• 2018-07-21 04:39:52
  • ការអប់រំ

ចូលដល់អាយុ១៨ឆ្នាំ គ្រវាត់ចោលរឿង៦យ៉ាងនេះភ្លាម បើមិនចង់វេទនាទៅថ្ងៃក្រោយ

  • 2018-07-21 04:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​តែង​ប្រាថ្នា​ចង់​មាន​អនាគត​ដ៏​ល្អ ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត ភាព​ជោគជ័យ​ ឫ​បរាជ័យ​គឺ​ស្ថិត​លើ​ខ្លួន​យើង​ទាំង​ស្រុង​ជា​អ្នក​គូសវាស។ ដូច​នេះ​ហើយ​ទាមទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដើរ​លើ​ផ្លូវ​ត្រូវ ចេះ​ចាប់​យក​អ្វី​ដែល​មាន​ប្រយោជន៍​ ដើម្បី​អនាគត​ដ៏​ល្អ។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​គួរ​តែ​បោះបង់​ចោល​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ឈាន​មក​ដល់​វ័យ​១៨ឆ្នាំ៖

១.ទម្លាប់​អាង​ឪពុក​ម្ដាយ

កំហុស​ធ្ងន់​បំផុត​របស់​យុវវ័យ​មួយ​ចំនួន​ គឺ​ទម្លាប់​អាង​លើ​ឪពុក​ម្ដាយ​។ ជាក់​ស្ដែង​ក្នុង​សង្គម​តែ​ម្ដង​ភាគ​ច្រើន​បុគ្គល​ដែល​ជោគជ័យ​គឺ​ កើត​ឡើង​តាម​រយៈ​ការ​បណ្ដុះ​ខ្លួន​ឯង​ឱ្យ​មាន​ឯករាជ្យ​ភាព។ ចំណុច​នេះ​មានន័យ​ថា​អ្នក​ខ្លះ​អាង​លើ​ឪពុកម្ដាយ​ជា​អ្នក​ធូរធារ មិន​ខិតខំ​រៀន ឬ​រៀន​ជំនាញ​អ្វី​មួយ​ឱ្យ​ច្បាស់លាស់​ទេ គិត​ថា​មិន​ចាំ​បាច់​ព្រោះ​មិន​ខំ​ក៏​មិន​អី​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ខ្លះ​ពេល​ឪពុកម្ដាយ​ចែក​ទ្រព្យ​ មាន​របរ​ឱ្យ​រកស៊ី​ហើយ​បែរ​ជា​មិន​ចេះ​ធ្វើ​ទៅ​វិញ​។ ដូចនេះ​ទោះ​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្តែ​គ្មាន​ចំណេះ​វិជ្ជា​ក៏​មិន​រីកចម្រើន​ដែរ​។

២.​មិន​ឱ្យ​តម្លៃ​ពេល​វេលា

ពេល​វេលា​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ អ្វីៗ​អាច​ទិញ​បាន​ប៉ុន្តែ​ពេល​វេលា​ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ទិញ​បាន​ដែរ​។ យុវវ័យ​មួយ​ចំនួន​ ច្រើន​ធ្វើ​រឿង​ដែល​មិន​សូវ​មាន​ប្រយោជន៍​ ចំណាយ​ពេល​វេលា​ចោល​ទទេ​ៗ ​អ្នក​ខ្លះ​ឃើញ​តែ​បង្ហោះ​ក្នុង​ហ្វេស​បុក​រឿង​សប្បាយ​ៗ​ជាមួយ​មិត្ត​ភក្ដិ ជាមួយ​ស្នេហា ​ព្យាយាម​ស្រាវជ្រាវ​រក​តែ​កន្លែង​កម្សាន្ត​ដើរ​លេង មិន​ស្រាវជ្រាវ​រក​ការងារ ឬ​កម្មវិធី​ល្អ​ៗ​ក្នុង​សង្គម​នោះ​ទេ​។ ដូច្នេះ​ហើយ​បាន​ជា​ យុវវ័យ​មួយ​ចំនួន​ពេល​រៀន​ចប់​ហើយ​ច្រើន​នៅ​ចាយ​លុយ​ឪពុក​ម្ដាយ ព្រោះ​ដាក់​ពាក្យ​ធ្វើ​ការ​មិន​ដែល​ជាប់​។

៣.មិត្ត​ភក្ដិ​រាប់​អាន​មិន​រើស​មុខតែ​មិន​បាន​ការ​ម្នាក់

​ការ​សេព​គប់​មិត្ត​ភក្ដិ​ក្នុង​វ័យ​នេះ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត កុំ​ព្យាយាម​សម្លឹង​​រក​តែ​អ្នក​ណា​សម្បូរ​លុយ ចូលចិត្ត​ដើរ​លេង​ពេក ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ទៅ​ថ្ងៃ​អនាគត​ទេ គឺ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ក្នុង​បច្ចុប្បន្ន​ប៉ុណ្ណោះ។

តែ​ផ្ទុយ​មក​វិញ​គួរ​បង្កើត​មិត្តភាព​ជាមួយ​បុគ្គល​ដែល​ផ្ដោត​សំខាន់​លើ​ការ​សិក្សា បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ បុគ្គល​ដែល​តែង​គិត​គូរ​ពី​អនាគត ព្រោះ​អ្នក​ទាំង​នោះ នឹង​នាំ​យើង​ដើរ​ទៅ​រក​ផ្លូវ​ល្អ និង​មាន​អនាគត​ល្អ។ បើ​មាន​មិត្ត​ភក្ដិ​ច្រើន តែ​សុទ្ធ​ជា​អ្នក​គិត​តែ​ពី​រឿង​សប្បាយ រឿង​ដើរ​លេង​ក៏​មិន​បាន​ផល​ប្រយោជន៍​អ្វី​ដែរ។

៤.​មាន​ទស្សនៈ​ត្រូវ​តែ​សប្បាយ

យុវវ័យ​មួយ​ចំនួន​ធំ​ច្រើន​និយាយ​ថា កុំ​ទៅ​ខ្វល់​ពេក​នៅ​ក្មេង​សោះ​គួរ​តែ​ធ្វើ​រឿង​សប្បាយ​ៗ​ទៅ​។ ដូចនេះ​មានន័យ​ថា យុវវ័យ​មិនមែន​សំដៅ​លើ​អត្ថន័យ​នេះ​ទេ យុវវ័យ​ជា​វ័យ​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ ចេះ​ផ្ដល់​តម្លៃ​ឱ្យ​ពេល​វេលា ប្រមូល​ផ្ដុំ​បទពិសោធន៍​ ការ​សិក្សា​ជាដើម​។ ក៏​ប៉ុន្តែ​មិនមែន​មិន​មាន​ការ​កម្សាន្ត​សុទ្ធ​នោះ​ទេ តែ​ត្រូវ​ឱ្យ​ការ​កម្សាន្ត​សប្បាយ​ត្រឹម​ ២០%​បាន​ហើយ កុំ​១០០%​ភាគរយ​ក្នុង​ភាព​ជា​យុវវ័យ​ជាមួយ​ការ​កម្សាន្ត​សប្បាយ​អី​។

៥.​មិន​ដឹង​ចំណុច​ខ្សោយ​របស់​ខ្លួន

ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ និង​ទទួល​បាន​ភាព​ជោគជ័យ​នោះ​គឺ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន។ ការ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​គឺ​ល្អ​ជាង​ការ​ដឹង​តែ​ពី​ចំណុច​ខ្លាំង ត្រូវ​រក​ឱ្យ​ឃើញ​ថា​មូលហេតុ​អ្វី​បាន​ជា​ធ្វើ​រឿង​នេះ​ក៏​បរាជ័យ ធ្វើ​រឿង​នោះ​ក៏​បរាជ័យ ដាក់​ពាក្យ​ធ្វើ​ការ​ក៏​មិន​ដែល​ជាប់​ ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​មិន​រក​មើល​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​។ ពេល​ដឹង​ថា​ចំណុច​ខ្សោយ​​ហើយ​ គឺ​ចាត់​ទុក​ជា​ចំណុច​ចាប់​ផ្ដើម​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ ព្រោះ​អាច​យក​ភាព​ខ្សោយ​របស់​ខ្លួន​ទៅ​បំពេញ និង​ពង្រឹង​ខ្លួន​ឯង​ឱ្យ​មាន​សមត្ថភាព​ ដើម្បី​ប្រកួត​ប្រជែង​ជា​បន្ត​ទៀត​។​

៦.មួយ​ថ្ងៃៗ​គិត​តែ​ពីរឿង​ស្នេហា​លឺ​សូរ​តែ​ខូចចិត្ត​ឥត​ល្ហែ

ស្នេហា​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀសផុត ព្រោះ​ជា​ច្បាប់​ធម្មជាតិ ហើយ​ក៏​មិន​អាច​និយាយ​ថា អ្នក​ដែល​មាន​ស្នេហា​ទាំង​វ័យ​ក្មេង​គឺ​ជា​រឿង​ខុស​ឆ្គង​ដែរ ព្រោះ​បើ​ជួប​មនុស្ស​ដែល​ស្រឡាញ់​ហើយ​ពិបាក​នឹង​ឃាត់​ឃាំង​បេះដូង​ណាស់។

ប៉ុន្តែ​អ្នក​ដែល​ចេះ​ប្រើ​ខ្សែ​ជីវិត​បាន​ត្រឹម​ត្រូវ គេ​នឹង​អាច​បែង​ចែក​ថា វ័យ​ណា​កំពុង​រៀន? វ័យ​ណា​កំពុង​ខំធ្វើ​ការ​រក​លុយ និង​វ័យ​ណា​ត្រូវ​គិត​ពី​រឿង​ស្នេហា? ដូច្នេះ​យក​ល្អ​កុំ​ប្រញាប់​យក​ជីវិត​ត្រូវ​ប្រឡូក​រឿង​ស្នេហា​ទាំង​វ័យ​ក្មេង​ឲ្យ​សោះ ទាំង​មិន​ទាន់​មាន​ភាព​ចាស់​ទុំ ទាំង​មិន​ទាន់​មាន​អ្វី​ក្នុង​ខ្លួន។ ស្នេហា​ក្នុង​ភាព​ជា​យុវវ័យ​ងាយ​បង្កើត តែ​ក៏​ងាយ​ងាយ​បញ្ចប់ ព្រោះ​អ្នក​ទាំង​ពីរ​បង្កើត​វា​ឡើង​ទៅ​តាម​អារម្មណ៍​បញ្ជា ហើយ​ចុង​ក្រោយ​គ្មាន​អ្វី​ក្រៅ​ពី​ឈឺ​ចាប់ ខូចចិត្ត​នោះ​ទេ។

បុគ្គល​ដែល​ជោគជ័យ​រឿង​ស្នេហា គឺ​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​រួចរាល់​នឹងទទួលយក​ស្នេហា អ្នក​ដែល​មាន​ភាព​ចាស់​ទុំ មាន​ការងារ​ច្បាស់លាស់​ប្រាក់​ខែ​ច្រើន និង​ស្វែង​រក​ដៃគូ​ជីវិត​សក្ដិសម​នឹង​ខ្លួន​ឯង​បំផុត៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់