• 2018-07-23 03:36:41
  • ការអប់រំ

មកនៅភ្នំពេញចង់ជោគជ័យ ត្រូវចេះ៥ក្បាច់នេះ ដឹងតែអ្នកស្រុកសរសើរមិនដាច់ពីមាត់

  • 2018-07-23 03:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាកចេញ​ពី​ស្រុក​កំណើត​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីក្រុង គឺ​ប្រៀប​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ជីវិត​ដ៏​ធំ​មួយ។ ៤​ឆ្នាំ​ថ្នាក់​បរិញ្ញាបត្រ ជា​ពេល​វេលា​ដែល​ត្រូវ​រៀន​រស់ រៀន​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង មិន​មែន​បាន​នៅ​ជិត​ឪពុក​ម្ដាយ​ដូច​ពី​មុន​ទៀត​ទេ។ ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ ទើប​ឱ្យ​ជីវិត​រស់​នៅ​ទីក្រុង​ដ៏​ឆើតឆាយ​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជូន​ខ្លួន​ឯង និង​គ្រួសារ ហើយ​រឿង​អ្វី​ខ្លះ​ត្រូវ​តែ​ប្រយ័ត្ន​ជា​និច្ច ទើប​មិន​ធ្វើ​ឱ្យ​ជីវិត​បរាជ័យ? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​សាស្ត្រាចារ្យ ឈួន រដ្ឋា បង្រៀន​មុខ​វិជ្ជា សហគ្រិន​ភាព នៅ​សាកលវិទ្យាល័យ​ឯក​ជន​មួយ

១. ការ​សេពគប់​មិត្តភក្ដិ

ចំណុច​នេះ​កាន់​តែ​សំខាន់ មិត្ត​ភក្ដិ​រាប់​អាន​អំឡុង​ពេល​រៀន​នៅ​សាកលវិទ្យាល័យ​កាន់​តែ​ប្រុង​ប្រយ័ត្ន​ជាង​ពេល​រៀន​នៅ​វិទ្យាល័យ​ទៅ​ទៀត។ ការ​រៀន​បន្ត​ថ្នាក់​ឧត្ដម​សិក្សា ប្រៀប​ដូច​ជា​ជំហាន​មួយ​ឈាន​ទៅ​រក​អនាគត​ដ៏​ល្អ​នៅ​ថ្ងៃ​ខាង​មុខ។ ដូច្នេះ​ត្រូវ​សេពគប់​បុគ្គល​ណា​ជា​អ្នក​មាន​ក្រម​សីលធម៌ ចំណេះ​ដឹង ជា​អ្នក​មាន​ឧត្ដមគតិ​ខ្ពស់ ដែល​អាច​ផ្ដល់​នូវ​បទពិសោធន៍ ការ​ចែក​រំលែក​ព័ត៌មាន​ល្អៗ ហើយ​ក៏​ជា​ចំណែក​មួយ​ជួយ​ឱ្យ​យើង កាន់​តែ​សម្លឹង​ឃើញ​ពី​អនាគត​បាន​វែង​ឆ្ងាយ។

២. ការ​ប្រើប្រាស់​ពេល​វេលា

ការ​ប្រើប្រាស់​ពេល​វេលា​អំឡុង​ពេល​មក​នៅ​ភ្នំពេញ កាន់​តែ​សំខាន់​ទៀត។ ចំណុច​នេះ​មាន​ន័យ​ថា ភាព​ជោគជ័យ ឫ​បរាជ័យ​រយៈ​ពេល​៤​ឆ្នាំ​នៃ​ថ្នាក់​បរិញ្ញាបត្រ​ក៏​អាស្រ័យ​លើ​ការ​ប្រើប្រាស់​ពេល​វេលា​ឱ្យ​មាន​តម្លៃ ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ឱ្យ​បាន​ច្រើន។ ដូច្នេះ​ត្រូវ​បែង​ចែក​រវាង​ពេល​វេលា​ត្រូវ​សប្បាយ និង​ការ​សិក្សា​ឱ្យ​ដាច់​ស្រឡះ​ពី​គ្នា ត្រូវ​ធ្វើ​អ្វី​ដែល​គិត​ថា​មាន​ផល​ល្អ​ចំពោះ​ខ្លួន​ឯង​​កុំ​រៀន​និយាយ​ពាក្យ​ចាំ ព្រោះ​ពាក្យ​ចាំ​នេះ​ហើយ​នាំ​ឱ្យ​ខាត​ពេល​វេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​នោះ​រួម​មាន ការ​សិក្សា​ភាសា​បរទេស កុំ​ព្យូទ័រ វគ្គ​បណ្ដុះបណ្ដាល និង​ការ​ចាប់​ឱកាស​ការងារ​ផ្សេងៗ​ជា​ដើម។

៣. កុំ​ឱ្យ​ភ្លើតភ្លើន

មក​រស់​នៅ​ទីក្រុង​ដ៏​ឆើត​ឆាយ​ភ្លើង​ចម្រុះពណ៌ អាច​ធ្វើ​ឱ្យ​មាន​កូនចិត្ត​ចង់​ដឹង ចង់​ស្គាល់ ចង់​ផ្លាស់​ប្ដូរ​ជីវិត​ពី​អ្នក​ខេត្ត​មក​ជា​អ្នក​ទីក្រុង​បែប​ហ៊ឺហា។ ​ប្រសិន​បើ​មិន​ចេះ​ខាំ​មាត់​សង្កត់​ចិត្ត​ទេ អាច​ភ្លេច​ខ្លួន ភ្លេច​ការ​សិក្សា ភ្លេច​នឹក​គិត​ដល់​ឪពុក​ម្ដាយ នៅ​ឯ​ស្រុក​កំណើត។ ដូច្នេះ​ត្រូវ​នឹក​ក្នុង​ចិត្ត​ជា​និច្ច​ថា យើង​មក​នៅ​ភ្នំពេញ​នេះ គឺ​ដើម្បី​រៀន ដើម្បី​អនាគត ដើម្បី​គ្រួសារ ដើម្បី​ងើប​ផុត​ពី​ភាព​លំបាក កុំ​ព្រោះ​តែ​ភ្លេច​ខ្លួន​មួយ​ពេល អាច​នាំ​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។

៤. អភិវឌ្ឍ​ខ្លួន​

ភាព​ចុះ​ញ៉ម ភាព​ខ្លាច មិន​ហ៊ាន​ប្រថុយ តែង​គិត​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន ក៏​មិន​អាច​ឱ្យ​ជីវិត​ទទួល​បាន​ជោគជ័យ​ពេល​មក​រៀន​នៅ​ទីក្រុង​ដែរ។ ដូច្នេះ​ត្រូវ​រៀន​អភិវឌ្ឍ​សមត្ថភាព​ពី​មួយ​ជំហាន ទៅ​មួយ​ជំហាន ហ៊ាន​ប្រឡូក​ជាមួយ​មនុស្ស​ក្នុង​សង្គម ការ​ចាប់​ឱកាស​នានា​មិន​ថា ការងារ ឫ​ការ​ប្រកួត​ប្រជែង​សមត្ថភាព​នោះ​ទេ។ ប្រសិន​បើ​មិន​ហ៊ាន​ធ្វើ​រឿង​ទាំង​នេះ​ទេ ក៏​មិន​មាន​អ្វី​រីក​ចម្រើន​ដែរ។

៥. សម្លឹង​បាន​វែងឆ្ងាយ

មនុស្ស​ម្នាក់​ៗ​ចាំបាច់​ត្រូវ​មាន​មហិច្ឆតា​រៀង​ខ្លួន​ ទើប​មាន​ការ​រីក​ចម្រើន។ មិន​ខុស​អី​ពី​និស្សិត​ដែល​មក​រៀន​នៅ​ភ្នំពេញ ត្រូវ​ចេះ​សម្លឹង​ពី​អនាគត​បាន​វែង​ឆ្ងាយ ត្រូវ​កំណត់​ផ្លូវ​ដែល​ត្រូវ​ដើរ និង​គោលដៅ​ដែល​ចង់​ទៅ​ដល់ មិន​មែន​ឱ្យ​តែ​រៀន​ចប់​មាន​ការងារ​ធ្វើ​ហើយ​ គិត​ថា​ខ្លួន​ឯង​ជោគជ័យ​នោះ​ទេ។ ដូច្នេះ​ត្រូវ​រៀន​មាន​មហិច្ឆតា មាន​ក្ដី​ស្រមៃ តែ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ដែរ​ថា តើ​អ្វី​ដែល​បាន​កំណត់​នោះ ខ្លួន​ឯង​អាច​ដើរ​ដល់​ ឫ​ក៏​អត់ ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​ឫ​នៅ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​នោះ៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់