ្នកសារព័ត៌មានមកពីបណ្ដាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់