• 2018-07-14 03:44:42
  • ចរាចរណ៍

​ស្នាដៃ​ធំ​ៗ​ សម្រេច​បាន ​របស់​ឯកឧត្ដម​ ស៊ុន ចាន់​ថុល បន្ទាប់​ពី​ឡើង​កាន់​តំណែង ​ 

  • 2018-07-14 03:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទេសរដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​​ដឹកជញ្ជូន​ ឯកឧត្ដម ស៊ុន ចាន់​ថុល​ ច្រើន​ឆ្នាំ​មក​នេះ​ បាន​ទទួល​ការ​គោរព​ស្រលាញ់​​ និង​កោត​សរសើរ​ពី​ប្រជាពលរដ្ឋ​​ថា ជា​រដ្ឋមន្ត្រី​មួយ​រូប​សាមញ្ញ និង​រួសរាយ​រាក់​ទាក់ ព្រមទាំង​មាន​ប្រជាប្រិយ​ភាព​ម្នាក់ ​​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល។ ​ឯកឧត្ដម​ ស៊ុន ចាន់​ថុល កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​​ជញ្ជូន​កាល​ពី​ថ្ងៃទី​១៦ ខែ​មេសា​ ឆ្នាំ​២០១៦ តើ​ឯកឧត្ដម​មាន​​ស្នាដៃ​ជាច្រើន​អ្វី​ខ្លះ? ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​​ឯកឧត្ដម​ សម្រេច​បាន​​នូវ​សមិទ្ធិ​ផល​ធំៗ​ដូច​ខាង​ក្រោម​៖

ចុចអាន៖ មន្រ្តីជាន់ខ្ពស់ម្នាក់ថា បញ្ហា​ចរាចរណ៍ ជា​សត្រូវធំបផុត១ ក្នុងចំណោម២ ដែលត្រូវដោះស្រាយ

- ការ​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ស្ទឹង​ត្រង់ 

គម្រោង​សាងសង់​ស្ពាន​ស្ទឹង​ត្រង់​ ដែល​តភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់​ចាម​​ទៅកាន់​ស្រុក​ក្រូច​ឆ្មា​ខេត្ត​ត្បូងឃ្មុំ ​បាន​បើក​ការដ្ឋាន​សាង​សង់​កាលពី​ដើម​ខែ​កុម្ភៈ ​​ឆ្នាំ​២០១៨ កន្លង​មក​ក្រោម​អធិបតី​ភាព​សម្ដេច​តេជោ ហ៊ុន សែន​។ ស្ពាន​នេះ​មាន​ប្រ​វែង​សរុប ១ ១៣១ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក ដោយ​គ្រោង​ចំណាយ​ថវិកា ចំនួន ៥៦,៩៩៨ លាន​ដុល្លារ​​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​​ពី​រដ្ឋាភិបាល​ចិន​ រួម​ជាមួយ​​ថវិកា​​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះ​ស្រាយ​ផល​ប៉ះពាល់ និង​បោស​សំអាត​យុទ្ធភណ្ឌ​មិ​នទាន់​ផ្ទុះ។

- ​ផ្លូវ​ក្រវាត់​ក្រុង​ទី​២​  

ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់​ទី ២ នេះ គឺ​ភ្ជាប់ពី ស្តុប​ផ្សារ​ដីហុយ ទៅផ្លូវលេខ ១០១៩ កាត់​តាម​ផ្លូវ​ណ័រប្រ៊ីត ផ្លូវ​ទ្រុង​មាន់ ផ្លូវ​មុខ​រោងចក្រ​អគ្គិសនី ផ្លូវ​មុខ​សហគមន៍​អន្លង់គង ផ្លូវទំនប់ ៧មករា ដល់ ផ្លូវជាតិ​លេខ ២ ភ្ជាប់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ​ប្រវែង ​១៧​គីឡូ​ម៉ែត្រ​។

ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី ២ គ្រោង​នឹង​ចំណាយ​ពេល​សាងសង់ ៣៦ខែ គឺ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៩ ខាងមុខ ខណៈ​ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី ១ គឺ​មហាវិថី​ភ្នំពេញ ហាណូយ ប្រវែង ១០​គីឡូម៉ែត្រ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ខែ​មីនា កន្លងទៅ​នេះ។

ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី​២ ទាំង​២​កំណាត់ មាន​ប្រវែង​សរុប​ជាង ២៧​គីឡូ​ម៉ែត្រ នឹង​ចំណាយ​ថវិកា​សាងសង់​ជាង ៧២​លាន​ដុល្លារ​អាមេរិក ដោយ​កំណាត់ទី ១ ចំណាយ​ជាង ១០លានដុល្លារអាមេរិក និង​កំណាត់ទី​២ ចំណាយ​ជាង ៦២លានដុល្លារអាមេរិក។  

- ផ្លូវ​ជាតិ​លេខ​៥ ព្រែក​​ក្ដាម ​ដល់​ពោធិ៍សាត់ ​(៤​គន្លង​ភ្នំពេញ-​​ប៉ោយ​ប៉ែត​)

គម្រោង​ផ្លូវ​ជាតិ​លេខ៥

ក្រោម​គម្រោង​ឥណទាន​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ការពង្រីក​ផ្លូវ​ជាតិ​លេខ​៥ ពី​ព្រែក​ក្ដាម​ទៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ ប្រើ​រយៈ​ពេល ៣៦​ខែ ដោយ​ចាប់ផ្ដើម​សាងសង់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​ ២០២០ ។ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​១៩ ៩៨៨ លាន​យេន​ជប៉ុន ស្មើ​នឹង ១៨៥ លាន​ដុល្លារ​អាមេរិក។  ការ​ស្ថាបនា​ផ្លូវ​នេះ​ត្រូវ​បាន​បែង​ចែក​ជា​បី​ដំណាក់​កាល​​​ទី​១ ពី​ក្រុង​បាត់​ដំបង​ឆ្ពោះ​ទៅ​ក្រុង​សិរី​សោភ័ណ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទី២ ពី​ព្រែក​ក្ដាម​ទៅ​ពោធិ៍សាត់​ និង​ទី​៣ ពី​ពោធិ៍សាត់​ទៅ​បាត់ដំបង និង​ពី​ខេត្ត​បន្ទាយ​មានជ័យ ទៅ​ប៉ោយប៉ែត (ព្រំ​ប្រទល់​ថៃ)។ ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន Tekken Taiyu Joint Venture និង​ក្រុមហ៊ុន Daiho Asanuma Joint Venture និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Katahira & Engineers International។  

- ​ការពង្រីក​ផ្លូវជាតិ​លេខ​៦

  កំណាត់​ផ្លូវជាតិ​លេខ៦ ចាប់ពី​ថ្នល់កែង ខេត្ត​កំពង់ចាម (ចំណុច​បំបែក​ផ្លូវជាតិ​លេខ៦១) ទៅ អង្គ្រង ខេត្ត​សៀមរាប ត្រូវ​បាន​​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា ឆ្នាំ​២០១៨​កន្លងមក​។ កំណាត់​ផ្លូវជាតិលេខ៦​នេះ មាន​ប្រវែង​ជាង ២៤៨​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៥ ​ខែ​មីនា ឆ្នាំ​២០១៣ ក្រោម​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៤៨,៨ លាន​ដុល្លារ។ ការ​សាងសង់​ផ្លូវ​នេះ ត្រូវ​បាន​បែងចែក​ជា២​កំណាត់។ កំណាត់​ទី១ ចាប់ពី ថ្នល់កែង-ស្គន់ ក្នុង​ខេត្ត​កំពង់ចាម ប្រវែង​ ២៨,៧២​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ពង្រីក​ទៅ ៤​គន្លង។ កំណាត់​ទី២ ចាប់ពី ស្គន់-អង្គ្រង (ផ្លូវ២​គន្លង) ប្រវែង​សរុប ២១៩,៨​គីឡូម៉ែត្រ ត្រូវ​បាន​ពង្រីក​ទទឹង​ផ្លូវ​ដល់ ១២​ម៉ែត្រ។ ក្នុង​នោះ ស្គន់ ទៅ​ស្ទឹងសែន ខេត្ត​កំពង់ធំ ប្រវែង ១០២,៩​គីឡូម៉ែត្រ និង​ចាប់ពី​ស្ទឹងសែន ទៅ​អង្គ្រង ខេត្ត​សៀមរាប ប្រវែង ១១៦,៩​គីឡូម៉ែត្រ។ កំណាត់​ផ្លូវជាតិ​លេខ៦ ពី​ព្រែកលៀប រាជធានី​ភ្នំពេញ ទៅ ថ្នល់កែង ប្រវែង​ជាង ៤០​គីឡូម៉ែត្រ ដែល​ពង្រីក​ដល់​៤គន្លង ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧។  

- ផ្លូវ​ពី​សំឡូត​ទៅ​ច្រក​ ៤០០​ ព្រំដែន​កម្ពុជា-ថៃ​

  ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន ​៥១,៨៤០ គីឡូម៉ែត្រ និង​ទទឹង​១២ម៉ែត្រ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួត​ពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co.,​Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ប្រាក់​កម្ចី សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សរុប ប្រមាណ​ជាង ៣៧លានដុល្លារ ជា​ប្រភេទ​ផ្លូវ DBST​។​​​ផ្លូវ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

- ​​ការ​​ពង្រីក​ផ្លូវជាតិ​១១ ពី​អ្នក​លឿន​ដល់​លេខ​៧

  គម្រោង​សាងសង់​ឡើង​វិញ​ផ្លូវ​ជាតិ​លេខ​១១ និង​ផ្លូវ​វាង​នេះ មាន​ប្រវែង​សរុប ៩៦.៤៨ គីឡូម៉ែត្រ ចាប់ពី អ្នក​លឿង​ចំណុច​ប្រសព្វ​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ-ខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដល់​ថ្នល់​ទទឹង ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ភូមិ​ស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ផ្លូវ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​កាលពី​ថ្ងៃទី ២៣ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតី​សម្ដេច​តេជោ ហ៊ុន សែន និង​គ្រោង​បញ្ចប់​​នៅដើម​ឆ្នាំ​២០២១​។  

ផ្លូវ​ជាតិ​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្ពស់ និង​ពង្រីក​ទទឹង​ផ្លូវ​ពី​៩ម៉ែត្រ ទៅ ១១ ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ទាំង​ក្រោម​កំរាស់ ៦០ ស.ម មាន​ទិស​ចរាចរណ៍​ចំនួន​ពីរ​គន្លង (១ទៅ ១មក) បំពាក់​ដោយ​ផ្លាក​សញ្ញា​ចរចរ គូស​គំនូស​ចរាចរ បង្គោល គីឡូ​ម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដង​ផ្លូវ​ផងដែរ ។  

- ​​ការពង្រីក​ផ្លូវជាតិ​លេខ៣​

​គម្រោង​​ពង្រីក និង​​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ៣ នេះ​បាន​បើក​ការដ្ឋាន​កាល​ពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ គ្រោង​ចំណាយ​ថវិកា​ជាង ២០០លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​ រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះ​ស្រាយ​​ផល​ប៉ះពាល់ និង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​​ផ្ទុះ​។  

- ផ្លូវ​ជាតិ​លេខ​៥៥ ដល់​ច្រក​ថ្មដា

  ផ្លូវជាតិ​លេខ ៥៥ ពី​ក្រុង​ពោធិ៍សាត់​ទៅ​ច្រក​ព្រំដែន​ថ្មដា​ មាន​ប្រវែង​ប្រមាណ​ជាង ១៨៦ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ចេញ ឆ្ពោះ​ទៅកាន់​ស្រុក​ភ្នំក្រវាញ និង​បន្ត​ទៅ​ស្រុក​វាលវែង ឆ្លងកាត់​ទៅដល់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ កម្ពុជា-ថៃ​ ត្រង់​តំបន់​ថ្មដា។ ​​ផ្លូវ​នេះ​ដើម​ឡើយ​​ជា​ផ្លូវលំ​ថ្មើរជើង​ឆ្លងកាត់​ភ្នំ ដែល​កងទ័ព​ខ្មែរ​ក្រហម តែង​ធ្វើដំណើរ​ចេញ​ចូល​តាម​នោះ កាល​ពី​សម័យ​សង្គ្រាម​ហើយ​ត្រូវ​បាន​ប្រជាជន​ហៅថា ជា «ផ្លូវ​ប្រយុទ្ធ​គ្នា» ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍​នៃ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

-សម្ពោធ​កំពង់​ផែន​ពហុ​បំណង

កំពង់ផែ​ពហុ​បំណង​ថ្មី​ក្រុង​ព្រះសីហនុ ​អាច​មាន​លទ្ធភាព​ឱ្យ​នាវា​ផ្ទុក​ទំនិញ​ធំៗ ចូល​ចត​បាន​ចន្លោះ​ពី​៤​ម៉ឺន​តោន​ ទៅ​៥​ម៉ឺន​តោន​​ ត្រូវ​​បាន​ដាក់​សម្ពោធ​​​​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០១៨​នេះ ក្រោម​អធិបតី​ភាព​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ កំពង់ផែ​ថ្មី​នេះ ​មាន​តម្លៃ​ប្រមាណ​៧៤ លាន​ដុល្លារ​ ដែល​ជា​កម្ចី​ការប្រាក់​ទាប​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)។

ផ្នែក​សេវា​សាធារណៈ  

ផ្លូវ​ដែក 

ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​ដែក​ទិសនិរតី (ភ្នំពេញ-ព្រះសីហនុ) ដែល​មា​ន​ចម្ងាយ​ប្រមាណ​ ២៦៦ គីឡូម៉ែត្រ កាល​ពី​ ខែ​មសា ឆ្នាំ​២០១៦ កន្លងមក​​។​ ​ផ្លូវ​ដែក​ភ្នំពេញ​-ប៉ោយប៉ែត​ត្រូវ​បាន​ដាក់​ដំណើរ​ការ​កាល​ពីថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨ ​មក ក្នុង​ចម្ងាយ​ផ្លូវ​ ៣៨៦​គីឡូម៉ែត្រ​។ ការ​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវ​ដែក​ភ្នំពេញ​-ប៉ោយ​ប៉ែត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាក់ខាន​ជាង ៤០​ឆ្នាំ​។​ បន្ថែម​លើ​នេះ​ផ្លូវ​ដែក​ពី​ស្ថានីយ​រថភ្លើង​​ភ្នំពេញ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ក៏​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផងដែរ។ ផ្លូវដែក​នេះ​​មាន​ប្រវែង​ ១៥​​គីឡូម៉ែត្រ​​​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​កាលពី​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងមក​នេះ។ ​ផ្លូវ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​ការ​ចំណាយ។ 

ដាក់​ឱ្យ​ដំណើរ​ការ​មណ្ឌល​​ប្តូរ និង​ពន្យាប័ណ្ណ​បើកបរ

តាមរយៈ​យុទ្ធនាការ​ ១០០% ថ្ងៃ ប្រជាពលរដ្ឋ​ទូទៅ​ចំណាយ​ពេល​​ត្រឹម​តែ​ ១៥នាទី​ប៉ុណ្ណោះ​ ​ក្នុង​ការ​ប្ដូរ និង​ពន្យារ​ប័ណ្ណបើកបរ ជាពិសេស​​ការ​ធ្វើ​នៅ​​ផ្សារ​ទំនើប AEON Mall សាខា​ទី១ និងទី២។ ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​​ការ​ចុះ​បញ្ជី​យានយន្ត​​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ ការ​ផ្តល់​ប័ណ្ណ​បើកបរ​យានយន្ត​ ការ​ធ្វើ​ឈៀក​ចល័ត និង​ផ្លាក​លេខ​យានយន្ត​ ដែល​មាន​ QR Code ដើម្បី​កាត់​បន្ថយ​ការ​ក្លែង​បន្លំ។ ​ក្រៅ​ពី​នេះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​ក៏​អាច​ចុះ​បញ្ជី​រថយន្ត ​ព្រម​ទាំង​ជ្រើសរើស​នូវ​ស្លាក​លេខ​ណាមួយ ដែល​ខ្លួន​ពេញចិត្ត និង​បង់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ផងដែរ។

  ** ការ​ដាក់​ឱ្យ​ដំណើរ​ការ​ទូក​​ដឹក​អ្នក​ដំណើរ**

  នេះ​គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រវត្តិ​សាស្ត្រ​​មួយ​ ដែ​ល​កម្ពុជា​​​មាន​​មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ដំណើរ​សាធារណៈ​បែប​នេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​​តាម​ផ្លូវ​គោក​ និង​បង្កើន​សុវត្ថិភាព​​ចរាចរណ៍​ដល់​អ្នកដំណើរ​ចូល និង​ចេញ ព្រមទាំង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​រៀងរាល់​ថ្ងៃ។ មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ទូក​ពី​ព្រែក​ព្នៅ ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ​៦ ខែ​មេសា​កន្លងមក​នេះ។ ​

​​​គម្រោង​សាង​សង់​បន្ទាប់ 

-​ គម្រោង​សាង​សង់​ផ្លូវ​​ប៉ៃលិន​ សំឡូត កោះកុង មាន​ប្រវែង ១៩៧​គីឡូម៉ែត្រ។​

  • គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ​ និង​ការ​ស្តា​ឡើង​វិញ​​​ផ្លូវជាតិលេខ៤។​

-​ គម្រោង​សាងសង់​​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​បាវិត កំពុង​ស្វែង​​រក​អ្នក​វិនិយោគ​​។

-​ គម្រោង​​សាង​សង់​ផ្លូវ​យុទ្ធ​សាស្ត្រ​​កំពង់​ឆ្នាំង​ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ធំ​។

-​ គម្រោង​សាង​សង់​រថភ្លើង​លើ​អាកាស​​គ្មាន​មនុស្ស​បើក(សិក្សា​ចប់​ឆ្នាំ​ក្រោយ)។​

-​ គម្រោង​សាង​សង់​​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣​។

  • គម្រោង​សាងសង់​​ស្ពាន​ឆ្លង​កាត់​ទន្លេ​នៅ​ខេត្ត​ក្រចេះ (​កំពុង​សិក្សា)

អត្ថបទ៖ សុផល

រូបភាព៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

មតិយោបល់