• 2018-07-21 07:04:38
  • សេដ្ឋកិច្ច

ឡូយណាស់​! ABA ប្រចាំ​ស្រុក​ខ្មែរ ទើប​តែ​ហោះ​ទៅ​ទទួល​ពាន​នៅ​ហុងកុង​ក្ដៅៗ

  • 2018-07-21 07:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារ​ជាតិ​​កាណាដា ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​មួយ​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ទី​ក្រុង​ហុងកុង ត្បិត​ឆ្នាំ​នេះ​ខ្លួន​​បាន​ជាប់​ឈ្មោះ​ជា "ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា" ទៀត​ហើយ ពោល​គឺ​ជាប់​ជា​លើក​ទី៥ ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន ABA ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​ធនាគារ​ជយលាភី​ពី​តំ​បន់​អាស៊ី ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសា​ភោជនាហារ និង​រាត្រីសមោសរ​អបអរសាទរ​ពាន​រង្វាន់​ឧត្ដមភាព ប្រចាំ​ឆ្នាំ​របស់​ទស្សនា​វ​ដ្តី​​ Euromoney នៅ​ឯ​សណ្ឋាគារ JW Marriott ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី ១៨ ខែកក្កដា កន្លង​ទៅ​ថ្មីៗ​នេះ​។​

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA បាន​ថ្លែង​ថា​៖ "យើង​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ពានរ​ង្វាន់​ដ៏​ឧត្ដុង្គឧត្ដម​មួយ​នេះ ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​គេ​គោរ​ព​ទទួលស្គាល់​ជុំ​វិ​ញ​ពិ​ភព​លោក​។ ម្យ៉ាង​វិញ​ទៀត ​ការណ៍​ដែល​យើង​ទទួល​បាន​កិ​ត្តិ​នាម​ជា​ធនាគារ​ឆ្នើម​ជាងគេ​ដល់​ទៅ​​៥ឆ្នាំ​ជាប់ៗ​គ្នា​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​យើង​ពិតជា​នៅ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​ផ្តល់​ផលិតផល​ទំនើ​ប​ទាន់​ស​ម័​យ​ និង​ផ្តោត​លើ​ត​ម្រូ​វ​ការ​អតិ​ថិ​ជន​ជា​ធំ ជូន​ទៅដល់​ប្រជា​ពល​រដ្ឋ និង​អាជីវកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​បន្ត​ព​ង្រឹ​ង​បរិយាបន្នហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស"។

ដំណើរការ​ជ្រើសរើស​ធនាគារ​ឆ្នើម​ជាងគេ​ប្រចាំ​ប្រទេស​នីមួយៗ​របស់ Euromoney គឺ​ពឹងផ្អែក​លើ​ទិន្ន​ន័យ​បែប​បរិមាណ និង​គុណភាព​ដែល​ប្រមូល​បាន​ក្នុង​រយៈពេល ១២ ខែ​ចុងក្រោយ​នេះ​។ ទិន្ន​ន័យ​ទាំងនោះ​រួមមាន ព័ត៌មាន​ទាំងឡាយ​ដែល​ផ្តល់​ជូន​ដោយ​ធនាគារ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ទាំងអស់ ការ​ស្ទង់​មតិ​ពី​បណ្ដាញ​របស់ Euromoney និង​បទ​សម្ភាសន៍​ស៊ី​ជ​ម្រៅ​ជា​មួយ​អ្នក​វិភាគ​ឯករាជ្យ​នានា​ក្នុង​វិ​ស័​យ​ធនាគារ ​និង​ហិ​រញ្ញ​វត្ថុ​ពី​ប្រទេស​នោះ​។

លើស​ពី​នេះ​ ចំណុច​សំ​ខាន់ៗ​ដែល​ត្រូវ​បាន​ពិចារណា​ក្នុង​ការវាយតម្លៃ​នេះ​រួមមាន យុទ្ធសាស្ត្រ​ក្នុង​ការ​ព​ង្រឹ​ង​ការ​គ្រប់​គ្រង​ហា​និ​ភ័​យ​ និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត​របស់​ធនាគា​រ​ ការ​វិវឌ្ឍ​ទៅមុខ​នៃ​ផលិតផល​​ និង​យុទ្ធសាស្ត្រ​នៃ​សេវា​ធនាគារ​បែប​ឌីជីថល ការ​ព​ង្រី​ក​ភូមិសាស្ត្រនៃ​ប្រតិបត្តិការ​ការងារ​ គោល​ជំហរ​ និងឥ​ទ្ធ​ពល​របស់​ធនាគារ​ក្នុង​ទីផ្សារ ក៏ដូចជា​ស​មិទ្ធិ​ផល​ផ្នែក​ហិ​រញ្ញ​វត្ថុ​ក្នុង​ឆ្នាំ​ចុងក្រោយ​ដោយ​ធៀ​ប​នឹង​ឆ្នាំទៅ​ម៉ិ​ញផង​ដែរ។ ​

លោក Clive Horwood និពន្ធ​នាយក​ទស្សនា​វ​ដ្តី Euromoney ​​មាន​ប្រសាសន៍​ថា​ ABA នៅតែ​ជា​ធនាគារ​នាំ​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ទទួល​កំណើន​ប្រាក់​ចំ​ណេ​ញ​ដល់​ទៅ ៥៩% ក្នុង​ឆ្នាំ ២០១៧។ បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ដោយ​កើន​រហូតដល់ ៤៦.១៩ លាន​ដុល្លារ​អាមេរិក។ ទ្រព្យសកម្ម​កើន​បាន ៤៩% រហូតដល់ ១.៦៤ ពាន់​លាន​ដុល្លារ និង​អត្រា​នៃ​ល​ទ្ធភាព​ទទួល​បានប្រាក់​ចំ​ណេ​ញ​គឺ ២៨.១%។

ABA បន្ត​ជំរុញ​សេវា​​នានា​ឲ្យ​ទៅ​ជា​លក្ខណៈ​ឌីជីថល និង​មាន​ការ​ឆ្លើយតប​ខ្ពស់​ទៅ​ នឹង​ត​ម្រូ​វ​ការ​នៅ​កម្ពុជា ដោយ​បាន​ដាក់​ឲ្យ​ប្រើ​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ PayWay ក្នុង​អំឡុង​ពេល​វាយតម្លៃ​នេះ​។ ក្រៅ​ពី​នោះ​ធនាគារ​ដដែល បាន​អនុម័ត​កាត​ថ្មី ប្រភេទ VISA, Mastercard, និង UPI សរុប​ប្រមាណ​ជិត ១០ ម៉ឺន​កាត នៅ​ក្នុង​ឆ្នាំ ២០១៧ ហើយ​ថែមទាំង​បាន​ចុះ​កិច្ច​ព្រមព្រៀ​ង​ជា​ដៃគូ​រយៈពេល ១៥ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង Manulife ដើម្បី​ផ្តល់​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត​ដល់​អតិ​ថិ​ជន​ខ្លួន​ថែម​ទៀត។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ABA បាន​ទទួល​ពាន​រ​ង្វាន់​ធំៗ​ពី​គ្រឹះស្ថាន​បោះពុម្ព​ហិ​រញ្ញ​វត្ថុ​អន្តរជាតិ​ល្បីៗ​ជាច្រើន​។ ក្នុង​នោះ ទស្សនា​វ​ដ្តី The Banker បាន​ប្រសិទ្ធ​នាម ABA ជា “​ធនាគារ​ប្រចាំឆ្នាំ​” ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៤ និង ២០១៦ ខណៈ​ទស្សនា​វ​ដ្តី​​ Global Finance បាន​ទទួលស្គាល់ ABA ថា​ជា “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​” ក្នុង​រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា​គឺ ២០១៥, ២០១៦, ២០១៧ និង ២០១៨។ ពាន​រ​ង្វាន់ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ប្រចាំឆ្នាំ ២០១៨” ពី Euromoney នេះ គឺជា​ពា​នទី ៥ ពី​ទស្សនា​វ​ដ្តី​មួយ​នេះ ដោយ​បន្ថែម​ទៅលើ​បញ្ជី​សមិទ្ធផល​ដែល​បន្ត​កើន​ពី​ឆ្នាំ ២០១៤, ២០១៥ ២០១៦, និង ២០១៧៕

អត្ថបទ៖ សុខណា

មតិយោបល់