• 2018-07-21 03:00:55
  • ការអប់រំ

ជិះយន្តហោះលើកដំបូង បើមិនដឹងរឿងទាំងនេះពេលឡើងពេលចុះ ម៉េមម៉ាមពេញព្រលាន

  • 2018-07-21 03:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មិន​ងាយ​ស្រួល​ដូច​រថយន្ត​ក្រុង ​គ្រាន់​តែ​ទិញ​សំបុត្រ​ឡើយ​ឡើង​ជិះ​នោះ​ទេ ត្រូវ​បំពេញ​បែបបទ​ច្រើន​ដំណាក់​កាល​ទម្រាំ​បាន​ឡើង​អង្គុយ​ ហើយ​ពេល​ចុះ​ចត​វិញ​ក៏​ត្រូវ​យល់​ពី​បែបបទ​មួយ​ចំនួន​ទៀត ទើប​អាច​បោះជំហាន​ចូល​ទឹក​ដី​គេ​បាន។ ត​ទៅ​នេះ គឺ​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​កញ្ញា​រូប​ស្រស់ ​គង់ ច័ន្ទវ៉ាន់ណេង ធ្លាប់​ហោះហើរ​តាម​យន្តហោះ​ញយ​ដង ពី​ដំណាក់​កាល​ទាំង​១៣​ពេល​ឡើង និង​ពេល​ចុះ​យន្តហោះ។

កញ្ញា​រូប​ស្រស់ ​គង់ ច័ន្ទវ៉ាន់ណេង

១ ការសុំវីសា

បើ​សិន​ជា​អ្នក​ទៅ​លេង​ប្រទេស​ដែល​តម្រូវ​ឱ្យ​សុំ​វីសា​ជាមុនដូចជាសហភាពអឺរ៉ុប និងប្រទេសអាស៊ី​មួយ​ចំនួន​ដូចជា​ជប៉ុន តៃវ៉ាន់ កូរ៉េជាដើម អ្នកត្រូវសុំទិដ្ឋាការនៅតាម​ស្ថាន​ទូត​ជា​មុន។ ចំពោះ​បែប​បទ​ផ្សេងៗ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​របស់​ស្ថាន​ទូត​នីមួយៗ។ ប៉ុន្តែ​បើ​អ្នក​ទៅ​លេង​ថៃ ម៉ាឡេស៊ី ឬ​សិង្ហបុរី​ជា​ដើម អ្នក​មិន​ចាំបាច់​បារម្ភ​ពី​រឿង​សុំ​ទិដ្ឋាការ​នោះ​ទេ។

២ ការ​កក់​សំបុត្រ​យន្ត​ហោះ

អ្នក​ត្រូវ​ជ្រើស​រើស​ក្រុម​ហ៊ុន​ណា​មួយ​ដើម្បី​ធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​ ទៅ​តាម​តម្លៃ​ដែល​អ្នក​អាច​ទទួល​យក​បាន។ ពេល​កក់​រួច​ខាង​ក្រុម​ហ៊ុន​ទេសចរណ៍​នឹង​ចេញ Ticket Booking ឱ្យ​អ្នក​។ អ្នក​អាច​Print វា​ចេញ​មក ឬ​រក្សា​ទុក​ក្នុង​ទូរសព្ទ​ដៃ​តែ​មួយ​មុខ​ក៏បាន។

៣ ត្រូវ​ទៅ​ដល់​ព្រលាន​ឱ្យ​បាន​មុន​ពីរ​ម៉ោង

ការ​ទៅ​ដល់​ព្រលាន​មុន​​ម៉ោង​ហោះ​ហើរ​ពីរ​ម៉ោង អាច​ជួយ​សម្រួល​ពេល​វេលា​ហោះហើរ​របស់​អ្នក​ឱ្យ​ទាន់​ម៉ោង ព្រោះ​មាន​ដំណាក់​កាល​ច្រើន​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់ រឹត​តែ​យ៉ាប់​បើ​សិន​ជា​នៅ​ថ្ងៃ​ដែល​អ្នក​​ហោះ​ មាន​មនុស្ស​ច្រើន។

៤ បង្ហាញ​Ticket Booking ដើម្បី​ Check-in

រកមើល​លើ​កញ្ចក់​ទូរទស្សន៍ (Monitor) ណា​ដែល​logo នៃ​ជើងហោះហើរ​ដែល​អ្នក​ជិះ ហើយ​ចូល​ទៅ​Check in នៅ​កន្លែង​នោះ។ ជួន​កាល​ អ្នក​គ្រាន់​តែ​ហុច​លិខិត​ឆ្លង​ដែន​ឱ្យ​បុគ្គលិក​ព្រលាន គេ​នឹង​ចេញ Boarding Pass ឱ្យ​អ្នក​ហើយ តែ​ជួន​កាល​គេ​ក៏​ទាម​ទារ Ticket Booking ដែរ ដូច្នេះ​អ្នក​គ្រាន់​តែបង្ហាញ​ក្រដាស​ដែល​អ្នក​បាន​ពី​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ ឬ​បង្ហាញ​ទូរសព្ទ​ដែល​បាន​សេវ​រូប​នោះ​ជា​ការ​ស្រេច។ បុគ្គលិក​ព្រលាន​នឹង​​រៀប​ចំ​លេខ​កូដ​ផ្សេងៗ បិត​លើ​វ៉ាលីស​របស់​អ្នក។ គួរ​បញ្ជាក់​ដែរ​ថា នៅ​លើ​Boarding Pass ដែល​អ្នក​តែង​តែ​ឃើញ​បង្ហោះ​ពាសពេញ​ហ្វេសប៊ុក គឺ​សំខាន់​ណាស់ ត្រូវ​រក្សា​វា​ឱ្យ​ជាប់​រហូត​ទាល់​តែ​អ្នក​បាន​ទៅ​អង្គុយ​លើ​យន្តហោះ បើ​ហ៊ាន​តែ​បាត់ គឺ​ស្មើ​នឹង​អត់​បាន​ទៅ។

៥ ដក​លុយ​ពន្ធ

សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​សញ្ជាតិ​ខ្មែរ ត្រូវ​ដក​លុយ​ពន្ធ ៧​ដុល្លារស​ម្រាប់​មនុស្ស​ធំ និង​ ៣​ដុល្លារ​សម្រាប់​កូន​ក្មេង នៅ​បញ្ជរCAB។ អ្នក​អាច​សួរ​បុគ្គលិក​ព្រលាន​ពី​ទី​តាំង​របស់ CAB។

៦. បំពេញ​បែប​បទ

បន្ទាប់​មក​ទៀត អ្នក​នឹង​ត្រូវ​ឡើង​ជណ្ដើរ​យន្ត ដោយ​ត្រូវ​បញ្ហាញ​លិខិត​ឆ្លង​ដែន​និង Boarding Pass ទៅ​ភ្នាក់​ងារ​ដែល​ឈរ​នៅ​មាត់​ជណ្ដើរ​តែ​ម្ដង។ រួច​ឡើង​ទៅ​ជាន់​ខាង​លើ ពេល​ទៅ​ដល់​អ្នក​នឹង​ឃើញ​មន្ត្រី​ចាំ​ចែក​លិខិត​ស្នើ​សុំ​ចេញ​ពី​ប្រទេស​កម្ពុជា។ អ្នក​ត្រូវ​បំពេញ​លិខិត​នោះ​តាម​ការ​ទាមទារ​នៃ​បែបបទ​អន្តោប្រវេសន៍ ដែល​គេ​ទាមទារទាំង​លេខយន្តហោះទៀត អ្នក​អាច​រក​លេខយន្ត​ហោះ​នៅ​លើ Boarding Pass។ រួច​ហើយភ្ជាប់​វា​ជាមួយ​លិខិត​ឆ្លង​ដែន ដើរ​ទៅ​កន្លែង​មន្ត្រី​អន្តោប្រវេសន៍​វាយ​ត្រា​។ ពេល​វាយ​ត្រា​រួចមាន​ន័យ​ថា អ្នក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ។

៧ ពិនិត្យ​អីវ៉ាន់​យួរ​ដៃ​ម្ដង​ទៀត

អីវ៉ាន់​យួរ​ដៃ​ជា​ទូទៅ​មិន​ត្រូវ​លើ​ស​ពី​៧​គីឡូ​ក្រាម​នោះ​ទេ ហើយ​ក៏​ហាម​ឃាត់​មិន​ឱ្យ​ផ្ទុក​សារធាតុ​រាវដូច​ជា​ទឹក​អប់ ទឹក​បរិសុទ្ធ សារធាតុ​ឆេះ​ដូច​ជា​ឡេ ដែក​កេស និង​វត្ថុ​មុត​ស្រួច​ដូច​ជា​កន្ត្រៃ កាំបិត ឡាម​កោរពុក​មាត់​ និង​វត្ថុ​ដែល​អាច​បង្ករ​គ្រោះ​ថ្នាក់​ផ្សេង​ទៀតៗ។ បើ​មាន​នោះ​មន្ត្រី​ព្ររលាន​មាន​សិទ្ធិ​ចោល​ក្នុង​ធុង​សម្រាម។ ដោះ​គ្រឿង​ស្ពាន់​ចេញ​ពី​ខ្លួន​ដូច​ជា នាឡិកា ខ្សែក្រវ៉ាត់ អាវធំដាក់​លើ​កន្ត្រ​មួយ​ដោយ​លែក ស្បែក​ជើង​​នៅ​កន្ត្រក​មួយ​ដោយ​ឡែក ដើម្បី​ម៉ាស៊ីនស្វ័យ​ប្រវតិ្ត​ពិនិត្យ។ ហើយ​អ្នក​ខ្លួន​ឯង​ត្រូវ​ដើរ​កាត់​ម៉ាស៊ីន​ស្កែន​មួយ បើ​មាន​ករណី​ពុំ​ប្រក្រតី​ណា​មួយ មន្ត្រី​ព្រលាន​នឹង​ប្រើ​ដំបង​ពិនិត្យ​ខ្លួន​អ្នក​ម្ដង​ទៀត។ ក្នុងនោះដែរ ចំពោះ Power Bank Laptop ហាមដាក់ក្នុងវ៉ាលី គឺគេតម្រូវឲ្យដាក់ក្នុងឥវ៉ាន់យួរដៃ។

៨. Gate

ពេល​នោះ​អ្នក​នឹង​ឃើញ​ហាង​លក់​អីវ៉ាន់​ជា​ច្រើន​នៅ​ក្នុង​ព្រលាន បើ​សល់​ពេល​អ្នក​អាច​ទិញ​បាន​តាម​ចិត្ត​ចង់ បើ​មិន​សល់​ពេល​អ្នក​ត្រូវ​ប្រញាប់​ទៅ​Gateរបស់​អ្នក។ លេខGateគឺ​មាន​នៅ​ក្នុង Boarding Pass អ្នក​ត្រូវ​អង្គុយ​រង់ចាំ​ទីនោះ រហូត​ភ្នាក់​ងារ​ព្រលាន​អនុញ្ញាត​ឱ្យ​ចូល។ ប៉ុន្តែ​លិខិត​ឆ្លងដែន និង Boarding Pass មិន​អាច​ទុក​ឯណា​ឆ្ងាយ​ទេ ព្រោះ​មិន​ចូល​ Gate គេ​ឆែក​ម្ដង ពេល​ដល់​មាត់​ទ្វារ​យន្តហោះ គេ​ឆែក​ម្ដង​ទៀត ដើម្បី​ប្រាកដ​ថា អ្នក​មិន​ចូល​ច្រឡំ Gate ឬ​​ច្រឡំ​យន្តហោះ។

៩. កៅអីអង្គុយ

ពេល​ទៅ​ដល់​ក្នុង​យន្តហោះ មិន​បាច់​បារម្ភ​នោះ​ទេ អ្នក​បម្រើ​លើ​យន្តហោះ​ឬ Cabin Crew នឹង​ស្វែង​រក​កន្លែង​អង្គុយ​ឱ្យ​អ្នក​ទៅ​តាម​សំបុត្រ​យន្តហោះ។

១០. ស្ដាប់​បទបញ្ជា​លើ​យន្តហោះ

មុន​ពេល​ហោះ​ហើរ គេ​នឹង​ប្រកាស​ពី​បទបញ្ជា​និង​ប្រការ​រក្សា​សុវត្ថិភាព​លើ​យន្តហោះ និង​ដំណោះ​ស្រាយ​ពេល​មាន​អាសន្ន​។ ត្រង់​នេះ​អ្នក​គួរ​តែ​យកចិត្ត​ទុក​ដាក់​បន្តិច ព្រោះ​​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​និង​ទាំង​អស់​គ្នា និង​ស្វែង​រក​ផ្លូវ​ចេញ​ពេល​មាន​គ្រោះ​អាសន្ន​។ មុន​យន្តហោះ​មាន​លំនឹង អ្នក​ត្រូវ​ពាក់​ខ្សែក្រវាត់ ហើយ​អាច​ដោះ​ចេញ ឬ​ដើរ​ទៅ​បន្ទប់​ទឹក​បាន លុះ​ត្រា​ភ្លើង​សញ្ញា​ខ្សែក្រវ៉ាត់​ត្រូវ​បាន​បិទ (ជា​ទូទៅ​សញ្ញា​ខ្សែ​ក្រវ៉ាត់​នៅ​ខាង​លើ​កន្លែង​ដាក់​អីវ៉ាន់)។

១១. បែប​បទ​ចូល​ប្រទេស​ទី​២

បែប​បទ​សុំ​ចូល​ប្រទេស​ទី២ នឹង​ត្រូវ​បាន​ចែក​នៅ​លើ​យន្តហោះ ដូច្នេះ​អ្នក​អាច​បំពេញ​វា​ឱ្យ​ហើយ​ក៏បាន ឬ​ចាំ​ដល់​ព្រលាន​ប្រទេស​ទី​២ ចាំ​បំពេញ​ក៏​បាន។ ប៉ុន្តែ​ភាព​តឹង​តែង​អាស្រ័យ​លើ​ប្រទេស​នីមួយៗ ជួន​កាល​គេ​ទារ​ទាំង​ឈ្មោះ អាសយដ្ឋាន សណ្ឋាគារ លេខទូរសព្ទ​សណ្ឋាគារ និង​មូលហេតុដែលអ្នក​មក​ប្រទេស​របស់​គេ​ទៀត​ផង។

១២.​ វាយ​ត្រា​ចូល​ប្រទេស​ទី​ពីរ​សិន ទើប​អាច​​ទៅ​យក​វ៉ាលីសបាន។

១៣. ជា​ការ​ហោះ​ហើរ​លើក​ដំបូង ទោះ​ពូកែប៉ុនណា​ក៏​ជៀស​ពី​វង្វេង​មិន​រួច​ដែរ ដូច្នេះ​ដំណោះ​ស្រាយ​ដ៏​ល្អ​គឺ​ការ​មើល​ការ​ចង្អុល​បង្ហាញ​នានា​ដែល​មាន​នៅ​ក្នុង​ព្រលាន ព្រោះ​នៅ​ព្រលាន​យន្តហោះ​នីមួយៗ គេ​តែង​ដាក់​អក្សរ​បញ្ហាញ​ថា​ត្រូវ​ធ្វើ​អ្វី នៅ​កន្លែង​ណា។  

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់