• 2018-07-12 08:15:52
  • សេដ្ឋកិច្ច

ទិញផ្ទះបុរី ចង់បានតម្លៃថោក មកដឹង ៧ចំណុចនេះជាមុន កុំឲ្យទឹកភ្នែកថ្ងៃក្រោយ

  • 2018-07-12 08:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ ​ជា​រឿង​ដែល​លោក​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ​ទើប​មិន​បណ្ដាល​ឲ្យ​ស្ដាយ​នៅ​ថ្ងៃ​ក្រោយ​។ ជុំវិញ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ លោក វ៉ា វីរៈ ​អ្នក​ជំនាញ​អចលនទ្រព្យ​ បាន​លើកឡើងថា ​សម្រាប់​អ្នក​មាន​លទ្ធភាព​ទិញ​ផ្ទះ​នៅបុរី មិនគួរសម្លឹងមើល​តែ​តម្លៃ​ ព្រោះ​ផ្ទះ​តម្លៃ​ទាប ឬ​មធ្យម​ភាគ​ច្រើន មិន​មែន​ស្ថិត​នៅ​ទី​ប្រជុំ​ជន​នោះ​ទេ ​អ្វី​ដែល​សំខាន់​ត្រូវ​គិតដំបូង​នោះគឺទីតាំង ថាតើវាសមល្មមសម្រាប់អ្នកធ្វើដំណើរបានកម្រិតណា។ បន្ទាប់មកទៅ​មើល៧ចំណុចដែលលោក​អ្នកគួរពិចារណាខាង​ក្រោម​នេះ​៖

១. - ផ្លូវថ្នល់

ផ្លូវ​ថ្នល់​ ជា​ចំណុចមួយ​ ដែល​លោក​អ្នក​គិត​ពិចារណា​។ បើ​សិនលោកអ្នក​ជាអ្នកធ្វើការ​ឬ​បុគ្គលិក​ក្រុមហ៊ុន គួរ​ណាស់​តែធ្វើ​ដំណើរទៅផ្ទាល់ ក្រោយពីអ្នកបាន​រើស​ទីតាំងហើយ ដើម្បីដឹងលម្អិតផ្លូវធ្វើដំណើរ និងចរាចរណ៍តាមផ្លូវ មានឡានតូចធំ និងម៉ូតូឆ្លងកាត់ច្រើនប៉ុណ្ណា។ ​​​​​

២. - ​អគ្គិសនី

ទីតាំងបុរីមួយចំនួន មិនទាន់តភ្ជាប់អគ្គិសនីរដ្ឋនៅឡើយ ដោយទិញអគ្គិសនីឯកជនមកជំនួសសិន។ ចំណុចនេះលោកអ្នកអាចសួរទៅខាងបុរី ថាគេបានភ្ជាប់អគ្គិសនីរដ្ឋ ឬឯកជន? ម្យ៉ាងការតភ្ជាប់អគ្គិសនីនៅបុរីខ្លះ គេដាក់ឲ្យប្រើប្រាស់មានកម្រិត មិនមែនប្រើតាមអំពើចិត្តនោះទេ។

៣. - ​ប្រព័ន្ធ​ទឹក​ស្អាត

​ប្រព័ន្ធ​ទឹក​ស្អាត​ក៏​សំខាន់​ដូចគ្នា លោក​អ្នក​ត្រូវដឹង​ច្បាស់​ថា​តំបន់​ហ្នឹង​ មាន​ត​ប្រព័ន្ធ​ទឹក ​សម្រាប់​ប្រើ​ប្រាស់​គ្រប់គ្រាន់ ឬយ៉ាងណា។

​​​​​​​ ៤. - ​ប្រព័ន្ធលូ

​មួយរិញ​ទៀត គឺ​​ប្រព័ន្ធ​លូ ​មាន​ប្រឡាយ ចំណុច​នេះ​គឺ​សំខាន់​ផង​ដែរ ​ដោយ​សារ​តែ​រាជធានី​ភ្នំពេញ​ តំបន់​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​លិចទឹក​ភ្លៀង​ធ្ងន់ធ្ងរ​ ដូច្នេះ​លោក​អ្នក​គួរ​ពិនិត្យ​ឲ្យ​ដល់​កន្លែង​សាងសង់ មើល​ពី​ប្រព័ន្ធ​រៀប​ចំ​លូ ថា​តើ​វា​ហូរ​ទៅ​ប្រឡាយ​ឬ​យ៉ាង​ណា​? ម្យ៉ាង​លោកអ្នក​អាច​សាក​សួរ​ប្រជាជន​នៅ​តំបន់​ដែល​អ្នក​ចង់​ទិញ​ផ្ទះ​នោះ ថា​ធ្លាប់​លិច​ទឹក​ដែរ​ទេ? ចុះ​ភ្លៀង​រយៈ​ពេល​ចុងក្រោយ​នេះ មាន​ស្ថាន​ភាព​យ៉ាងណា?​​​​​

៥. - គុណភាពសំណង់

នេះជាចំណុច​ដែលសំខាន់​សម្រាប់លោកអ្នកត្រូវដឹង ព្រោះក្រុមហ៊ុនសាងសង់បុរីមូយចំនួន ខ្វះការយក​ចិត្តទុក​ដាក់ទៅលើគុណភាព​ផ្ទះ ដោយហេតុថាចង់បានចំនួនផ្ទះសង់ច្រើន និងសាងសង់ឲ្យទាន់ថ្ងៃប្រគល់ដល់អតិថិជន​។ ម្យ៉ាងក្រុមហ៊ុនខ្លះ មិនមែនសាងសង់ផ្ទាល់ទេ ដោយប្រកាសក្រុមម៉ៅការសំណង់ធ្វើ និងដាក់ដេញថ្លៃ ឲ្យតម្លៃសាងសង់ទាប ដែលជាហេតុផលមួយ ក្រុមម៉ៅការខ្លះ ធ្វើសំណង់គ្មានគុណភាព។ យ៉ាងណាមិញ ចំពោះរឿងនេះ លោកអ្នកបើបានសម្រេចចិត្តទិញហើយ ក៏ឧស្សាហ៍ទៅមើលផ្ទះពេលគេកំពុងសាងសង់ច្រើនដង ជាពិសេសពេលបុកធ្នឹម(សម្រាប់បុរី) តទុយោទឹកជាដើម និងគួរសាកសួរបន្ថែមពីជាងជំនាញពីសំណង់ផ្ទះផងដែរ។

៦. - ការប្រមូល​សំរាម

​ការ​ទុក​ដាក់សំរាម​ជា​ចំណុច​មួយ ក៏​ត្រូវ​ដឹង​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​ប្រមូល​សំរាម​បច្ចុប្បន្ន​មាន​តែ​មួយ​ទេ ហើយ​តំបន់​ខ្លះ​ការ​ប្រមូល​សំរាម​ការ​មាន​ការ​យឺត​យ៉ាវ។ ដូចនេះ លោកអ្នកគួរដឹងពីតារាងពេលវេលាបញ្ចេញសំរាមជាមុន។

៧. ប្រព័ន្ធ​អ៊ីនធើណេត​

​​​​​​សម័យ​នេះ ជា​សម័យ​បច្ចេកវិទ្យា​ ដូចនេះ​តម្រូវការ​ប្រើប្រាស់​អ៊ីនធើណេត​​នៅ​ផ្ទះ ​ក៏​មិន​គួរ​ខ្វះ​ផង​ដែរ​ ព្រោះ​តំបន់​ខ្លះ​នៅ​ឆ្ងាយ​ខ្លាំង​ពេក​ ​​មិន​មាន​សេវា​អ៊ីនធើណេត​គ្រប់​គ្រាន់​​ ​ហេតុ​ដូច្នេះ​ ​បើ​លោក​អ្នក​ជា​អ្នក​ធ្វើ​ការ មិន​គួរ​រំលង​រឿង​នេះ​ឡើយ។ តែក្នុងនោះក៏មានបុរីមួយចំនួន មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ីនធើណេត ដែលលោកអ្នកអាចភ្ជាប់ ឬមិនភ្ជាប់ស្រេចលើអ្នក តែមិនអាចហៅក្រុមហ៊ុនអ៊ីនធើណេតដទៃមកភ្ជាប់បានឡើយ។

ទន្ទឹមគ្នានេះ ក៏មានចំណុចមួយផ្សេងទៀត អ្នកធ្លាប់ទិញផ្ទះនៅបុរីបានចែករំលែក ជាក់ស្ដែងចំពោះ សន្តិសុខសុវត្ថិភាព សម្រាប់បុរីស្ដង់ដារខ្ពស់ គេមានរៀបចំសន្តិសុខយាមផ្លូវយ៉ាងម៉ត់ចត់ ដោយម្ចាស់ផ្ទះទាំងអស់ត្រូវស្គាល់លេខផ្ទះ និងផ្លូវរបស់ខ្លួន។ ដោយឡែកសម្រាប់បុរីទូទៅ ភាគច្រើនគេមានសន្តិសុខយាមមាត់ក្លោងទ្វារចូលប៉ុណ្ណោះ តែបើលោកអ្នកត្រូវការសុវត្ថិភាពផ្លូវជាប់ផ្លះផ្ទាល់ អាចស្នើក្រុមហ៊ុនបុរីដាក់សន្តិសុខយាមបន្ថែម តែត្រូវចំណាយថវិកាខ្លួន​ឯង៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់